ក្រុមអ្នកស្រុកនិយាយថា កងកម្លាំងប៉ូលិសចំនួន ៦នាក់ បានចុះទៅចាប់ខ្លួនអ្នកភូមិពីរនាក់ តាមដីកាសាលាដំបូងខេត្តបាត់ដំបង ដែលបានចោទប្រកាន់ពីបទរំលោភកាន់កាប់អចលនវត្ថុអ្នកដទៃ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៥២៥ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ ដែលមានឧត្ដមសេនីយ៍យោធាមួយរូបជាដើមបណ្ដឹង។
លោកស្រី គុយ ច័ន្ទ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ លោកស្រីបានបញ្ជាក់ថា កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១២ សមត្ថកិច្ចប៉ូលិសមានគ្នាចំនួន ៦នាក់ ក្នុងនោះបីនាក់បានចុះទៅចាប់ប្ដីលោកស្រី (ឈ្មោះ ស្រី ណាន់) ដល់ផ្ទះ និងប៉ូលិសបីនាក់ទៀតបានចុះទៅចាប់ខ្លួនលោក សឿង ពិសី ដែលកំពុងរៀបចំឥវ៉ាន់លក់ដូរនៅក្នុងផ្សារជីវ ស្ថិតក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកស្រី គុយ ច័ន្ទ៖ «ព្រឹកមិញឃើញប៉ូលិសចុះពីលើឡានមក ហុចក្រដាសមួយ អ៊ីចឹងទៅថា មានដីកាកោះហៅ ហើយមិនទាន់នឹងបានមើលផង ក៏ចាប់ក្រៀកប្ដីខ្ញុំឡើងឡាន ប្តីខ្ញុំសុំស្លៀកខោអាវអត់ឲ្យស្លៀកផង។ ប៉ូលិសបីនាក់ចាប់នៅក្នុងផ្ទះ ប្ដីខ្ញុំមិនទាន់បានលុបមុខអីផង ម្នាក់ទៀតចាប់នៅផ្សារ។ អត់ដែលមានរឿងអីទេ មានតែរឿងដីធ្លីហ្នឹងឯង»។
ប៉ូលិសមូលដ្ឋានស្រុករតនមណ្ឌល បានឲ្យដឹងថា អ្នកភូមិទាំងពីរនាក់ត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការខេត្តបាត់ដំបង។ អ្នកទាំងពីរនាក់មាន ឈ្មោះ សឿង ពិសី និងឈ្មោះ ស្រី ណាន់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ក្រោយពីការចាប់ខ្លួន៖ «ខ្ញុំអត់ដឹងរឿងករណីអីដែរ ប៉ុន្តែអនុវត្តដីកានាំខ្លួន ចេញដីកាមកយើងអនុវត្តដីកា»។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១១ តុលាការខេត្តបាត់ដំបង ធ្លាប់បានកោះហៅអ្នកភូមិ ៤នាក់ សាកសួរលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានមន្ត្រីយោធាជាដើមបណ្តឹង។ មន្ត្រីយោធាបានប្តឹងចោទប្រកាន់ អ្នកភូមិទាំង ៤នាក់ ពីបទរំលោភកាន់កាប់អចលនវត្ថុលើផ្ទៃដីទំហំជាង ១០០ហិកតារ នៅស្រុករតនមណ្ឌល ក្នុងខេត្តបាត់ដំបង។ អ្នកភូមិទាំង ៤នាក់នោះ មានឈ្មោះ យ៉ង គឹមអុន ឈ្មោះ ស្រី ណាន់ ឈ្មោះ សឿង ពិសី និងឈ្មោះ អ៊ីវ ឃាង។ ពួកគាត់អះអាងថា ដីទំហំជាង ១០០ហិកតារនោះ អ្នកភូមិចំនួន ៤៣គ្រួសារ បានកាន់កាប់រួមគ្នាអស់រយៈពេលយូរឆ្នាំណាស់មកហើយ។
លោក ឈួន ឈៀន ជាសមាជិកភូមិគីឡូ៣៨ បានចេញលិខិតមួយចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១១ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋ ៤៣គ្រួសារបានកាប់គាស់លើដីមានជម្លោះនោះផ្សងគ្រោះថ្នាក់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះធ្វើចម្ការតាំងពីឆ្នាំ១៩៩៨ រហូតមកឆ្នាំ២០១១នេះ។ ប៉ុន្តែលោកឧត្ដមសេនីយ៍ កែវ សារ៉ាន់ ត្រូវបានប្រភពអះអាងថា លោកមានបង្កាន់ដៃដែលចេញដោយអាជ្ញាធរ មូលដ្ឋានកាន់កាប់លើដីមានទំនាស់នោះ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការបញ្ជាក់រឿងនេះពីលោក យ័ប មេត្តា ចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងនេះបានទេ។
ប៉ុន្តែលោក យិន ម៉េងលី ប្រធានសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបង បានថ្លែងថា លោកចៅក្រមគួរចាត់ដំណើរការនីតិវិធី ដោយពុំចាំបាច់ខ្លួនទេ ព្រោះអ្នកភូមិមិនបានគេចខ្លួនទេ៖ «ពាក់ព័ន្ធបញ្ហានេះ យើងនឹងអោយមេធាវីពិនិត្យលើនីតិវិធីឡើងវិញ តើការអនុវត្តនេះវាត្រឹមត្រូវតាមនីតិវិធី ហើយមេធាវីហ្នឹងធ្វើអ្វីខ្លះបានទៀតសម្រាប់កូនក្ដីរបស់ខ្លួន»។
កាលពីខែធ្នូ ឆ្នាំ២០១១ លោក យ័ប មេត្តា ចៅក្រមស៊ើបសួរតុលាការខេត្តបាត់ដំបង បានសំរេចឃុំខ្លួនអ្នកភូមិពីរនាក់ ឈ្មោះ យ៉ង គឹមអុន និងឈ្មោះ អ៊ីវ ឃាង បន្ទាប់បានសាកសួររួចមក។ ប៉ុន្តែក្រុមអ្នកភូមិច្រើននាក់ដែលបានធ្វើដំណើរជាមួយគ្នានោះ ស្រែកនៅក្រៅរបងតុលាការថា អយុត្តិធម៌ ហើយនាំគ្នាឡើងផ្លោះរបងតុលាការ ចូលទៅរំដោះយកអ្នកភូមិពីរនាក់ទាំងដៃជាប់ខ្នោះពីកងកម្លាំងមានសមត្ថកិច្ច។ ក្រោយមកតុលាការបានសំរេចដោះលែងឲ្យអ្នកភូមិទាំងពីរនាក់វិលត្រឡប់ទៅលំនៅឋានវិញ ដោយរង់ចាំការកោះហៅជាថ្មីទៀត៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។