ទិដ្ឋភាព​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ នៅ​វត្ត​ឈើ​ទាល​ខ្ពស់ ក្នុង​ស្រុក​កៀនស្វាយ

ថ្ងៃ​សៅរ៍ ទី​៥ កញ្ញា​នេះ គឺ​ជា​ថ្ងៃ​កាន់​បិណ្ឌ​ទី​១ ដែល​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ជា​ពុទ្ធ​សាសនិក​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ដើម្បី​ជា​ការ​ឧទ្ទិស​ដល់​ព្រលឹង​បុព្វការី​ជន ជីដូន ជីតា និង​សាច់​ញាតិ​របស់​ខ្លួន​ដែល​បាន​ទទួល​មរណភាព​ទៅ​ហើយ​នោះ។

0:00 / 0:00

នា​ឱកាស​ថ្ងៃ​កាន់​បិណ្ឌ​ទី​១​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា​បាន​នាំ​គ្នា​យក​ចង្ហាន់​និង​គ្រឿង​បរិភោគ​ទៅ​ប្រគេន​ព្រះ​សង្ឃ​និង​ចាស់​ទុំ​ស្នាក់​នៅ​ក្នុង​វត្ត​ឈើទាលខ្ពស់ ហៅ​វត្ត​ក្តីតាកុយ ក្នុង​ឃុំ​វាលស្បូវ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។

ស្រ្តី​ឈ្មោះ អ៊ុន សាស់ ដែល​មក​ចូលរួម​កាន់​បិណ្ឌ​ថ្ងៃ​ដំបូង​នៅ​ក្នុង​វត្ត​នោះ មាន​ប្រសាសន៍​ថា គាត់​យក​ចង្ហាន់ បង្អែម​ផ្លែ​ឈើ​និង​គ្រឿ​ឧបភោគ​ដទៃ​ទៀត មក​ប្រគេន​ព្រះ​សង្ឃ​នៅ​ថ្ងៃ​កាន់​បិណ្ឌ​ទី​១​នេះ ដើម្បី​ឧទ្ទិស​កុសល​ដល់​បង​ប្អូន កូន​ចៅ ដែល​បាន​ស្លាប់​ក្នុង​របប ប៉ុល ពត និង​ស្លាប់​ពេល​ថ្មីៗ​នេះ សរុប​ជាង​១០​នាក់។ គាត់​បាន​បួងសួង​ឧទ្ទិស​សុំ​ឲ្យ​សាច់​ញាតិ​ទាំងអស់​របស់​គាត់​ចាប់​កំណើត​នៅ​ឋាន​សួគ៌។

ស្ត្រី​ឈ្មោះ អ៊ុន សាល់ បាន​ឲ្យ​ដឹង​ថា ៖ «នឹក​ដល់​គុណ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ និង​គុណ​មាតា​បិតា បិណ្ឌ​១​ហ្នឹង ក្រែង​អស់​លោក​រក​មិន​ឃើញ​កូន​ចៅ»

យុវជន​ឈ្មោះ ស៊ី ម៉ាច នៅ​ភូមិ​ក្តីតាកុយ ដែល​បាន​យក​បាយ​សម្ល​និង​បង្អែម​លើក​ជូន​ជីដូន​នៅ​ក្នុង​វត្ត​នោះ បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ទំនៀម​ទម្លាប់​ប្រពៃណី​អ្នក​កាន់​ព្រះពុទ្ធ​សាសសនា​ដែល​កូន​ចៅ​ត្រូវ​យក​ម្ហូប​អាហារ​ដែល​ចម្អិន​រួច​មួយ​ផ្នែក​សម្រាប់​លើក​ជូន​ឪពុក​ម្តាយ​និង​ជីដូន​ជីតា និង​មួយ​ផ្នែក​ទៀត​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ។

លោក ស៊ី ម៉ាច បាន​បញ្ជាក់​ថា ៖ «ទំនៀម​ទម្លាប់​នេះ​ដើម្បី​ឲ្យ​កូន​ចៅ​ជូន​បាយ​សម្ល​ជីដូន ជីតា ឪពុក ម្ដាយ ទៅ​វត្ត សម្រាប់​ឧទ្ទិស​កុសល​ដល់​ជីដូន ជីតា ដែល​បាន​ចែក​ឋាន​ទៅ»

