មន្រ្តីអ្នកនាំពាក្យក្រសួងមហាផ្ទៃប្រទេសកម្ពុជា លោក ខៀវ សុភ័គ បានបង្ហើបឲ្យវិទ្យុអាស៊ីសេរីដឹងនៅព្រឹកថ្ងៃសៅរិ៍ ទី១៩ ធ្នូ ថា បច្ចុប្បន្នក្រុមជនភៀសខ្លួនជនជាតិអ៊ុយហ្គរ៍ចំនួន ២០នាក់ មិនទាន់បានបញ្ជូនចេញពីប្រទេសកម្ពុជានៅឡើយទេ ហើយកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ ចំណែកជនជាតិអ៊ុយហ្គរ៍ចំនួន ២រូបផ្សេងទៀតកំពុងបាត់ខ្លួន ហើយសមត្ថកិច្ចកំពុងតែតាមរកចាប់ខ្លួនមកវិញ។
លោក ខៀវ សុភ័គ បានបញ្ជាក់ថា ៖ «...២នាក់ទៀតរត់បាត់តាំងពីនៅជាមួយ UN យើងកំពុងរកទៀត!»។
តែទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ទេថា ជនភៀសខ្លួនជនជាតិអ៊ុយហ្គរ៍ចំនួន ២០នាក់នោះនឹងត្រូវបញ្ជូនទៅឲ្យប្រទេសចិនវិញនៅពេលណាឲ្យបា្រកដនោះទេ ប៉ុន្តែលោកបញ្ជាក់ថា សេចក្តីប្រកាសបណ្តេញចេញជនជាតិអ៊ុយហ្គរ៍ចំនួន ២០នាក់នោះ មានរយៈពេលមួយសប្តាហ៍ គឺគិតចាប់ពីថ្ងៃសុក្រ ទី១៨ ធ្នូ ឆ្នាំ២០០៩នេះ។
លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ៖ «ប្រកាសត្រូវបណ្ដេញចេញ យោងតាមច្បាប់អន្តោប្រវេសន៍ បណ្ដេញជនបរទេសប្រមាណ ២០នាក់ចេញ»។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការលីកាដូ លោក អំ សំអាត ដែលកំពុងតាមដានរឿងនេះ បានឲ្យដឹងដែរថា ជនជាតិអ៊ុយហ្គរ៍ចំនួន ២០នាក់មិនទាន់បានបញ្ជូនចេញពីប្រទេសកម្ពុជានៅឡើយទេមកដល់ពេលនេះ ដោយលោកកំពុងមានក្តីព្រួយបារម្ភខ្លាចពួកគេមានវាសនាមិនល្អ នៅពេលដែលបញ្ជូនទៅប្រទេសចិនវិញនោះ។
លោក អំ សំអាត បានឲ្យដឹងថា ៖ «នៅល្ងាចម្សិលមិញត្រូវបានគេនាំទៅស្នងការនគរបាលជាតិដើម្បីសួរនាំ ហើយមកទល់នឹងពេលនេះ គឺយើងគ្រាន់តែទទួលព័ត៌មានថា អ្នកទាំងអស់នោះនៅក្នុងអគ្គស្នងការនគរបាលជាតិ ស្ថិតក្នុងការសួរនាំនៅឡើយ»។
បើតាមលោក គុយ គួង មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសនៅប្រទេសកម្ពុជា បានឲ្យដឹងថា ក្រុមជនភៀសខ្លួនជនជាតិអ៊ុយហ្គរ៍នេះ រដ្ឋាភិបាលកំពុងរៀបចំបញ្ជូនចេញឆាប់ៗនេះហើយ ដោយហេតុថា ពួកគេបានឆ្លងដែនខុសច្បាប់។
លោក គុយ គួង បានអះអាងថា ៖ «រដ្ឋាភិបាលកម្ពុជាតាមរយៈអាជ្ញាធរពាក់ព័ន្ធនឹងអនុវត្តតាមច្បាប់អន្តោប្រវេសន៍កម្ពុជា ឆ្នាំ១៩៩៤ ដោយតម្រូវឲ្យបញ្ជូនចេញរាល់អន្តោប្រវេសន៍ខុសច្បាប់ទាំងឡាយដែលនៅកម្ពុជា។ កម្ពុជាកំពុងអនុវត្តច្បាប់អន្តោប្រវេសន៍របស់ខ្លួន»។
មន្រ្តីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ចន ចនសុន (John Johnson) សម្ដែងការសោកស្តាយចំពោះរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបញ្ជូនជនជាតិអ៊ុយហ្គរ៍ឲ្យត្រឡប់ទៅវិញ ដោយមិនទាន់បានធ្វើការសិក្សាស្រាវជ្រាវឲ្យបានលម្អិតនោះឡើយ។
លោក ចន ចនសុន បានមានប្រសាសន៍ថា ៖ "...គោលការណ៍ទូទៅសហរដ្ឋអាមេរិកទទូចឲ្យប្រទេសហត្ថលេខីនៃសន្ធិសញ្ញាការពារជនភៀសខ្លួន ឲ្យអនុលោមទៅតាមសន្ធិសញ្ញាអន្តរជាតិនេះ។ យើងបង្ហាញការព្រួយបារម្ភរបស់យើងយ៉ាងច្បាស់ដល់រដ្ឋាភិបាលកម្ពុជា ហើយបានគូសបញ្ជាក់យ៉ាងច្បាស់ផងដែរអំពីសារសំខាន់នៃការគោរពនូវកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រទេសហត្ថលេខីនៃច្បាប់អន្តរជាតិនេះ..."។
គម្រោងរបស់រដ្ឋាភិបាលខ្មែរក្នុងការបញ្ជូនជនភៀសខ្លួនអ៊ុយហ្គរ៍ត្រឡប់ទៅប្រទេសចិនវិញនេះ ធ្វើឡើងស្របពេលគ្នាដែលអនុប្រធានរដ្ឋ និងជាសមាជិកអគ្គលេខាធិការបក្សកុម្មុយនីស្តចិន លោក ស៊ី ជិងភីង (Xi Jing Ping) គ្រោងនឹងមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូនេះ៕
