ខួប​១​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​លើ​ស្ពាន​កោះ​ពេជ្រ

ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១១ គឺ​ជា​ថ្ងៃ​ខួប​១​ឆ្នាំ​នៃ​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ។

0:00 / 0:00

សោកនាដកម្ម​លើ​ស្ពាន​កោះ​ពេជ្រ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៣៥៣​នាក់ និង​របួស ៣៩៣​នាក់ ក្នុង​ពេល​តែ​មួយ​ប្រិច​ភ្នែក​តែ​ប៉ុណ្ណោះ ដែល​ជា​រឿង​សែន​សោកស្ដាយ​ជាទី​បំផុត។

នៅ​ថ្ងៃ​នេះ​កាល​ពី​​​ឆ្នាំ​ទៅ​មិញ មនុស្ស​ម្នា​រាប់​លាន​នាក់​​ពី​ខេត្ត​ក្រុង​នានា បាន​នាំ​​គ្នា​សម្រុក​​មក​លេង​បុណ្យ​អុំ​ទូក​នៅ​តាម​មាត់​ទន្លេ​​នៅ​ទីក្រុង​ភ្នំពេញ យ៉ាង​សប្បាយ​រីករាយ។ មនុស្សម្នា​ច្រើន​ប្រមូល​ផ្ដុំ​គ្នា​កកកុញ​នៅ​តាម​មាត់​ទន្លេ​មើល​ពិធី​ប្រណាំង​ទូក​ង មើល​ការ​បាញ់​កាំជ្រួច ទស្សនា​ពិព័រណ៍​ទំនិញ​​ពាណិជ្ជកម្ម​ផ្សេងៗ​ និង​មើល​វង់​តន្ត្រី​ប្រគំ​​​កំដរ​កម្សាន្ត​តាម​សួន​ច្បារ​មាត់​ទន្លេ​ដូច​បុណ្យ​អុំ​ទូក​រាល់ៗ​ឆ្នាំ​ដែរ។

ក៏​ប៉ុន្តែ​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១០ ខុស​ឆ្នាំ​មុនៗ​ត្រង់​ថា មាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​មួយ​ទើប​សង់​​ហើយ​​នៅ​ជាប់​មាត់​ទន្លេ​ក្បែរ​កាស៊ីណូ​ណាហ្គា វើលដ៍ (Naga World) ដែល​គេ​ដាក់​ឈ្មោះ​​ថា «មជ្ឈមណ្ឌល​កោះ​ពេជ្រ»។ គឺ​ជា​កូន​កោះ​មួយ​​ដែល​អ្នក​​ទៅ​លេង​បុណ្យ​ចាប់​អារម្មណ៍​ ហើយ​ម្នាក់ៗ​ក៏​នាំ​គ្នា​ពពាក់ពពូន​ដើរ​ប្រជ្រៀត​​គ្នា​ឆ្លង​ស្ពាន​តូច​មួយ​ឈ្មោះ​ថា «ស្ពាន​ពេជ្រ» ​សំដៅ​ទៅ​លេង​ទីនោះ។ជា​ចៃដន្យ​ស្រាប់​តែ​មាន​រឿង​ហេតុ​មួយ​​កើត​ឡើង​ដ៏​សែន​​រន្ធត់​នៅ​លើ​ស្ពាន។ មនុស្ស​រាប់​រយ​នាក់​​​ស្ទះ​កក​កុញ​ជាប់​គាំង​នៅ​កណ្ដាល​ស្ពាន​ដូច​ស្និត​ចេក ពួក​គេ​ទៅ​មុខ​មិន​រួច​ទៅ​ក្រោយ​មិន​រួច​ ដោយសារ​តែ​អ្នក​​ដើរ​ឆ្លង​ស្ពាន​​បញ្ច្រាស​ទិស​គ្នា​ទៅ​មក ចេះ​តែ​រុល​ទៅ​មុខ​យក​តែ​ឈ្នះ​ចាញ់​រៀងៗ​ខ្លួន។

រំពេច​នោះ​ស្រាប់​តែ​​សំឡេង​​​​សើច​​សប្បាយ​ក្លាយ​ជា​​ទុក្ខ។ សម្រែក​ទ្រហោ​យំ ខ្លះ​ភ័យ​ស្លន់ស្លោ ខ្លះ​​ស្រែក​រក​ម៉ែ​ឪ​​ជួយ​ឮ​នៅ​លើ​ស្ពាន អ្នក​ខ្លះ​​ដែល​បាន​រើ​ខ្លួន​រួច​ពី​ស្លាប់​បាន​ពោល​​ទាំង​លួស​ព្រលឹង​ថា «រឿង​ដែល​មិន​ស្មាន​ថា​កើត​ឡើង វា​អាច​កើត​ឡើង​បាន​នៅ​ពេល​នេះ»។ គឺ​ជា​រឿង​គ្រោះ​អាសន្ន​មិន​​មាន​អ្នក​ណា​ជួយ​អ្នក​ណា​បាន។