ចំណែក​ស្ត្រី​វ័យ​ជាង​៧០​ឆ្នាំ ឈ្មោះ ម៉េន មាន​ប្រសាសន៍​ថា នៅ​ពេល​កូន​ចៅ​បាន​លើក​ជូន​ម្ហូប​អាហារ​មក​នោះ​គាត់​ត្រូវ​ឲ្យ​ពរ​ដល់​កូន​ចៅ​វិញ ៖ «ជូន​មក​ហើយ យក​ប្រគេន​លោក»

គណៈកម្មការ​វត្ត​ឈើទាលខ្ពស់ ឈ្មោះ អ៊ុង វន មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​បិណ្ឌ​ទី​១​នេះ អ្នក​មក​ចូលរួម​កាន់​បិណ្ឌ​មាន​ច្រើន​កុះករ​ដូច​រាល់​ឆ្នាំ ទោះ​បី​សេដ្ឋកិច្ច​តាម​គ្រួសារ​មាន​ការ​លំបាក​ខ្លះ ក៏​មនុស្ស​ម្នា​ខិតខំ​យក​ចង្ហាន់​មក​ប្រគេន​ព្រះ​សង្ឃ ព្រោះ​ជា​ជំនឿ​ចំពោះ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ដែល​គេ​ជឿ​ថា បាយ​សម្ល​នេះ​នឹង​បាន​ដល់​អ្នក​ស្លាប់​ទៅ​តាមរយៈ​ព្រះ​សង្ឃ​សូត្រ​ធម៌​និង​បង្សុកូល​បញ្ជូន​ទៅ​នោះ។

លោក​ថា ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​គឺ​នៅ​ម៉ោង​៤​ទៀប​ភ្លឺ ប្រជាជន​បាន​នាំ​គ្នា​ដើរ​បោះ​បាយ​បិណ្ឌ​ដែល​មាន​បាយ​ដំណើប​ពូត​លាយ​ល្ង សណ្តែក​លីង ជា​ដើម​នោះ បោះ​នៅ​ជុំវិញ​ព្រះវិហារ ក្រោម​ការ​សូត្រ​ធម៌​របស់​អាចារ្យ​ដើម្បី​ផ្តល់​អាហារ​ទាំង​នោះ​ឲ្យ​ពពួក​ប្រែត ដែល​គេ​ពោល​ថា មាន​បាប​ធ្ងន់ មិន​ទាន់​អាច​ចាប់​កំណើត​ថ្មី​ឬ​ខ្លាច​ពន្លឺ​ថ្ងៃ។

នៅ​តាម​ទី​វត្ត​អារាម​ដទៃ​ទៀត តាំង​ពី​ព្រលឹម​ដល់​ថ្ងៃ​ត្រង់​ក៏​មាន​ស្រ្តី​ចាស់​ក្មេង​ជា​ច្រើន​នាក់​ស្លៀក​សំពត់​ធ្វើ​អំពី​សូត្រ​យ៉ាង​ស្អាត​បាត ដែល​អ្នក​ខ្លះ​ពាក់​អាវ​ពណ៌​ស​និង​មាន​ពានា​ក្រមា​ផង។ រីឯ​បុរស​វិញ​ពាក់​អាវ​ស ស្លៀក​ខោ​ថ្នេរ​៥ បាន​យួរ​ស្រាក់ នំ​អន្សម ផ្លែ​ឈើ និង​ទឹក​សុទ្ធ ផ្កា​ឈូក និង​មិន​ភ្លេច​ទៀន​ធូប បាន​រាប់​បាត្រ​ដែល​រៀប​ត្រៀប​ត្រា​នៅ​ពី​មុខ​សាលា​ឆាន់។ មិន​តែ​ប៉ុណ្ណោះ​ពួក​គេ​ក៏​បាន​ផ្តល់​ថវិកា​ខ្លះ​ដល់​ជន​វ័យ​ចាស់​ស្នាក់​នៅ​ក្នុង​វត្ត និង​បាន​ដាក់​បច្ច័យ​សម្រាប់​ជួយ​កសាង​វត្ត​អារាម​នោះ​ផង៕