ប្រភពបានឲ្យដឹងថា សន្លឹកឆ្នោតដែល គ.ជ.ប. មានគម្រោងយកទៅបំផ្លាញនោះ គឺជាឯកសារសន្លឹកឆ្នោតនៅសល់ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០០៣ កន្លងទៅ។
លោក ទេព នីថា អគ្គលេខាធិការរបស់ គ.ជ.ប. បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «មានទាំងសន្លឹកឆ្នោតនិងឯកសារទាក់ទងនឹងការបោះឆ្នោតក្នុងរង្វង់ពេលវេលាមួយច្បាស់លាស់ ហើយបើយើងគិតពីឆ្នាំ២០០៣ រហូតមកដល់ពេលនេះ គឺថា ពេលវេលា៥ឆ្នាំហើយ ៗ បើតាមច្បាប់កំណត់តែពីរឆ្នាំទេ។ យើងនឹងរៀបចំកម្មវិធីធ្វើការបំផ្លាញសន្លឹកឆ្នោតនោះក្នុងរង្វង់ឆ្នាំ២០០៩»។
មិនអាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយពីលោក ខៀវ កាញារីទ្ធ មន្រ្តីអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជាជុំវិញគម្រោងរបស់ គ.ជ.ប. ក្នុងការបំផ្លាញសន្លឹកឆ្នោតកាលពីខែកក្កដា ឆ្នាំ២០០៣ នៅឆ្នាំ២០០៩នោះ បានទេ នៅថៃ្ងសុក្រនេះ។
ប៉ុន្តែលោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសមរង្ស៊ី និងមន្រ្តីអ្នកនាំពាក្យនៃគណបក្សសមរង្ស៊ី បានមានប្រសាសន៍ប្រតិកម្មថា គេគួរតែរក្សាទុកឯកសារទាំងនោះ ៖ «យើងយល់ថា វាមិនទាន់អស់សុពលភាពទេ បើទោះបីជាយើងមានការបោះឆ្នោត នាឆ្នាំ២០០៨ បានចប់សព្វគ្រប់ហើយក៏ដោយ ក៏ឯកសារទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០០៣ ដែលមានការតវ៉ាយ៉ាងខ្លាំងក្លាពីគណបក្សប្រឆាំង...»។
សូមរំឭកថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជា កាលពីថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០០៣ មានគណបក្សចូលរួមប្រកួតប្រជែងចំនួន ២៣គណបក្ស ប៉ុន្តែ មានគណបក្សចំនួនបីតែប៉ុណ្ណោះ បានទទួលអាសនៈនៅក្នុងសភាជាតិ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៣អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២៦អាសនៈ និងគណបក្សសមរង្ស៊ី ទទួលបាន ២៤អាសនៈ ក្នុងចំណោមអាសនៈសរុបចំនួន ១២៣អាសនៈ។
ដោយទ្បែកការបោះឆ្នោតជាតិកាលពីថៃ្ងទី២៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៩០អាសនៈ គណបក្សសមរង្ស៊ី ទទួលបាន ២៦អាសនៈ គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ ទទួលបាន ២អាសនៈ រៀងៗខ្លួន។
មន្រ្តីរបស់ គ.ជ.ប. បានឲ្យដឹងថា សន្លឹកឆ្នោតកាលពីខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនោះ នឹងត្រូវបំផ្លាញចោលនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ៕
