គ្រឿងញៀនជាង២០០គីឡូក្រាមត្រូវបានដុតបំផ្លាញនៅថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ដោយក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការឃ្លាំមើលល្អិតល្អន់ពីសំណាក់មន្រ្តីរាជការ អង្គទូត អង្គការសង្គមស៊ីវិល សិស្ស និស្សិត និងប្រជាជនជាច្រើនរយនាក់ នៅទីធ្លាស្តាតអូឡាំពិក ។
អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក លួ រ៉ាមីន មានប្រសាសន៍ថា គ្រឿងញៀនសំយោគនិងសារធាតុគីមីផ្សំជាគ្រឿងញៀនជាង២០០គីឡូក្រាម ត្រូវបានតុលាការក្រុងភ្នំពេញប្រគល់ឲ្យក្រសួងមហាផ្ទៃដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្នាំ២០០៨ ដើម្បីជួយឲ្យយុវជននិងប្រទេសកម្ពុជា រួចផុតពីគ្រោះថ្នាក់នៃគ្រឿងញៀន ។
លោក លួ រ៉ាមីន បានមានប្រសាសន៍ថា ៖ «តាំងពីចុងឆ្នាំ២០០៧ និងដើមឆ្នាំ២០០៨ យើងបានកត់ត្រាឃើញថា អ្នកប្រើបំពានគ្រឿងញៀនហ្នឹងគឺមាន៥៧៩៧ តួលេខនេះគឺទាបជាងឆ្នាំ២០០៦ ដែលមាន៦៥០០» ។
យុវជនធ្លាប់ប្រើគ្រឿងញៀននៅសង្កាត់ស្រះចក ហើយកំពុងចៀសវាងពីគ្រឿងញៀនទៅរស់នៅក្នុងមណ្ឌលខ្មែរអភិវឌ្ឍន៍សេរីភាព បានឲ្យដឹងថា ៖ «យ៉ាម៉ាទឹកកកដុតជក់ មួយកញ្ចប់តូច៥ដុល្លារ ងាយរក ទិញនៅភ្នំពេញតែម្ដង ទិញដូចជានៅតាមប៊ូឌិញ ទួលគោក វិហារចាម សារាតោន បឹងកក់ ពេទ្យលោកសង្ឃ» ។
បុរសអាយុ២៤ឆ្នាំឲ្យដឹងថា ៥ឆ្នាំមកហើយមិត្តភក្តិនាំឲ្យប្រើគ្រឿងញៀនពីហិតកាវរហូតចាក់គ្រឿងញៀនទឹកកកតាមសរសៃដោយមិនខ្លាចឆ្លងមេរោគអេដស៍ ដោយសារគ្រឿងញៀនក្នុងទីក្រុងភ្នំពេញ ងាយរកទិញ ឬមេខ្លោងផ្តល់ឲ្យប្រើមិនគិតប្រាក់រហូតដល់ញៀន ៖ «ខ្ញុំប្រើប្រភេទយ៉ាម៉ាជក់ កាវក៏ខ្ញុំហិត ចាក់បាន៣ដង» ។
មេក្រុមនៃមណ្ឌលខ្មែរអភិវឌ្ឍន៍សេរីភាព លោក អ៊ិន សុគន្ធ ឲ្យដឹងថាការអប់រំជនស៊ាំភាពញៀនមានការលំបាកខ្លាំង ទម្រាំអ្នកញៀនអាចផ្តាច់ភាពញៀនបាន ។ លោកថាមណ្ឌលបានអប់រំអ្នកដែលញៀនជាង៨០នាក់មានអាយុក្រោម២៥ឆ្នាំ និងមានតិចតួចអាយុលើស២៥ឆ្នាំ ។
ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា គ្រឿងញៀនជាបញ្ហាសកល ។ គ្រឿងញៀនបានជះឥទ្ធិពលអវិជ្ជមានដល់បណ្តាប្រទេសទាំងអស់ក្នុងទ្រង់ទ្រាយនិងវិសាលភាពខុសៗគ្នាទៅតាមតំបន់និងប្រទេសនីមួយៗ ។ និន្នាការនៃការបំពានប្រើគ្រឿងញៀននៅក្នុងសកលលោកក្នុងចំណោមកុមារនិងយុវជន កំពុងប្រែប្រួលក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ។
លោកថាគ្រឿងញៀនប្រើច្រើនជាងគេនៅកម្ពុជាគឺមេតំហ្វេតាមីនឬថ្នាំឆ្កួតយ៉ាម៉ា យ៉ាបា ។ បញ្ហានេះបង្កឲ្យមានបទឧក្រិដ្ឋ អំពើហិង្សា ចោរកម្ម ព្រមទាំងបាត់បង់សណ្តាប់ធ្នាប់ សន្តិសុខសង្គម ។
លោកថាបញ្ហាចាក់គ្រឿងញៀនតាមសរសៃកំពុងពេញនិយមនៅក្នុងចំណោមយុវជន ។ បញ្ហានេះមានឥទ្ធិពលខ្លាំងក្លាក្នុងការចម្លងមេរោគនិងជំងឺអេដស៍ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប្រើម្ជុលរួមគ្នា ។ បទពិសោធន៍ក្នុងប្រទេសជាច្រើនក្នុងតំបន់និងក្នុងសកលលោកបញ្ជាក់ថា លទ្ធផលនៃការឆ្លងមេរោគអេដស៍ក្នុងចំណោមអ្នកចាក់គ្រឿងញៀន អាចមានរហូតដល់៥០%ឬលើសពីនោះក្នុងរយៈពេលតែ១ឆ្នាំប៉ុណ្ណោះ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មនុស្ស៥នាក់ស្លាប់ដោយសារការផ្ទុះមីននៅខែត្រឧត្ដរមានជ័យ
សកម្មភាពកាប់ព្រៃឈើខុសច្បាប់បន្តកើតមាននៅស្រុកបរកែវ ខែត្ររតនគិរី
ទាហាននៅស្រុកកោះសូទិន ខែត្រកំពង់ចាម ចោទថាមេកាត់ប្រាក់ខែ
មន្រ្តីក្រសួងកសិកម្មជាង១០០នាក់តវ៉ាពីការលក់ដីនៅសង្កាត់ស្ទឹងមានជ័យ
នៅក្រចេះ កម្មករប្រមាណ៣០នាក់នាំគ្នាតវ៉ាទាមទារឲ្យក្រុមហ៊ុនចិនសងប្រាក់ឈ្នួលការងារ
អង្គការមួយគ្រោងចែកសៀវភៅច្បាប់ចរាចរណ៍ដល់អ្នកបើកបរក្នុងក្រុងភ្នំពេញ
កម្ពុជាគ្រោងនឹងផ្លាស់ប្ដូរឯកអគ្គរាជទូតចំនួន៧រូប
លទ្ធផលជំរឿនបង្ហាញថា កម្ពុជាមានបច្ចុប្បន្នមានប្រជាជន ជាង១៣លាននាក់