លោកស្រី ខាត់ ធូ អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិផ្សារព្រំ បានថ្លែងនៅថ្ងៃទី២២ ខែកុម្ភៈ នេះថា បងថ្លៃរបស់គាត់ឈ្មោះ រស់ ធាន អាយុ ៣៣ឆ្នាំ និងឪពុកក្មេកឈ្មោះ ឡុង សាខន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ ចាប់បញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារខេត្តប៉ៃលិន។
លោកស្រី ខាត់ ធូ៖ «ហើយគេគំរាមថា បើមិនចុះចេញពីដីហ្នឹងទេ កូនចៅប៉ុន្មានគេចាប់ដាក់គុកទាំងអស់។ តែសុំសំណូមពរឲ្យដោះមនុស្សចេញ ហើយនិងមានសំណងខ្លះ ក្រុមគ្រួសារខ្ញុំនឹងផ្ដិតមេដៃប្រគល់ដីហ្នឹងឲ្យ។ ឲ្យតែបានបងថ្លៃ និងឪពុកក្មេកខ្ញុំចេញពីគុកហើយ ឲ្យមានកាដោះដូរសំណងតិចតួច កម្លាំងពលកម្មគាត់ដែលខំកាប់គាស់តាំងពីដីមានមីន ក្រុមគ្រួសារខ្ញុំផ្ដិតមេដៃប្រគល់ដីហ្នឹងឲ្យ ខ្ញុំចុះចេញពីដីដែលរដ្ឋត្រូវការ»។
លោកស្រី ខាត់ ធូ បានឲ្យដឹងទៀតថា ឪពុកក្មេកគាត់បានកាប់ឆ្ការព្រៃដីទំហំ ២០០ម៉ែត្រ គុណនឹង ៣០០ម៉ែត្រនោះ សង់ផ្ទះរស់នៅតាំងពីឆ្នាំ២០០០ មុនពេលការកកើតអនុវិទ្យាល័យផ្សារព្រំ នៅខេត្តប៉ៃលិន នោះមកម្ល៉េះ។ បច្ចុប្បន្ននៅលើដីនោះមានផ្ទះ ៦ខ្នង និងប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងរស់នៅ។ ប៉ុន្តែក្រោយមក ស្រាប់តែលោក ឆយ សុជាតិ ដែលជានាយកអនុវិទ្យាល័យផ្សារព្រំ បានប្ដឹងទាមទារថា ដីនោះជាដីរបស់សាលារៀនទៅវិញ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
