មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​២០​ចូល​ជួប​លោក សុរិយា ស៊ូប៊ែឌី

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស និង​ផ្នែក​អភិវឌ្ឍន៍​ប្រមាណ​២០ បាន​ចូល​ជួប​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ក្នុង​ឱកាស​លោក​មក​បំពេញ​ទស្សនកិច្ច​ជា​លើក​ទី​៥​នេះ។

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​បើក​កិច្ច​ជំនួប​ជាមួយ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មុន​គេ​បង្អស់ ជា​ថ្ងៃ​ទី​១ នៃ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា រយៈពេល ៥​ថ្ងៃ មុន​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​បណ្ដា​ស្ថាប័ន​សំខាន់ៗ​ក្នុង​ប្រទេស​កម្ពុជា។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​បាន​ចូល​ជួប​លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣០ ឧសភា នៅ​ឯ​ស្នាក់ការ​របស់​លោក។ ក្នុង​ជំនួប​នោះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល បាន​លើក​នូវ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ដូចជា​ស្ថានភាព​សិទ្ធិ​មនុស្ស ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ករណី​រំលោភ​ដីធ្លី និង​ពិចារណា​ពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ និង​សមាគម​ជាដើម។

លោក ធន សារាយ ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ហៅ​ថា អាដហុក (Adhoc) មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​អ្វី​ដែល​សង្គម​ស៊ីវិល​លើក​ឡើង​ជា​បញ្ហា​ដដែល​ក៏ដោយ ប៉ុន្តែ​លោក​សង្ឃឹម​ថា វត្តមាន​របស់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ។

លោក​បន្ត​ថា ៖ «បាទ! វត្តមាន​របស់​គាត់​អាច​ជួយ​ដែរ ជួយ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់ អ្វី​ជា​បញ្ហា​របស់​សង្គម​ស៊ីវិល​ដែល​លើក​ឡើង អាច​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​គាត់​មាន​ការ​ចាប់​អារម្មណ៍ ព្រោះ​ថា អ្នក​រាយការណ៍​ពិសេស​គាត់​មក​ម្ដងៗ វា​ជា​ការ​ចាប់​អារម្មណ៍ ទោះ​បី​វា​មិន​បាន ១០០% ក៏​វា​អាច​ជា​ការ​យក​ចិត្ត​ទុក​ដាក់ គិតគូរ​ក្នុង​ការ​ដោះស្រាយ​ដែរ»។

ចំណែក​មន្ត្រី​អង្គការ​លីកាដូ ដែល​ធ្វើការ​លើក​ស្ទួយ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​បាន​ចូល​ជួប​ពិភាក្សា​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នេះ​ដែរ។

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ បាន​ថ្លែង​ថា អង្គការ​លីកាដូ បាន​លើក​យក​បញ្ហា​ធំ​ចំនួន​២ ដែល​ជា​បញ្ហា​សំខាន់ និង​អាទិភាព គឺ​បញ្ហា​ទំនាស់​ដីធ្លី​ដែល​កំពុង​កើត​មាន​ដ៏​ក្ដៅ​ក គុក និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ និង​សមាគម ដែល​សង្គម​ស៊ីវិល​យល់​ថា ជា​ការ​រឹត​បន្តឹង​សេរីភាព​របស់​អង្គការ​ទៅ​វិញ។ លោកស្រី​យល់​ថា ប្រទេស​កម្ពុជា នៅ​ត្រូវការ​ឲ្យ​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ឡើយ។

លោកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «យើង​ចង់​ឃើញ​ច្បាប់​ដែល​រដ្ឋាភិបាល​កំពុង​ព្រាង​ហ្នឹង កុំ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ការងារ​របស់​សង្គម​ស៊ីវិល ផ្ទុយ​ទៅ​វិញ​ខ្ញុំ​ចង់​ឃើញ​ច្បាប់​មួយ​ជួយ​សង្គម​ស៊ីវិល​ទៅ​វិញ ឲ្យ​សង្គម​ស៊ីវិល​មាន​ពេល​មក​ធ្វើការ​បម្រើ​ប្រទេស​ជាតិ ជា​ជាង​ងាក​សាំញ៉ាំ គ្រាន់​តែ​ចុះ​ឈ្មោះ​ក៏​ពិបាក ធ្វើ​នេះ​ក៏​ពិបាក ធ្វើ​នោះ​ក៏​ពិបាក។ អ៊ីចឹង​យើង​ក៏​ត្រូវតែ​ចូល​រួម​ធ្វើការ​ជាមួយ​លោក ផ្ដល់​អនុសាសន៍​ទៅ​លោក លោក​នឹង​នាំ​ពាក្យ​ហ្នឹង​ទៅ​ចរចា​ជាមួយ​រដ្ឋាភិបាល ហើយ​ជាមួយ​សហគមន៍​អន្តរជាតិ ជាមួយ​ម្ចាស់​ជំនួយ ជាមួយ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផ្សេងៗ​ទៀត»។

លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ឧសភា ថា លោក​បាន​ទទួល​យក​នូវ​បញ្ហា​ធំៗ​មួយ​ចំនួន​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល។ លោក​ថា ទស្សនកិច្ច​លើក​នេះ​គឺ​ជា​ការ​បន្ត​បេសកកម្ម​ពី​ទស្សនកិច្ច​កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ។

លោក​មាន​ប្រសាសន៍​បន្ត ៖ "លើក​នេះ​ខ្ញុំ​នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ថ្មី​ទៀត ដែល​ខ្ញុំ​មិន​បាន​ជួប​កាល​ពី​ទស្សនកិច្ច​លើក​មុន និង​តំណាងរាស្ត្រ​ពី​គណបក្ស​ផ្សេងៗ​គ្នា និង​មនុស្ស​នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​ទៀត ដើម្បី​ឱ្យ​ខ្ញុំ​យល់​កាន់​តែ​ទូលំទូលាយ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​នេះ​សម្រាប់​នាំ​យក​ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ​អំពី​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​នេះ"។

លោក សុរិយា ស៊ូប៊ែឌី អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ដល់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១១។

លោក ស៊ូប៊ែឌី មក​កាន់​កម្ពុជា ក៏​មាន​គម្រោង​សិក្សា​លើ​ការងារ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា ដើម្បី​ស្វែង​រក​មធ្យោបាយ​ពង្រឹង​តួនាទី​លើក​ស្ទួយ និង​ការពារ​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ការ​រីក​ចម្រើន​នៃ​វិស័យ​សិទ្ធិ​មនុស្ស​បច្ចុប្បន្ន និង​បន្ត​តាមដាន​លើ​ការ​អនុវត្ត អនុសាសន៍​ដែល​លោក​បាន​ផ្ដល់​ជូន​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១០ ស្ដីពី​ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត​ផង​ដែរ៕