ប្រជាពលរដ្ឋកម្ពុជា ចំនួន ២.៥០០នាក់បានស្លាប់ ដោយសារជំងឺអេដស៍នៅក្នុងឆ្នាំ២០១១ នេះ។ ការសន្និដ្ឋានរបស់ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺនេះនឹងអាចថយចុះមកត្រឹម ២.៣០០នាក់ នៅឆ្នាំ២០១២ ខាងមុខនេះ។
អនុប្រធាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោក ទា ផល្លា នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា បានឲ្យដឹងថា កម្ពុជាកំពុងតែមានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ អត្រាទូទៅនៃអ្នកឆ្លងជំងឺអេដស៍នៃមនុស្សពេញវ័យដែលមានអាយុពី ១៥ ទៅ ៤៩ឆ្នាំ បានធ្លាក់ចុះចំនួន ០.៨% កាលពីឆ្នាំ២០១០ ពី ២.៥% កាលពីឆ្នាំ១៩៩៨។ ប៉ុន្តែអ្នកឆ្លងជំងឺនេះ និងការប្រកាន់រើសអើងនឹងអ្នកកើតជំងឺនេះ នៅតែបន្តកើតមាន។ លោកបញ្ជាក់ថា ក្នុងមួយឆ្នាំៗអ្នកឆ្លងជំងឺនេះមានជាង ១ពាន់នាក់។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានឲ្យដឹងតាមរយៈទីភ្នាក់ងារសារព័ត៌មាន ស៊ិនហួ (Xinhau) នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ថា អត្រានៃការធ្លាក់ចុះនូវការឆ្លងរាលដាលនៃជំងឺអេដស៍នេះ គឺដោយសារការកើនឡើងនៃការប្រើប្រាស់ស្រោមអនាម័យបានជាប់លាប់។
នាយកប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី រស់ សុភាព មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៩ ខែវិច្ឆិកា ថា សូម្បីតែស្រីដែលរកស៊ីផ្លូវភេទតាមចិញ្ចើមថ្នល់ ក៏មានការយល់ដឹង និងមានការកើនឡើងក្នុងការប្រើប្រាស់ស្រោមអនាម័យដែរ៖ «ការឆ្លងពីប្ដីទៅប្រពន្ធដែលជាមេផ្ទះហ្នឹង ចំនួនស្ត្រីដែលជាមេផ្ទះដែលកើនឡើងជំងឺអេដស៍ហ្នឹង ឆ្លងជំងឺអេដស៍ហ្នឹង គឺកើនឡើងច្រើនជាងស្ត្រីដែលរកស៊ីផ្លូវភេទ ដែលយើងគួរព្រួយបារម្ភនៅកម្ពុជា ដោយសារថាស្ត្រីជាមេផ្ទះហ្នឹង គាត់អត់បានគិតថា គាត់មានដៃគូច្រើនទេ គឺគាត់គិតថា គាត់មានដៃគូតែជាមួយប្រពន្ធ ហើយនៅកម្ពុជា ប្រសិនបើប្រពន្ធទាមទារឲ្យប្រើស្រោមអនាម័យធ្វើឲ្យប្ដីខឹង ហើយប្ដីហ្នឹងមានការសង្ស័យទៅលើប្រពន្ធខ្លួនទៅវិញ។ អាហ្នឹងគេហៅថា ការរើសអើងភេទហ្នឹង»។
ការស្រាវជ្រាវក៏បានឲ្យដឹងដែរថា បុរសជាភ្ញៀវដែលទៅកម្សាន្តផ្លូវភេទ រួមទាំងស្ត្រីរួមភេទជាមួយសង្សារ ក៏មានការកើនឡើងក្នុងការប្រើប្រាស់ស្រោមអនាម័យដែរ។
អ្នកប្រើប្រាស់ស្រោមអនាម័យនៅក្នុងកន្លែងរកស៊ីផ្លូវភេទ បានកើនឡើងដល់ទៅចំនួន ៨៥% ក្នុងឆ្នាំ២០០៨ និងឡើងដល់ចំនួន ៩៦% ក្នុងឆ្នាំ២០១១នេះ ហើយភាគរយនៃអ្នកមានដៃគូជាសង្សារដែលប្រើប្រាស់ស្រោមអនាម័យគឺកើនពី ៥៨% ក្នុងឆ្នាំ២០០៨ និង ៦០% ក្នុងឆ្នាំ២០១១។
ប្រទេសកម្ពុជា បច្ចុប្បន្នមានអ្នកផ្ទុកមេរោគអេដស៍សរុបទាំងអស់ចំនួន ៦.៧ពាន់នាក់ ក្នុងនោះក៏មានកុមាររាប់ពាន់នាក់ដែលមានផ្ទុកមេរោគអេដស៍នោះដែរ។
ជំងឺអេដស៍បានចាប់ផ្ដើមកើតមាននៅក្នុងប្រទេសកម្ពុជា ដំបូងគេនៅឆ្នាំ១៩៩៣។
កម្ពុជាត្រូវការថវិកាចំនួន ៥៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ ទោះបីជាយ៉ាងនេះក្តី លោក ទា ផល្លា អនុប្រធាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បានឲ្យដឹងថា កម្ពុជាខ្វះថវិកាសម្រាប់ទប់ទល់នឹងជំងឺអេដស៍៕
ពលរដ្ឋនៅកំពង់ស្ពឺបារម្ភពីជំងឺឆ្លងរាតត្បាត
ថ្នាំបង្ការមេរោគអេដស៍នឹងចេញលក់ក្នុងពេលឆាប់ៗ
សហគមន៍ផ្ទះបណ្ដែតទឹកនៅជុំវិញបឹងទន្លេសាបប្រឈមបញ្ហាខ្វះទឹកស្អាត
ជំងឺចម្លែកនៅតាកែវ គ្រូពេទ្យប៉ាន់ស្មានជាជំងឺ ឈីគុនហ្គុនយ៉ា
អ្នកភូមិនៅតាកែវកើតជំងឺរាតត្បាត
ក្រសួងសុខាភិបាលធ្វើយុទ្ធនាការប្រឆាំងជំងឺគ្រុនឈាម
ពលរដ្ឋនៅរតនគិរីជាង៤ពាន់គ្រួសារមិនបានទទួលមុងសុវត្ថិភាព
មន្ត្រីសុខាភិបាល៖ ជំងឺគ្រុនឈាមស្ថិតក្នុងកម្រិតប្រកាសអាសន្ន
មតិ
Click here to add your own comment