មន្ត្រី​អាដហុក​២​រូប​ចូល​បំភ្លឺ​តុលាការ​ពី​បទ​ញុះញង់

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ ហៅ​កាត់​ថា អាដហុក (ADHOC) ប្រចាំ​ខេត្ត​រតនគិរី គឺ​លោក ឆាយ ធី និង​លោក ប៉ែន ប៊ុណ្ណារ៍ បាន​ចូល​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១២ និង​មាន​តំណាង​សហគមន៍​ជនជាតិ​ដើម​មក​ពី​ស្រុក ៦ ក្នុង​ខេត្ត បាន​មក​ចូល​រួម​ស្ដាប់​ការ​សាកសួរ​សកម្មជន​ទាំង​ពីរ​នាក់​នេះ​ដែរ។

0:00 / 0:00

មនុស្ស​ប្រមាណ ១៥០​នាក់ ជា​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​បរិវេណ​តុលាការ​ខេត្ត ដើម្បី​គាំទ្រ និង​ផ្ដល់​កម្លាំង​ចិត្ត​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស គឺ​លោក ប៉ែន ប៊ុណ្ណារ៍ និង​លោក ឆាយ ធី ខណៈ​ពេល​ដែល​លោក​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

វិទ្យុ​អាស៊ីសេរី សង្កេត​ឃើញ​អ្នក​យក​ព័ត៌មាន​វិទ្យុ ទូរទស្សន៍ និង​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ បាន​មក​យក​ព័ត៌មាន និង​សង្កេតការណ៍​ពី​ករណី​នេះ និង​ជា​ពិសេស​ប្រធាន​សមាគម​អាដហុក លោក ធន សារាយ ក៏​មាន​វត្តមាន​នៅ​ឱកាស​នោះ​ដែរ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ និង​មន្ត្រី​ផ្នែក​អង្កេត លោក ឆាយ ធី បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ការិយាល័យ​ព្រះរាជអាជ្ញា​រង លោក ជា សុភ័ក្ត្រ ម្ដង​ម្នាក់ៗ​អស់​រយៈ​ពេល​ប្រមាណ ២០ ទៅ ៣០​នាទី ទើប​បាន​ចេញ​មក​វិញ​ដោយ​មិន​មាន​ការ​ឃាត់​ខ្លួន​អ្នក​ណា​ម្នាក់​ឡើយ។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ដោយ​មោទកភាព​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ដូច​ការ​ចោទ​នោះ​ទេ។ លោក​កត់​សំគាល់​ថា ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជា​ច្រើន​ដែល​អញ្ជើញ​មក​លើក​ទឹក​ចិត្ត​លោក​នៅ​ថ្ងៃ​នេះ គឺ​ជា​សាក្សី​បញ្ជាក់​ថា លោក​មិន​បាន​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ឡើយ។

លោក​ស្នើ​សុំ​ឲ្យ​ព្រះរាជអាជ្ញា​រង​លើកលែង​មិន​ចាត់​ការ​ក្នុង​រឿង​ក្ដី​នេះ៖ «ជា​ទូទៅ​គាត់​ហើយ​ជា​អ្នក​នៅ​ជាមួយ​យើង ដែល​យើង​ចុះ​ទៅ​មូលដ្ឋាន។ យើង​បាន​និយាយ​ប្រឹក្សា​យោបល់ បើក​វគ្គ​បណ្ដុះបណ្ដាល​ជាដើម។ នៅ​ពេល​ពួកគាត់​ទទួល​ដំណឹង​ថា ការ​ប្ដឹងផ្ដល់​យើង ថា​យើង​ញុះញង់​គាត់​មិន​ពេញ​ចិត្ត គាត់​ប្រឆាំង​នឹង​អ្វី​ជា​ការ​ចោទ​ប្រកាន់​មក​លើ​យើង ថា​យើង​ញុះញង់​ហ្នឹង។ អ៊ីចឹង​គាត់​មក​នេះ គឺ​មក​បង្ហាញ​ថា យើង​ទាំង​អស់​មិន​បាន​ញុះញង់​គាត់​ទេ»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​តុលា មិន​អាច​សុំ​ការ​អធិប្បាយ​ពី​ព្រះ​រាជអាជ្ញា​រង លោក ជា សុភ័ក្ត្រ ជុំវិញ​ការ​បំភ្លឺ​របស់​លោក ប៉ែន ប៊ណ្ណារ៍ និង​លោក ឆាយ ធី បាន​ទេ ប៉ុន្តែ​កន្លង​ទៅ​លោក​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​កោះ​ហៅ​សកម្មជន​សិទ្ធិ​មនុស្ស​ក្នុង​រឿង​ក្តី​នេះ គឺ​ដើម្បី​បំពេញ​នីតិវិធី​របស់​តុលាការ។

