អ្នកភូមិបឹងកក់ បានអះអាងថា សមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួនអ្នកភូមិពីរនាក់ប្ដីប្រពន្ធ គឺស្ត្រីឈ្មោះ យ៉ោម បុប្ផា អាយុ ៣១ឆ្នាំ ជាភរិយារបស់លោក លួស សាខន អាយុ ៥៦ឆ្នាំ រស់នៅភូមិ២២ តំបន់បឹងកក់ ក្នុងគ្រាដែលអ្នកទាំងពីរទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ២០១២។
ស្ត្រីឈ្មោះ យ៉ោម បុប្ផា គឺជាពលរដ្ឋម្នាក់ក្នុងចំណោមស្ត្រីអ្នកតវ៉ាក្នុងរឿងទំនាស់ដីធ្លីតំបន់បឹងកក់យ៉ាងសកម្ម។
ស្នងការរាជធានីភ្នំពេញ លោក ទូច ណារ៉ុថ មានប្រសាសន៍ដោយខ្លីថា លោកពិតជាបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទអនុវត្តតាមដីការបស់តុលាការគឺចៅក្រម តែ សំអាងទាក់ទងពីបទបង្កហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស។
ប៉ុន្តែនៅម៉ោងប្រមាណជាង ៤រសៀលនេះ ក្រុមអ្នកបឹងកក់ បានអះអាងថា តុលាការរាជធានីភ្នំពេញ បានដោះលែងលោក លួស សាខន ស្វាមីរបស់លោកស្រី យ៉ោម បុប្ផា នោះវិញ។
លោក លួស សាខន បានថ្លែងពេលចេញពីតុលាការក្រុងភ្នំពេញថា ភរិយារបស់លោកត្រូវគេបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារព្រៃសរហើយ។ លោកថា ការចាប់ពួកគាត់នេះ ពាក់ព័ន្ធនឹងរឿងដែលពួកគាត់ឃាត់អ្នកមានទំនាស់នៅក្បែរផ្ទះ ហើយតុលាការបែរឃាត់ខ្លួនពួកគាត់ដោយអយុត្តិធម៌។
យ៉ាងណាក៏ដោយ រហូតដល់ម៉ោង ៥រសៀលថ្ងៃដដែលនេះ ក្រុមអ្នកភូមិបឹងកក់ កំពុងស្វែងរកក្មេងប្រុសដែលជាកូនរបស់អ្នកទាំងពីរ ឈ្មោះ លួស លីហួរ អាយុ ៨ឆ្នាំ ដែលបានបាត់ដំណឹងមិនឃើញចេញពីសាលា ក្នុងពេលដែលឪពុកម្ដាយរបស់គេត្រូវចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