លោក ផែ សុវណ្ណរិទ្ធ សាក្សី​ផ្ទាល់​ភ្នែក​រំលឹក​ថា លោក​នៅ​តែ​ស្រមៃ​ឃើញ​សោកនាដកម្ម​​ដែល​​មនុស្ស​ម្នាក់​ៗ​ប្រឹង​រើ​បម្រះ​ដោះ​ខ្លួន​ចេញ​មុន​នឹង​​ដាច់​ខ្យល់​ស្លាប់​គរ​លើ​គ្នា​យ៉ាង​​​​វេទនា​នោះ​៖ «ឃើញ​អ្នក​នៅ​ក្រោម​គេ​​រើ​ឈាម ខ្លះ​ហូរ​ឈាម​​ចេញ ឈាម​​តាម​មាត់ តាម​ច្រមុះ​ ហើយ​គាត់​​​ប្រឹង​រើ​ក្ដាប់​ដៃ ជា​ពិសេស​អ្នក​នៅ​ខាង​ក្រោម​ស្រទាប់​ទី​មួយ ស្រទាប់​ទី​ពីរ ​គឺ​ចេញ​ពពុះ​មាត់ ហើយ​ខ្ញុំ​បាន​ត្រឹម​តែ​មើល​ ខ្ញុំ​គាំង​មួយ​រំពេច ​កម្រើក​​ខ្លួន​អត់​រួច។ អ្នក​ខ្លះ​បើក​ភ្នែក​ធំៗ ហៀរ​ឈាម​តាម​ច្រមុះ​តាម​មាត់។ ចំនួន​ហ្នឹង​ដំបូង គំនរ​ហ្នឹង គឺ​កំពស់​ត្រឹម​ចង្កេះ​ទេ តែ​មាន​អ្នក​​​ខ្លះ​ស្ទុះ​ឡើង ប៉ុន្តែ​ពេល​ហ្នឹង​មាន​អ្នក​ក្រោម​ស្ទុះ​ឡើង​រំលង ហើយ​អ្នក​បន្ទាប់​ស្ទុះ​ឡើង ហើយ​អ្នក​បន្ទាប់​សម្រុក​រំលង គឺ​ស្ទុះ​រំលង​ ស្ទុះ​ឡើង​គរ​ទៅៗ អ៊ីចឹង​បាន​ធ្វើ​គំនរ​មនុស្ស​គរ​កាន់​តែ​ខ្ពស់ ហើយ​គាត់​ចេញ​អត់​រួច​ទេ»

ក្នុង​រយៈពេល​មិន​ដល់​ម៉ោង​ផង គឺ​ចាប់​ពី​ម៉ោង ៩​ជាង​ដល់​ម៉ោង ១០​យប់ គ្រោះថ្នាក់​នោះ​បណ្ដាល​ឲ្យ​មនុស្ស​ជាន់​គ្នា​ស្លាប់​​អស់​ជាង ៣៥០​នាក់ ​និង​របួស​ជិត ៤០០​នាក់ ដែល​ពេល​នោះ​​មិន​មាន​អ្នក​ណា​ជួយ​អ្នក​ណា​បាន។

លោក រស គង់ សាក្សី​ផ្ទាល់​ភ្នែក​​ម្នាក់​ទៀត រំលឹក​ថា មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​មួយ​ឆ្នាំ​​ហើយ តែ​លោក​នៅ​​តែ​នឹក​ឃើញ​រឿង​រន្ធត់​ដែល​មិន​គួរ​ឲ្យ​ជឿ​​នោះ​ហាក់​នៅ​ថ្មីៗ៖ «នៅ​ពេល​ហ្នឹង​ភាព​ចលាចល​កាន់​តែ​ខ្លាំង ស្រី​ខ្លះ​ចាប់​ផ្ដើម​​ស្លេក​ស្លាំង ភ្នែក​កាន់​តែ​ស្រឹម​ទៅ អ្នក​ដែល​កម្លាំង​ខ្សោយ អ្នក​ស្មារតី​ខ្សោយ ទន់​ទៅ​ម្ដង​បន្តិចៗ។ ខ្ញុំ​គិត​ថា វា​ខ្វះ​អុកស៊ីហ្សែន ដើម្បី​ដក​ដង្ហើម អ្នក​ដែល​មាន​កម្លាំង​ខ្លាំង​ចេះ​ប្រឹង​ទ្រោល ងើយ​ក​ឡើង​លើ​ដើម្បី​ដង​ដង្ហើម។ អ៊ីចឹង​ឲ្យ​កម្លាំង​ខ្សោយ​​ចាប់​ផ្ដើម​ធ្លាក់​​ទន់​បន្តិច​ម្ដង ហើយ​បាត់»

