ការដោះលែងមកវិញនោះ ក្រោយពីមានកិច្ចអន្តរាគមន៍ពីមន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងអង្គការលីកាដូ។
បន្ទាប់ពីត្រឡប់មកដល់តំបន់បឹងកក់វិញ ក្រុមអ្នកភូមិបានធ្វើពិធីបណ្ដេញគ្រោះចង្រៃចេញដោយសារតែអ្នកទាំងពីរបានជាប់ឃុំនៅស្នងការនគរបាលក្រុងនោះ។ ក្រុមអ្នកភូមិដែលទន្ទឹងរង់ចាំការដោះលែងរបស់អ្នកទាំងពីរខ្លះបានក្ដុកក្ដួលក្នុងចិត្ត ហើយខ្លះទៀតបានសម្ដែងក្ដីត្រេកអរ។
ក្រុមអ្នកភូមិបឹងកក់បានស្វះស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់ស្ថាប័នរដ្ឋាភិបាលអង្គការជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតនានា ដើម្បីសុំអភិវឌ្ឍន៍តំបន់បឹងកក់របស់ពួកគាត់នៅនឹងកន្លែងតាមការស្នើសុំរបស់អ្នកភូមិ គឺទំហំទទឹង ៤ម៉ែត្រ និងបណ្ដោយ ១៦ម៉ែត្រ ហើយចែកទៅតាមទំហំផ្ទះដែលពួកគាត់មានជាក់ស្ដែង ប៉ុន្តែមិនមានដំណោះស្រាយណាមួយដល់ពួកគាត់ឡើយមានតែក្រុមសមត្ថកិច្ចប្រើអំពើហិង្សាមកលើកពួកគាត់តែប៉ុណ្ណោះ។
អ្នកស្រី ណុន សុខខេង តំណាងប្រជាពលរដ្ឋតំបន់បឹងកក់ បានថ្លែងប្រាប់ប្រជាពលរដ្ឋបន្ទាប់ពីសមត្ថកិច្ចដោះលែងវិញថា សមត្ថកិច្ចប៉ូលិសបានបង្ខំពួកគាត់ដែលជាប់ឃុំទាំងពីរនាក់ឲ្យផ្ដិតមេដៃទទួលកំហុសដែលធ្វើបាតុកម្មនោះ ៖ «ខ្ញុំថា បើសិនជាខ្ញុំខាំអណ្ដាតស្លាប់នៅទីនេះ ហើយដោះស្រាយរឿងបឹងកក់បាន ខ្ញុំសុខចិត្តស្លាប់។ គេថា អ្ហែងងាប់អីតែឯង ប្ដីកូនអ្ហែងបានអ្នកណាមើល? គាត់និយាយគាបយើងឲ្យផ្ដិតមេដៃ ហើយថត តែដាច់ខាតខ្ញុំមិនព្រមទេ ព្រោះខ្ញុំអត់ខុស សូម្បីតែការធ្វើកូដកម្មរបស់យើងក៏អត់ប្រើហិង្សាដែរ អត់ខុសអីទាំងអស់»។
ដោយឡែកតំណាងអ្នកភូមិដែលបានចូលជួបអាជ្ញាធរក្រុងមុនពេលដោះលែងតំណាងទាំងពីរនាក់ បានថ្លែងថា អាជ្ញាធរក្រុងសុំឲ្យប្រជាពលរដ្ឋតំបន់បឹងកក់ រក្សាភាពស្ងៀមស្ងាត់ដើម្បីទុកឱកាសឲ្យអាជ្ញាធរដោះស្រាយ និងរៀបចំ តែពលរដ្ឋនៅតែស្រពេចស្រពិលលើការអះអាងនោះនៅឡើយ។
កាលពីថ្ងៃទី៧ កក្កដា សាលាក្រុងភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយហៅក្រុមតវ៉ាមកពីបឹងកក់នោះថា មិនមែនជាតំណាងឲ្យប្រជាពលរដ្ឋបឹងកក់ទាំងមូលឡើយ ហើយអ្នកទាំងនោះបានធ្វើការតវ៉ាដោយមានបរទេសញុះញង់នៅពីក្រោយ។
តំបន់បឹងកក់ទំហំ ១៣៣ហិកតារ ត្រូវរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុនឯកជនវិនិយោគរយៈពេល ៩៩ឆ្នាំ។ ការអភិវឌ្ឍនេះបានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ៕