ក្មេង​២​នាក់​ត្រូវ​ឃាតក​សម្លាប់​វះ​ពោះ​និង​ក្រលៀន​នៅ​បាត់ដំបង

ក្រុម​អ្នក​ភូមិ​បាន​រក​ឃើញ​សាកសព​ក្មេង​ប្រុស​ម្នាក់ និង​​ស្រី​​ម្នាក់​ ដែល​ត្រូវ​ឃាតក​សម្លាប់ ហើយ​វះ​ពោះ​ និង​វះ​ក្រលៀន ទុក​​ចោល​នៅ​ក្នុង​ព្រៃ​ មាន​ចម្ងាយ​ពី​គ្នា​ជិត​ ៧០​ម៉ែត្រ​ ក្នុង​ភូមិ​អណ្ដូង​កន្ទួត​ ឃុំ​ដូនបា ​ស្រុក​គាស់ក្រឡ ​ខេត្ត​បាត់ដំបង។

ក្មេង​ប្រុស​ ២​នាក់​ និង​ក្មេង​ស្រី​ម្នាក់​ មាន​អាយុ​ពី ៦ ទៅ ១១​ឆ្នាំ ​ជា​កូន​របស់​អ្នក​ភូមិ​អណ្ដូង​កន្ទួត ​ឃុំ​ដូនបា ​ស្រុក​គាស់ក្រឡ បាន​បាត់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១២។

លោក សំអឿន ជា​ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូនបា បាន​បញ្ជាក់​ថា ​​​​ក្មេង​ប្រុស​ម្នាក់​​ទៀត​​​​មិន​​ទាន់​​​ត្រូវ​បាន​គេ​រក​ឃើញ​​​នៅ​​ឡើយ៖ «(សាកសព) ក្មេង​ប្រុស​ជាំ​ក ហើយ​ផ្កាប់​មុខ ដូច​វ៉ៃ ក្មេង​ស្រី វះ​ពោះ ហើយ​ក្រលៀន​សង​ខាង​ប្រេះ​ទាំង​អស់ ផ្ងារ​ពោះ ស្អុយ​ហើយ មាន​ដង្កូវ សក់​រុះ​អស់​ហើយ វា​ដូច​ចាប់​ហែក​ផ្ងារ​ជើង​អ៊ីចឹង ហើយ​វះ​យក...»

លោក​ឧត្ដមសេនីយ៍ ស ថេត ស្នង​ការ​នគរបាល​ខេត្ត​បាត់ដំបង​ បាន​ថ្លែង​ថា ​សមត្ថកិច្ច​ប៉ូលិស​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​ចំពោះ​ករណី​ស្លាប់​ក្មេង​ប្រុស​ស្រី​នេះ​ហើយ។ សមត្ថកិច្ច​ប៉ូលិស​នៅ​ពុំ​មាន​ការ​សន្និដ្ឋាន​បែប​ណា​ជុំវិញ​ការ​កាប់​សម្លាប់​ក្មេង​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នៅ​ឡើយ​ទេ៖ «ឥឡូវ​នេះ​យើង​បញ្ជូន​ខាង​បច្ចេកទេស វិទ្យាសាស្ត្រ ហើយ​ជំនាញ​ស្រុក​ខេត្ត ចុះ​ទៅ​ស្រាវជ្រាវ ព្រោះ​ឥឡូវ យើង​កំពុង​ធ្វើការ​ហ៊ុមព័ទ្ធ​ខ្សែ មិន​ឲ្យ​អ្នក​ណា​ដែល​មិន​មែន​ជា​សមត្ថកិច្ច​ចូល​ទៅ ក្រែង​វា​បាត់​ភស្តុតាង»

ប៉ុន្តែ​ក្រុម​អ្នកភូមិ​ដែល​បាន​ឃើញ​សាកសព​បាន​សន្និដ្ឋាន​ថា ក្មេង​ស្រី​អាយុ ៦​ឆ្នាំ ​ទំនង​ត្រូវ​ឃាតក​សម្លាប់​ហើយ​វះ​យក​ក្រលៀន។ ទោះ​ជា​យ៉ាង​ណា​ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​​បាត់​ខ្លួន​ គេ​នៅ​ពុំ​ទាន់​ ដឹង​ថា​ នៅ​រស់​ ឬ​ក៏​ស្លាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។