សាក្សី​បន្ទោស​ថា ក្នុង​ពេល​កើត​ហេតុ​នោះ មិន​មាន​​វត្តមាន​ប៉ូលិស​មក​ជួយ​ទេ។ មួយ​ស្របក់​ក្រោយ​មក ទើប​មាន​រថយន្ត​សង្គ្រោះ​​បន្ទាន់​បើក​ជ្រែក​ហ្វូង​មនុស្ស​នៅ​កកកុញ​តាម​ផ្លូវ​​មក​ដល់។ រថយន្ត​បាញ់​ទឹក​បាន​បាញ់​​ទឹក​ទៅលើ​គំនរ​មនុស្ស​លើ​ស្ពាន​ដែល​​ដេក​​ស្លាប់ និង​សន្លប់​រដូករណែល​បំណង​ជួយ​សង្គ្រោះ​ជីវិត​បន្ទាន់។ ជន​រងគ្រោះ​ខ្លះ​​ត្រូវ​បាន​គេ​សែង​ជញ្ជូន​ចេញ​​មក​ដាក់​​លើ​សួន​ច្បារ​ផ្ទាល់​ដី​ក្បែរ​ស្ពាន​​​​ដើម្បី​​សង្គ្រោះ នៅ​ពេល​​​ជន​រងគ្រោះ​​ខ្លះ​ទៀត​​ត្រូវ​​​ដឹក​ជញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​នានា​​នៅ​ក្បែរ​នោះ​យ៉ាង​តក់​ក្រហល់។

ដំណឹង​នេះ​បាន​ចាប់​ផ្ដើម​លេច​ឮ​ខ្ចរខ្ចាយ​នៅ​ទូទាំង​ប្រទេស ដល់​​អ្នក​សារព័ត៌មាន និង​ដល់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​កំពុង​លង់លក់​ក្នុង​ដំណេក ឲ្យ​ក្រោក​ឡើង​​ប្រញាប់​ប្រញាល់​ធ្វើ​សេចក្ដី​ថ្លែងការណ៍​កាន់​មរណទុក្ខ​ដល់​ជន​រងគ្រោះ​​ទាំង​កណ្ដាល​អធ្រាត្រ។

នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​មន្ទីរពេទ្យ​ផ្សេង​ទៀត សាកសព​ត្រូវ​បាន​គេ​ដាក់​តម្រៀប​គ្នា​ជា​ជួរៗ ​ដោយ​គ្រប​ក្រណាត់​ស ហើយ​គ្រួសារ​ដែល​បាត់​បង​ប្អូន​សាច់​ញាតិ បាន​ចាប់​ផ្ដើម​ស្វែង​រក​បង​ប្អូន​នៅ​មន្ទីរ​ពេទ្យ​ទាំង​យប់ ​ខ្លះ​ដើរ​បើក​មុខ​សព​ស្វែង​រក​​អ្នក​ដែល​បាត់​ខ្លួន លាយឡំ​សំឡេង​ទ្រហោ​យំ ដែល​បាត់​បង់​អ្នក​ដែល​ជា​ទី​ស្រឡាញ់។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ខុស​គ្នា។ ខ្លះ​ថា ដោយសារ​មនុស្ស​ដើរ​បញ្ច្រាស​ទិស​គ្នា​មិន​មាន​សីលធម៌​ចេះ​អនុគ្រោះ និង​គោរព​គ្នា ឬ​ដើរ​ឆ្លង​ស្ពាន​មិន​ប្រកាន់​ស្ដាំ។ សាក្សី​ខ្លះ​ថា ផ្អើល​ដោយសារ​ខ្លាច​ស្ពាន​បាក់ ខ្លះ​ថា ដោយសារ​ក្មេង​ស្ទាវ​ឈ្លោះ​វាយ​គ្នា ខ្លះ​ថា ភ័យ​ខ្លាច​ខ្សែ​ភ្លើង​ឆក់ ខ្លះ​ទៀត​អះអាង​ថា ដោយសារ​យុវជន​ខ្លះ​ឆ្លៀត​ឱកាស​កេង​ចំណេញ​ពេល​មនុស្ស​ចង្អៀត លួច​ស្ទាប​អង្អែល​ស្រី​ដែល​នាំ​ភ្លើង​ឲ្យ​បែក​រឿង​ឈ្លោះ​ប្រកែ​គ្នា។

ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បើក​ការ​ស៊ើប​អង្កេត​រក​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ដូច្នេះ ហើយ​បាន​ប្រកាស​ថា គ្រោះថ្នាក់​នោះ​បណ្ដាល​មក​ពី​មនុស្ស​ផ្អើល​ជាន់​គ្នា​ស្លាប់។

ទាក់​ទង​ទៅ​នឹង​មូលហេតុ​បណ្ដាល​ឲ្យ​មនុស្ស​ជាន់​គ្នា​ស្លាប់​នេះ គេ​សង្កេត​ឃើញ​មាន​ការ​ស្ដី​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​រាលដាល​ដល់​​រឿង​នយោបាយ​ទៀត​ផង។

មន្ត្រី​គណបក្ស សម រង្ស៊ី បាន​ទាម​ទារ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ និង​ចុះ​ចេញ​ពី​តំណែង ដោយ​ចោទ​មន្ត្រី​ដឹក​នាំ​រដ្ឋាភិបាល​ថា មិន​មាន​សមត្ថភាព​ចាត់​វិធានការ និង​មាន​អំពើ​ពុក​រលួយ​ក្នុង​ការ​រៀបចំ​ពិធី​បុណ្យ។

ស្រប​ពេល​ដែល​អ្នក​ជំនាញ​ជាតិ និង​អន្តរ​ជាតិ រៀបចំ​ពិធី​បុណ្យ​ធំ អះអាង​ស្រដៀង​គ្នា​នេះ​ថា រដ្ឋាភិបាល​មិន​បាន​នឹក​ដល់​វិធានការ​ដែល​គេ​ហៅ​ថា ផែនការ​មេ​ការពារ​គ្រោះ​មហន្តរាយ​មនុស្ស​ជាន់​គ្នា​ដែល​ហៅ​ថា (crowd crash ឬ Stamped)។

លោក អ៊ុក វណ្ណា បណ្ឌិត​សេដ្ឋកិច្ច​ទេសចរណ៍ រាជ​បណ្ឌិត​សភា​កម្ពុជា មាន​ប្រសាសន៍​ថា បើ​សិន​ជា​រដ្ឋាភិបាល​បាន​រៀបចំ​ផែនការ​មេ ការពារ​គ្រោះ​មហន្តរាយ​ជា​មុន គ្រោះ​ថ្នាក់​នេះ​បញ្ចៀស​បាន។

បច្ចុប្បន្ន​នេះ កោះ​ពេជ្រ​នៅ​តែ​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​មួយ​​ល្បី​ឈ្មោះ និង​ជា​ទី​កម្សាន្ត​យក​ខ្យល់​អាកាស​ទន្លេ​របស់​អ្នក​ភ្នំពេញ​ភាគ​ច្រើន​នៅ​ពេលនេះ។ មាន​ជន​រង​គ្រោះ​ដែល​រួច​ពី​ស្លាប់​ភាគ​ច្រើន​ស្អប់​ខ្ពើម​មិន​ចង់​ទៅ​ក្បែរ និង​​ខ្លះ​មិន​ហ៊ាន​ឆ្លង​ស្ពាន​ពេជ្រ​នេះ​ទេ ហើយ​ថែម​ទាំង​ដាក់​រហស្សនាម​ស្ពាន​ពេជ្រ​ថា «ស្ពាន​ពេជ្ឈឃាដ» ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ គ្រោះ​ថ្នាក់​​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ថា ជា​គ្រោះ​មហន្តរាយ​ទី​ពីរ​បន្ទាប់​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នោះ ​នៅ​មាន​ចម្ងល់​ខ្លះ​ចោទ​សួរ​ថា តើ​រដ្ឋាភិបាល​មាន​វិធានការ​ការពារ​គ្រោះ​​មហន្តរាយ​បែប​នេះ​កុំ​ឲ្យ​កើត​ឡើង​ទៀត​ឬ​ទេ? តើ​ព្រឹត្តិការណ៍​នេះ ​អាច​ធ្វើ​ឲ្យ​មនុស្ស​រាងចាល ឬ​ខ្លាច​រអា​​លែង​ហ៊ាន​ដើរ​លេង​បុណ្យ​អុំ​ទូក​ទៀត​ទេ នៅ​ពេល​បុណ្យ​អុំ​ទូក​ដែល​នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ​​ក្រោយ​នេះ?