ខ្មែរ​២​នាក់​ត្រូវ​តុលាការ​អូស្ត្រាលី​កាត់​ទោស​ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន

បុរស​ជន​ជាតិ​ខ្មែរ​ពីរ​នាក់​រស់​នៅ​ប្រទេស​អូស្ត្រាលី ត្រូវ​បាន​តុលាការ​អូស្ត្រាលី បើក​សវនាការ​កាត់​ទោស​ពី​បទ​រត់​ពន្ធ​គ្រឿង​ញៀន​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១២។

0:00 / 0:00

ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស​ពិត​មែន​ថា បាន​រត់​ពន្ធ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន។

ការ​បើក​សវនាការ​កាត់​ទោស​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​សហព័ន្ធ និង​គយ​អូស្រ្តាលី បាន​រក​ឃើញ​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ចំនួន​ប្រមាណ ១៣​គីឡូក្រាម បង្កប់​ក្នុង​កញ្ចប់​ជា​ច្រើន​នៃ​ថ្នាំ​រុក្ខជាតិ​ម្យ៉ាង​សំរាប់​លាប​សក់ ដែល​មាន​ទម្ងន់​ប្រមាណ​ជា ៦៥​គីឡូក្រាម ផ្ញើ​តាម​ប៉ុស្តិ៍​ចេញ​ពី​ប្រទេស​កម្ពុជា មក​កាន់​ក្រុង​ម៉ែលប៊ន (Melbourne) នៃ​ប្រទេស​អូស្ត្រាលី។

កាសែត​អូស្ត្រាលី ឈ្មោះ Herald Sun បាន​ឲ្យ​ដឹង​ថា ជន​ជាប់​សង្ស័យ​ទាំង​ពីរ​នាក់​នោះ អាយុ​ប្រមាណ​ជា ៣០​ឆ្នាំ មាន​ឈ្មោះ សុខ សម្បតិ្ត និង កែវ ឈូដាភា រស់​នៅ​ក្រុង​ម៉ែលប៊ន និង​ស៊ីដនី (Sydney)។ បុរស​ខ្មែរ ២​នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​អូស្ត្រាលី ចាប់​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ ទី​១៣ ខែ​មេសា ក្រោយ​ដែល​បាន​ឆែកឆេរ​ក្នុង​ផ្ទះ​ហើយ​រក​ឃើញ​កញ្ចប់​ជា​ច្រើន​ដែល​មាន​បង្កប់​ហេរ៉ូអ៊ីន។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កម្ពុជា​សូម​សំដែង​ការ​កោត​សរសើរ​ចំពោះ​កិច្ច​ប្រឹងប្រែង​របស់​អាជ្ញាធរ​អូស្ត្រាលី ក្នុង​ការ​បង្ក្រាប​ការ​រត់​ពន្ធ​គ្រឿង​ញៀន។ លោក​ថា អាជ្ញាធរ​ខ្មែរ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​សហប្រតិបត្តិការ​ក្នុង​ការ​ស្វែង​រក​បណ្ដាញ​ក្រុម​ជនល្មើស​ពាក់ព័ន្ធ​ការ​រត់ពន្ធ​គ្រឿង​ញៀន​នៅ​កម្ពុជា។

ជន​សង្ស័យ​ដែល​ជា​ជន​ជាតិ​ខ្មែរ​ទាំង​ពីរ​នាក់​នេះ ពុំ​បាន​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ ដោយ​ដាក់​ប្រាក់​ធានា​នោះ​ទេ។ តុលាការ​នឹង​បើក​សវនាការ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១២។

ទាក់ទង​នឹង​បញ្ហា​រត់​ពន្ធ​គ្រឿង​ញៀន​ពី​ប្រទេស​កម្ពុជា ចូល​ទៅ​ក្នុង​ប្រទេស​អូស្ត្រាលី ថ្មីៗ​នេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​អូស្ត្រាលី មាន​គំរោង​ចាប់​ឃាត់​ខ្លួន​ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ នៅ​ទីក្រុង​ម៉ែលប៊ន ប៉ុន្តែ​អាក់​ខាន​មិន​បាន​ធ្វើ​ទៅ​វិញ បន្ទាប់​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា មិន​ព្រម​ចេញ​ទិដ្ឋាការ ឬ វីសា ឲ្យ​លោក ហ៊ុន តូ ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី ព្រោះ​រដ្ឋការ​ក្រុង​កង់ប៊ែរ៉ា មិន​ចង់​ឃើញ​មាន​វិវាទ​ផ្លូវ​ទូត។

អាជ្ញាធរ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​អូស្ត្រាលី បាន​តាម​ដាន​លោក ហ៊ុន តូ ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៤ ហើយ​មន្ទិល​សង្ស័យ​ថា ហ៊ុន តូ មាន​បណ្ដាញ​ជាប់​ទាក់ទង​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់ សំដៅ​លើ​ប្រទេស​អូស្ត្រាលី។

យោង​តាម​ការ​ចុះផ្សាយ​ក្នុង​កាសែត The Sydney Morning Herald នៅ​ថ្ងៃ​ចន្ទ ២៦ មីនា ដែល​ស្រង់​ការ​ស៊ើប​អង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី អាជ្ញាធរ​អូស្ត្រាលី​បាន​តាម​ដាន​ការ​ផ្ទេរ​លុយ​សង្ស័យ​ថា ជា​លុយ​បាន​ពី​ការ​រត់​ពន្ធ​គ្រឿង​ញៀន​ចេញ​ពី​បន​ល្បែង​កាស៊ីណូ ម្កុដ (Crown Casino) នៅ​ទីក្រុង​ម៉ែលប៊ន ដែល​គេ​ថា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ ហ៊ុន តូ យក​ទៅ​ក្នុង​តំបន់​អាស៊ី។

ប្រតិបត្តិការ​តាមដាន​សំដៅ​លើ ហ៊ុន តូ គេ​ដាក់​ឈ្មោះ​ថា ប្រតិបត្តិការ​អ៊ីលីប៉ានហ្គោ (Operation Illipango) ស៊ើប​អង្កេត​ការ​ដឹក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​អារ​រួច។ គ្រឿង​ញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹក​ប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។