អ្នក​ភូមិ​ប៉ាតាង លោក ស្វិន វ៉េវ ដែល​បាន​មក​ចូល​រួម​គាំទ្រ​អះអាង​ថា សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ទាំង​ពីរ មិន​បាន​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​អ្វី​ទេ ហើយ​ការ​ចោទ​ប្រកាន់​របស់​មេ​ឃុំ ជា​រឿង​មិន​ត្រឹមត្រូវ៖ «ការ​ពិត​ពួក​ខ្ញុំ​មិន​ឲ្យ​គាត់​ញុះញង់​ទេ គឺ​ពួក​ខ្ញុំ​ទៅ​រក​គាត់​ឲ្យ​អន្តរាគមន៍​រឿង​ដី​គេ​រំលោភ​តាំង​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ»

មេធាវី​ការពារ​ក្ដី​សកម្មជន​ទាំង​ពីរ គឺ​លោក ឡុង លន់ មាន​ប្រសាសន៍​បញ្ជាក់​ថា រឿង​ក្ដី​នេះ​គឺ​ពាក់ព័ន្ធ​ពាក្យ​ប្ដឹង​របស់​មេ​ឃុំ​ប៉ាតាង លោក កិ ចេន ជា​ដើម​បណ្ដឹង​ចោទ​ប្រកាន់ ៤​ចំណុច រួម​មាន​ញុះញង់​ប្រជាពលរដ្ឋ​ភូមិ​ប៉ាតាង ឲ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ។ បរិហារ​កេរ្តិ៍​ផ្សាយ​ព័ត៌មាន​មិន​ពិត​លើ​ក្រុមប្រឹក្សា និង​រដ្ឋ​អំណាច​ឃុំ​ប៉ាតាង។ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ប៉ាតាង បំផ្លាញ​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន ឌីអ៊ឹម ហ្គ្រូប (DM GROUP) និង​រំលោភ​ទៅ​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ស្រប​ច្បាប់។

ប្រធាន​សមាគម​អាដហុក លោក ធន សារាយ មាន​ប្រសាសន៍​ថា គោលការណ៍​របស់​សមាគម គឺ​ការពារ​សិទ្ធិ​មនុស្ស និង​អប់រំ​ផ្សព្វផ្សាយ​ប្រឹក្សា​ផ្លូវ​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​គ្រប់​តំបន់​ជនបទ។

លោក​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស៖ «យើង​គោរព​តាម​នីតិវិធី​របស់​តុលាការ​យើង​មក ព្រោះ​យើង​ខាង​នេះ​ចង់​តែ​រឿង​បញ្ហា​អហិង្សា ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។ យើង​មិន​ដែល​ធ្វើ​កិច្ចការ​អ្វី​ដែល​ហួស​ពី​កម្រិត​ហ្នឹង​ទេ»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា កន្លង​ទៅ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ចូល​ទៅ​បំភ្លឺ​នៅ​ស្ថាប័ន​អយ្យការ​ក្នុង​ដំណើរ​រឿង​ក្ដី​ដូច​គ្នា​នេះ​រួច​ហើយ។ ចំណែក​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី នឹង​ចូល​ទៅ​បំភ្លឺ​នៅ​ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។