សាក្សី​ស្ត្រី​ទី​មួយ​ឆ្លើយ​បំភ្លឺ​ប្រឆាំង ឌុច នៅ​សាលាក្ដី​ខ្មែរ​ក្រហម

2009-07-09

កសិណ​សាក្សី​ជា​ស្រ្តី​លើក​ទី​មួយ ដែល​ជា​អតីត​អ្នក​ទោស បាន​ឡើង​បំភ្លឺ​អង្គ​ជំនុំ​ជម្រះ​សាលាក្តី​ខ្មែរ​ក្រហម ប្រឆាំង​នឹង​ជន​ជាប់​ចោទ ឌុច អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-​២១ ឬ​គុក​ទួលស្លែង។

Photo courtesy of ECCC

សាក្សី​ ជិន ម៉េត ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ២០០៩។

ស្ត្រី​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប គឺ​អ្នកស្រី ជិន ម៉េត អាយុ ៥១​ឆ្នាំ បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលាក្តី​ខ្មែរ​ក្រហម​ថា អ្នកស្រី​ជា​អតីត​អ្នក​ទោស​មន្ទីរ​សន្តិសុខ​ស-​២១ របស់​ខ្មែរ​ក្រហម រយៈ​ពេល ១៥​ថ្ងៃ។

អ្នកស្រី ជិន ម៉េត បាន​អះអាង​បែប​នេះ​ជាមួយ​នឹង​ការ​បង្ហាញ​រូប​ថត​របស់​អ្នកស្រី ដែល​បន្សល់​ទុក​នៅ​គុក​ទួលស្លែង​ផង​ដែរ ៖ «នេះ​រូប​ខ្ញុំ​នៅ​ជិត​បង រ៉ន។ បង រ៉ន គាត់​ជា​អ្នក​ដាំ​បាយ​នៅ​កង​ខ្ញុំ»

នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ ក្រៅ​ពី​ការ​បង្ហាញ​ភស្តុតាង​ខាង​លើ អ្នកស្រី ជិន ម៉េត ក៏​បាន​រៀបរាប់​ដោយ​ក្តី​ខ្សឹក​ខ្សួល​ផង​ដែរ​អំពី​ការ​ឈឺ​ចាប់​ពី​ការ​ធ្វើ​បាប​ផ្សេងៗ ក្នុង​ពេល​រស់​នៅ​ជា​អ្នក​ទោស​នៅ​ពេល​នោះ។ អ្នកស្រី​បញ្ជាក់​ទៀត​ថា ស្លាក​ស្នាម​ដែល​បណ្តាល​មក​ពី​ខ្នោះ​បាន​បន្សល់​នៅ​ជើង​របស់​អ្នកស្រី​រហូត​សព្វ​ថ្ងៃ។

អ្នកស្រី ជិន ម៉េត ថ្លែង​ដូច្នេះ​ថា ៖ «ខ្ញុំ​មាន​ស្លាក​ស្នាម​នេះ​គេ​ចង​ខ្សែ ជើង​មាន​ដំបៅ ហើយ​ក​ជើង​នេះ​ស្នាម​គេ​ចាប់ មិន​ដឹង​ចាប់​ម៉េច​ដាច់​ដំបៅ។ ពេល​ដែល​ខ្ញុំ​ទៅ​នៅ​កង ១៧​ហ្នឹង គេ​បាន​ឲ្យ​ថ្នាំ​ខ្ញុំ​លាប​ទៅ​ជា​ទៅ តែ​មាន​ស្លាក​ស្នាម​នៅ​ជាប់​ដល់​សព្វ​ថ្ងៃ​នេះ»

ក្នុង​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​ឲ្យ​ឡើង​ធ្វើ​សេចក្តី​សន្និដ្ឋាន​ឆ្លើយ​តប​នឹង​ការ​អះអាង​របស់​អ្នកស្រី ជិន ម៉េត និង​ឯកសារ​ប្រវត្តិ​រូប​របស់​មន្ទីរ​ស-​២១ ជន​ជាប់​ចោទ ឌុច ទទួល​ស្គាល់​ដូច្នេះ ៖ «រូប​ថត​នេះ​ពិត​ជា​រូប​ថត​ដែល​ចេញ​ពី​មន្ទីរ​ស-​២១ មជ្ឈមណ្ឌល​ព្រៃ​ស​ប្រាកដ។ ឯកសារ​នេះ ពិត​ជា​ឯកសារ​ដែល​ចេញ​ពី​មន្ទីរ​ស-​២១ មជ្ឈមណ្ឌល​ព្រៃ​ស។ ទម្រាំ​បែប​បទ​នេះ ជា​ទម្រង់​បែប​បទ​ដែល​មិត្ត ហ៊ុយ ធ្វើ​សម្រាប់​អ្នក​ដែល​ទៅ​នៅ​ក្នុង​មជ្ឈមណ្ឌល​ព្រៃ​ស​នេះ ទទួល​ការ​អប់រំ​សា​ថ្មី»

ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ប្រធាន​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​សួរ​បញ្ជាក់​ថា តើ​អ្នក​ស្រី ជិន ម៉េត ពិត​ជា​ជាប់​ឃុំ​ឃាំង​នៅ​មន្ទីរ​សន្តិសុខ ស-​២១ ឬ​ទេ? ជន​ជាប់​ចោទ ឌុច បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «ខ្ញុំ​ជឿ​ថា មិត្ត ជិន ម៉េត នេះ រង​ទុក្ខ​វេទនា​ដែល​គេ​ឃុំឃាំង​សួរ​ចម្លើយ នៅ​កង ៤៥០។ ខ្ញុំ​និយាយ​យ៉ាង​នេះ​មិន​មែន​ចង់​បដិសេធ​ឧក្រិដ្ឋកម្ម​ខ្លួន​ឯង​ទេ ក៏​ប៉ុន្តែ​ការ​បញ្ជូន​ទៅ​ស-​២១ ដែល​បញ្ជូន​ចូល​ទៅ​ដល់​មជ្ឈមណ្ឌល​គុក នៅ​ភ្នំពេញ​ហើយ អត់​ចេញ​ទេ​មិត្ត ម៉េត គឺ​មិត្ត​នៅ​ហ្នុង ខ្ញុំ​យក​ទៅ​ជើងឯក​ហើយ»

តាម​ឯកសារ​ប្រវត្តិរូប​របស់​មន្ទីរ​ស-​២១ និង​ការ​អះអាង​ពី​សាមី​ខ្លួន​អ្នកស្រី ជិន ម៉េត ជា​អតីត​យុទ្ធនារី​ម្នាក់​នៃ​កង​ទ័ព​ខ្មែរ​ក្រហម​ក្នុង​កង​ពល​លេខ ៤៥០ នៅ​មុន​ពេល​ចាប់​ខ្លួន។

អ្នកស្រី ជិន ម៉េត បាន​ថ្លែង​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលាក្តី​ខ្មែរ​ក្រហម​ថា ការ​ឈឺ​ចាប់​របស់​អ្នកស្រី​ៗ​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ។ អ្នកស្រី ជិន ម៉េត នឹង​ឡើង​បំភ្លឺ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា​នេះ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