តុលាការ​ដោះលែង​អ្នក​បឹង​កក់​២​នាក់

តំណាង​អ្នក​បឹង​កក់ ២​នាក់ ក្នុង​ចំណោម​ ១៥​នាក់ គឺ​អ្នកស្រី លី ចាន់ណារី និង​លោក សៅ សារឿន ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន នៅ​ម៉ោង​ជិត ៧​យប់ ថ្ងៃ​សុក្រ ទី​១៥ ខែ​មិថុនា នេះ។

ការ​ដោះ​លែង​នេះ​គឺ​ផ្អែក​តាម​លក្ខខណ្ឌ ៣​ចំណុច។ ទី​១ គឺ​អ្នក​ទាំង​២ ត្រូវ​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការ​កោះ​ហៅ​រៀង​រាល់ ៣​សប្ដាហ៍​ម្ដង ទី​២ មិន​ត្រូវ​ផ្លាស់ប្ដូរ​លំនៅឋាន និង​ទី​៣ ត្រូវ​មក​បង្ហាញ​ខ្លួន​នៅ​មុខ​ប៉ុស្តិ៍​រដ្ឋបាល​ស្រះចក ខណ្ឌ​ដូនពេញ។

មេធាវី​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យឹម សាវ៉ាត បាន​បញ្ជាក់​ថា ការ​ដោះលែង​នេះ​មិន​មែន​ជា​ស្ថាពរ​នៅ​ឡើយ​ទេ។ ការ​ដោះលែង​នេះ គឺ​តាម​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើប​អង្កេត​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សែម សក្ដិកូឡា ចុះ​ថ្ងៃ​១៥ ខែ​មិថុនា ឆ្នាំ​២០១២។

លោកស្រី លី ចាន់ណារី មាន​ប្រសាសន៍​យ៉ាង​ខ្លី​នៅ​ពេល​ចាក​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ថា អ្នក​ស្រី​ត្រេកអរ​ដែល​ត្រូវ​បាន​ដោះ​លែង​មក​វិញ។

លោក សៅ សារឿន និង​អ្នកស្រី លី ចាន់ណារី ត្រូវ​អាជ្ញាធរ​ចាប់ និង​នាំ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា នៅ​ពេល​ដែល​ពួក​គាត់​រៀបចំ​ឯកសារ​ចូល​ទៅ​ធ្វើ​ជា​សាក្សី​អោយ​តំណាង​អ្នក​បឹង​កក់​ចំនួន ១៣​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។