ប៉ូលិស​ចាប់​ពលរដ្ឋ​២​នាក់​ពាក់ព័ន្ធ​​ជម្លោះ​ដី​នៅ​ប៉ៃលិន

សមត្ថកិច្ច​ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​ភូមិ​ពីរ​នាក់ ឪពុក​ក្មេក និង​កូន​ប្រសា តាម​ដីកា​តុលាការ​ខេត្ត​ប៉ៃលិន ដែល​ចោទ​ប្រកាន់​ពី​បទ​ប៉ះពាល់​ទ្រព្យ​សម្បត្តិ​សាធារណៈ លើ​ដី​ដែល​មាន​ជម្លោះ​មួយ​កន្លែង នៅ​ក្នុង​ភូមិ​ផ្សារព្រំ ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន។

លោកស្រី ខាត់ ធូ អាយុ ២២​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ផ្សារព្រំ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ នេះ​ថា បង​ថ្លៃ​របស់​គាត់​ឈ្មោះ រស់ ធាន អាយុ ៣៣​ឆ្នាំ និង​ឪពុក​ក្មេក​ឈ្មោះ ឡុង សាខន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន។

លោកស្រី ខាត់ ធូ៖ «ហើយ​គេ​គំរាម​ថា បើ​មិន​ចុះ​ចេញ​ពី​ដី​ហ្នឹង​ទេ កូន​ចៅ​ប៉ុន្មាន​គេ​ចាប់​ដាក់​គុក​ទាំង​អស់។ តែ​សុំ​សំណូមពរ​ឲ្យ​ដោះ​មនុស្ស​ចេញ ហើយ​និង​មាន​សំណង​ខ្លះ ក្រុម​គ្រួសារ​ខ្ញុំ​នឹង​ផ្ដិត​មេដៃ​ប្រគល់​ដី​ហ្នឹង​ឲ្យ។ ឲ្យ​តែ​បាន​បង​ថ្លៃ និង​ឪពុក​ក្មេក​ខ្ញុំ​ចេញ​ពី​គុក​ហើយ ឲ្យ​មាន​កា​ដោះដូរ​សំណង​តិចតួច កម្លាំង​ពលកម្ម​គាត់​ដែល​ខំ​កាប់​គាស់​តាំង​ពី​ដី​មាន​មីន ក្រុម​គ្រួសារ​ខ្ញុំ​ផ្ដិត​មេដៃ​ប្រគល់​ដី​ហ្នឹង​ឲ្យ ខ្ញុំ​ចុះ​ចេញ​ពី​ដី​ដែល​រដ្ឋ​ត្រូវ​ការ»

លោកស្រី ខាត់ ធូ បាន​ឲ្យ​ដឹង​ទៀត​ថា ឪពុកក្មេក​គាត់​បាន​កាប់​ឆ្ការ​ព្រៃ​ដី​ទំហំ ២០០​ម៉ែត្រ គុណ​នឹង ៣០០​ម៉ែត្រ​នោះ សង់​ផ្ទះ​រស់​នៅ​តាំង​ពី​ឆ្នាំ​២០០០ មុន​ពេល​ការ​កកើត​អនុ​វិទ្យាល័យ​ផ្សារព្រំ នៅ​ខេត្ត​ប៉ៃលិន នោះ​មក​ម្ល៉េះ។ បច្ចុប្បន្ន​នៅ​លើ​ដី​នោះ​មាន​ផ្ទះ ៦​ខ្នង និង​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​កំពុង​រស់​នៅ។ ប៉ុន្តែ​ក្រោយ​មក ស្រាប់​តែ​លោក ឆយ សុជាតិ ដែល​ជា​នាយក​អនុវិទ្យាល័យ​ផ្សារព្រំ បាន​ប្ដឹង​ទាមទារ​ថា ដី​នោះ​ជា​ដី​របស់​សាលារៀន​ទៅ​វិញ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។