តំណាង​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​ធ្លី​នៅ​សៀមរាប​២​រូប​ត្រូវ​ចាប់​ខ្លួន

តំណាង​ប្រជា​ពលរដ្ឋ​ដែល​ធ្លាប់​ដឹកនាំ​ការ​តវ៉ា​ទំនាស់​ដី​ស្រែ​ប្រាំង​នៅ​ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្ត​សៀមរាប ២​នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ចាប់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត បន្ទាប់​ពី​តំណាង​រូប​នោះ​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​មួយ​រយៈ​មក។

0:00 / 0:00

ប្រធាន​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប លោក អ៊ូ ឯម បាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​មិថុនា ថា ប៉ូលិស​ពិត​ជា​ចាប់​ខ្លួន​បុរស​ឈ្មោះ ស៊ឹម លាភ និង ច័ន្ទ លាភ ទៅ​តាម​ដីកា​បញ្ជា​ឲ្យ​ចាប់​ខ្លួន​ពី​ចៅក្រម​សាលា​ដំបូង​ខេត្ត​សៀមរាប​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ចូល​មក​បង្ហាញ​ខ្លួន​ចំពោះ​សមត្ថកិច្ច ប៉ុន្តែ​លោក​ពុំ​អាច​អធិប្បាយ​អំពី​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​បាន​ទេ។

លោក អ៊ូ អែម ថ្លែង​ដូច្នេះ​ថា ៖ «ចាប់​មែន បញ្ជូន​ទៅ​ហើយ​ព្រឹក​មិញ។ ដីកា​ចាប់​ខ្លួន​របស់​លោក​ចៅក្រម ប៉ុន្តែ​អត់​បាន​ចាំ​ឈ្មោះ​គាត់​ថា​លោក​ចៅក្រម​ណា​មួយ»

តំណាង​ប្រជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ដែល​ប៉ូលិស​ចាប់​ខ្លួន​គឺ​លោក ស៊ឹម លាភ អាយុ ៥៩​ឆ្នាំ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ថា គាត់​និង​បុរស​ឈ្មោះ ច័ន្ទ លាភ ត្រូវ​ប៉ូលិស​ស្រុក​ជីក្រែង ចាប់​ខ្លួន​នៅ​ពេល​ចូល​ទៅ​បង្ហាញ​ខ្លួន​ចំពោះ​សមត្ថកិច្ច រួច​ក៏​បាន​បញ្ជូន​មក​ស្នងការ​នគរបាល​ខេត្ត​កាល​ពី​វេលា​ម៉ោង​ជាង​៩​ព្រឹក ៖ «សូម​លោក​ជួយ​ខ្ញុំ​ផង នគរបាល​ស្រុក​យក​មក​ពីរ​នាក់»

អនុប្រធាន​ផ្នែក​ស៊ើប​អង្កត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ច័ន្ទ សាវ៉េត បាន​មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក​បាន​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ​ដោយ​បាន​ដឹង​ថា ដីកា​ចាប់​ខ្លួន​បាន​ចេញ​ដោយ​ចៅក្រម​ស៊ើប​អង្កេត​លោក ឃន សុកល។

ដីកា​ចាប់​ខ្លួន​នោះ​បាន​ចោទ​តំណាង​ទាំង​បី​រូប​ថា បាន​បង្ខាំង​មនុស្ស​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ កន្លង​មក​ក្នុង​រឿង​ទំនាស់​ដី​ធ្លី។

លោក ច័ន្ទ សាវ៉េត ថ្លែង​ដូច្នេះ​ថា ៖ «ចៅក្រម ឃន សុកល ហ្នឹង គាត់​ជា​អ្នក​ចេញ​ដីកា​កោះ​ឲ្យ​ចាប់​ខ្លួន​ហ្នឹង​ឯង»

ក៏​ប៉ុន្តែ​ចៅក្រម​ស៊ើប​អង្កេត​របស់​សាលា​ដំបូង​ខេត្ត​សៀមរាប លោក ឃន សុកល បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​ស្តីការ​ចាប់​ខ្លួន​នោះ​ទេ ៖ «ចាំ​មើល​ក្រែង​លោ​ថ្ងៃ ល្ងាច​អី គេ​ឲ្យ​ដំណឹង​មក​ខ្ញុំ»

សូម​រំឭក​ថា តំណាង​ប្រជា​ពលរដ្ឋ​ឃុំ​ជីក្រែង ៣​រូប ឈ្មោះ ស៊ិញ សំឡី, ស៊ឹម លាភ និង ច័ន្ទ លាភ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ម្តង​មក​ហើយ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០០៨ បន្ទាប់​ពី​ដឹកនាំ​ការ​តវ៉ា​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​តំបន់​ទំនប់​សួង ជាង ៩០​ហិកតា។

កាល​នោះ តុលាការ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ប្រើ​អំពើ​ហិង្សា​លើ​ម្ចាស់​កម្មសិទ្ធិ​និង​ពី​បទ​ក្លែង​បន្លំ​លិខិត ប៉ុន្តែ​ក្រោយ​មក​ក៏​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០០៩ បន្ទាប់​ពី​ក្រុម​ប្រជា​ពលរដ្ឋ​បាន​លើក​គ្នា​មក​តវ៉ា​យ៉ាង​ខ្លាំង​ក្លា​នៅ​មុខ​តុលាការ។ ប៉ុន្តែ​បញ្ហា​ទំនាស់​ដី​ធ្លី​នៅ​តែ​បន្ត ដោយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា កន្លង​មក សមត្ថកិច្ច​បាន​បាញ់​រះ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា​បណ្តាល​ឲ្យ​រង​របួស ៣​នាក់ និង​ចាប់​ខ្លួន​មនុស្ស ៩​នាក់។

សកម្មជន​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​បាន​ហៅ​ការ​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​ជា​ថ្មី​ម្តង​ទៀត​នេះ​ថា​គឺ​ជា​ការ​អនុវត្ត​ខុស​នីតិ​វិធី​ច្បាប់​ដោយ​ការ​អនុវត្ត​រឿង​ព្រហ្មទណ្ឌ​ដំណើរការ​លឿន​ជាង​ការ​ដោះស្រាយ​វិវាទ​ដី​ធ្លី ដែល​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្មុគស្មាញ​ខាង​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​ការ​គំរាម​កំហែង​ដល់​សកម្មជន​អ្នក​តវ៉ា​រឿង​ដី​ធ្លី​របស់​ប្រជា​ពលរដ្ឋ​ផង៕