ប៉េអឹម​ខេត្ត​កំពង់ធំ​៣​រូប​រង​ការចោទ​ថា​គំរាម​ប្រជា​សហគមន៍

មន្ត្រី​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​កំពង់ធំ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ធំ​ចំនួន​បី​រូប​បាន​ធ្វើការ​គំរាម​កំហែង​មក​លើ​ប្រជា​សហគមន៍​នៅ​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ ដោយសារតែ​រឿង​ពាក់ព័ន្ធ​នឹង​ករណី​កាប់​ព្រៃ​ឈើ ។

មន្ត្រី​ស៊ើបអង្កេត​របស់​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កំពង់ធំ លោក ឯក សុធា បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​សហគមន៍​ភូមិ​ជាំ​ស្វាយ​បាន​ដាក់​ពាក្យបណ្ដឹង​មក​ការិយាល័យ​របស់​លោក​ចោទ​ថា កាលពី​ថ្ងៃ​ទី​២៩ មិថុនា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ឈ្មោះ សាត់ សារិទ្ធ ដែល​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ស្រុក​សណ្ដាន់ បាន​គំរាម​កំហែង​ប្រុង​បាញ់​សម្លាប់​មក​លើ​ប្រជាពលរដ្ឋ​ម្នាក់​នៃ​សហគមន៍​ភូមិ​ជាំ​ស្វាយ ។

លោក​បាន​បន្ត​ទៀត​ថា​នៅ​ថ្ងៃ​ដដែល​មាន​កង​រាជ​អាវុធហត្ថ​ពីរ​នាក់​ផ្សេង​ទៀត ឈ្មោះ សូ យ៉ូ និង នួន សុខគីម ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ធំ ដែល​ចុះ​ធ្វើ​បេសកកម្ម​នៅ​ស្រុក​សណ្ដាន់ បាន​ធ្វើការ​ប្រមាថ​និង​គំរាម​កំហែង​លើ​មេ​ភូមិ​ជាំ​ស្វាយ លោក ម៉ៅ ធា ប្រធាន​សហគមន៍​ព្រៃ​ឡង់ ឈ្មោះ សៅ គឿន និង​ប្រធាន​សហគមន៍​ភូមិ​ជាំ​ស្វាយ ឈ្មោះ ព្រំ ស៊ុយ ។

លោក​ថា​ប្រជា​សហគមន៍​ភូមិ​ជាំ​ស្វាយ​បាន​រាយការណ៍​មក​ការិយាល័យ​របស់​លោក​ថា មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ទាំង​ពីរ​បាន​គំរាម​រឹបអូស​យក​ម៉ាស៊ីន​អារ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​បាន​កាប់​ឈើ​ដើម្បី​យក​ទៅ​សាងសង់​កុដិ​លោក​ក្នុង​វត្ត​របស់​សហគមន៍ ។

លោក ឯក សុធា បាន​ឲ្យ​ដឹង​ថា ៖ «ចង់​ទៅ​រឹបអូស​ទាក់​ទង​នឹង​ម៉ាស៊ីន​អារ​ឈើ​ពី​ប្រជាពលរដ្ឋ​និង​សហគមន៍​ដែល​បាន​កាប់​ឈើ ហើយ​សកម្មភាព​អស់​ហ្នឹង​គឺ​សហគមន៍​មេ​ភូមិ​អី​គាត់​ឯកភាព​គ្នា​ជាមួយ​ចៅ​អធិការ​វត្ត ហើយ​ចៅ​អធិការ​វត្ត​គាត់​បាន​ដាក់​សំណើ​សុំ​តាមរយៈ​ភូមិ ឃុំ ដើម្បី​សុំ​ឈើ​ទៅ​ខាង​រដ្ឋបាល​ព្រៃ​ឈើ ប៉ុន្តែ​អត់​ទាន់​បាន​ច្បាប់​ពី​ព្រៃ​ឈើ... ។ ហើយ​ខាង​អភិបាល​ស្រុក បើ​តាម​សម្ដី​របស់​លោក​មេ​ភូមិ​ថា គាត់​បាន​ឯកភាព​ឲ្យ​កាប់​ហើយ កាប់​ឈើ​ដើម្បី​ធ្វើ​កុដិ​លោក ព្រោះ​កុដិ​លោក​អត់​មាន​ទេ»

លោក ឯក សុធា បាន​ឲ្យ​ដឹង​ថា​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​មន្ត្រី​កង​រាជ​អាវុធហត្ថ​បាន​ធ្វើការ​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​កាប់​ឈើ​នោះ ។ មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​មន្ត្រី​កង​រាជ​អាវុធហត្ថ​ទាំង​បី​នាក់​នោះ​ឡើយ ។

មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ លោក ឯក សុធា ក៏​បាន​មាន​ប្រសាសន៍​ទៀត​ថា អភិបាល​ស្រុក​សណ្ដាន់ លោក ផាន សុខផេង បាន​ផ្ញើ​លិខិត​មួយ​ទៅ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ លោក ហង្ស ថុល ឲ្យ​ធ្វើការ​អប់រំ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ទាំង​បី​រូប ឲ្យ​បញ្ឈប់​សកម្មភាព​គំរាម​កំហែង​មក​លើ​ប្រជា​សហគមន៍​ព្រៃ​ឈើ​ទៀត ។

មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ធំ លោក ហង្ស ថុល បាន​មាន​ប្រសាសន៍​ថា​លោក​បាន​ហៅ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ទាំង​បី​រូប​ឲ្យ​មក​បំភ្លឺ​នៅ​បញ្ជាការ​ខេត្ត​នៅ​ថ្ងៃ​សុក្រ ទី​៤ មិថុនា​នេះ ។

លោក ហង្ស ថុល បាន​បញ្ជាក់​ថា ៖ «អ៊ីចឹង​បាន​យើង​ធ្វើការ​ស្រាវជ្រាវ​ទាំង​សង​ខាង ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​ទាំង​សង​ខាង អ្នក​ខាង​ណោះ​ក៏​ត្រូវ​ទទួល​យុត្តិធម៌ ហើយ​ខាង​ណេះ​ក៏​ត្រូវ​ទទួល​បាន​យុត្តិធម៌​ដែរ»

លោក ហង្ស ថុល បាន​បញ្ជាក់​ថា​គេ​កំពុង​ស្រាវជ្រាវ​លើ​ករណី​គំរាម​កំហែង​នោះ​ហើយ ហើយ​ថា​បើសិន​ជា​រក​ឃើញ​ថា​មាន​ការគំរាម​កំហែង​នោះ​មែន លោក​នឹង​ចាត់វិធានការ​តាម​វិន័យ​កងទ័ព​ដោយ​ធ្វើការ​អប់រំ​និង​ព្រមាន ៕