ពលរដ្ឋ​ខ្មែរ​២​រូប​ដែល​ត្រូវ​ថៃ​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង​វិញ​ហើយ

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​២​នាក់​ដែល​ទាហាន​ថៃ​ខេត្ត​បូរីរ៉ាំ ចាប់​ខ្លួន ត្រូវ​បាន​បញ្ជូន​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​ជួប​ជុំ​គ្រួសារ​វិញ​ហើយ បន្ទាប់​ពី​អាជ្ញាធរ​ថៃ​បាន​ស្នើ​សុំ​ឲ្យ​ដោះលែង​ជន​ជាតិ​ថៃ​២​នាក់ ដែល​អាជ្ញាធរ​ខ្មែរ​បាន​ចាប់​ខ្លួន​ជា​ការ​ដោះដូរ​គ្នា​នោះ។

0:00 / 0:00

អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ លោក អ៊ឹង វ៉ន បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ ខែ​កុម្ភៈ ថា បុរស​២​នាក់​ដែល​ជា​ប្រជាពលរដ្ឋ​នៅ​ភូមិ​រំដួល ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ទៅ​ទទួល​យក​ពី​មន្ត្រី​ថៃ​នៅ​ឯ​ច្រក​អូរស្មាច់ កាល​ពី​២​ថ្ងៃ​មុន បន្ទាប់​ពី​អាជ្ញាធរ​ថៃ​សុខ​ចិត្ត​ដោះលែង​ជា​ថ្នូរ​នឹង​ការ​សុំ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដោះលែង​ជន​ជាតិ​ថៃ​ពីរ​នាក់​ដែល​សមត្ថកិច្ច​ខ្មែរ​បាន​ចាប់​ខ្លួន​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ដែរ។

លោក អ៊ឹង វ៉ន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ដូរ​គ្នា​មក​វិញ​អស់​ហើយ តាំង​ពី​ម្សិល​ម្ង៉ៃ មក​តាម​ច្រក​អូរស្មាច់។ យើង​ចាប់​គេ​បាន ២​នាក់​ដែរ យើង​ឯកភាព​គ្នា​ដោះដូរ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ។ រាយការណ៍​ទៅ​អស់​ហើយ ការ​បរទេស​អី មហាផ្ទៃ​អី...រាយការណ៍​អស់​ហើយ»

ទោះ​យ៉ាង​ណា មន្រ្តី​ខេត្ត​ឧត្ដរមានជ័យ មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ទេ​ថា ការ​ចាប់​ខ្លួន​ជន​ជាតិ​ថៃ ២​នាក់​នោះ ទាក់ទិន​នឹង​បទ​អ្វី ហើយ​ធ្វើ​ឡើង​កាល​ពី​ពេល​ណា និង​នៅ​ទីណា​នោះ​ទេ?

បុរស​ឈ្មោះ ស៊ឹប ឆឹង អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​រំដួល ឃុំ​អំពិល ស្រុក​បន្ទាយអំពិល បាន​មាន​ប្រសាសន៍​ថា គាត់​និង​បុរស​ម្នាក់​ទៀត​ឈ្មោះ មន ចូន ជា​អ្នក​ភូមិ​ជិត​គ្នា ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ទាហាន​ប៉ារ៉ា​និង​មេព្រៃ​របស់​ថៃ​បាញ់​រះ​ជា​ច្រើន​គ្រាប់​រួច​ចូល​មក​ចាប់​ខ្លួន ខណៈ​ដែល​គាត់​និង​អ្នក​ភូមិ​ប្រមាណ ៦​នាក់​ផ្សេង​ទៀត បាន​នាំ​គ្នា​ចូល​ព្រៃ​ដើរ​បោច​វល្លិ​និង​រើស​ជ័រ​ចុង​នៅ​ខាង​ជើង​ភូមិ​រំដួល ជាប់​ព្រំដែន​ខ្មែរ​-ថៃ។

បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ថៃ​បាន​យក​គាត់​ទៅ​ដាក់​គុក​បណ្តោះអាសន្ន​មួយ​យប់​នៅ​ភូមិ​ណងង៉ាម រួច​បញ្ជូន​ទៅ​តុលាការ​ឯ​ខេត្ត​បូរីរ៉ាំ។

លោក ស៊ឹប ឆឹង រៀបរាប់​ដូច្នេះ​ថា ៖ «កំពុង​តែ​ដើរ​បោច​វល្លិ ដើរ​រក​ជ័រចុង។ ភូមិ​រំដួល ជា​ដី​ខ្មែរ បាន​ខ្ញុំ​ហ៊ាន​ដើរ។ ទាហាន​ខ្មៅ​លាយ​គ្នា ប៉ារ៉ា​ផង។ បាញ់​ផ្ទុះ​ឡើង​ចូល ២០​គ្រាប់​ជាង​ឯណោះ។ យក​ខ្ញុំ​ទៅ​ដាក់​គុក​បណ្ដោះអាសន្ន​នៅ​ណងង៉ាម បាន​២​យប់ រួច​នាំ​ខ្ញុំ​ទៅ​គុក​ធំ​គេ​កន្លែង​តុលាការ​នៅ​ខេត្ត​បូរីរ៉ាំ»

តាម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ប្រចាំ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ខ្មែរ​២​នាក់​នោះ តាំង​តែ​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ មក​ម្ល៉េះ។

សូម​រំឭក​ថា កាល​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០០៧ កន្លង​មក បុរស​ជនជាតិ​ខ្មែរ​ចំនួន ៥​នាក់ នៅ​ស្រុក​សំរោង និង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ​របស់​ថៃ​ចាប់​ខ្លួន​យក​ទៅ​ដាក់​ពន្ធនាគារ​ជា​ច្រើន​ថ្ងៃ ដោយ​ចោទ​ប្រកាន់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​៥ បាន​លប​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៃ​តំបន់​ថុងនីវ​ក្នុង​ទឹក​ដី​ថៃ៕