ចៅក្រម​អន្តរជាតិ​២​រូប​ស្បថ​ចូល​កាន់​តំណែង​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម

2008-09-06

ចៅក្រម​អន្តរជាតិ​ពីរ​រូប​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​តុលាការ​កាត់ទោស​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៥ កញ្ញា ២០០៨ នេះ នា​ទីក្រុង​ភ្នំពេញ។

RFA Photo/Chea Makara

ពី​ឆ្វេង៖ អ្នកនាង Catherine Marchi-Uhel និង​លោក Siegfried Blunk ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​៥ កញ្ញា ២០០៨ នា​ទីក្រុង​ភ្នំពេញ។

ចៅក្រម​អន្តរជាតិ​មួយ​រូប​គឺ​លោក Siegfried Blunk មក​ពី​ប្រទេស​អាល្លឺម៉ង់​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​ស៊ើបអង្កេត​បម្រុង។ ចំណែកឯ​ចៅក្រម​អន្តរជាតិ​មួយ​រូប​ទៀត គឺ​អ្នកនាង Catherine Marchi-Uhel មក​ពី​ប្រទេស​បារាំង​បាន​ចូល​កាន់​តំណែង​ជា​ចៅក្រម​បម្រុង​នៃ​តុលាការ​កំពូល​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នេះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក រាជ សម្បត្តិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការតែងតាំង​ចៅក្រម​បរទេស​ទាំង​ពីរ​នាក់​បាន​ធ្វើ​ឡើង ដោយ​ការចាត់តាំង​ពី​អង្គការ​សហ​ប្រជាជាតិ។

លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការតែងតាំង​លោក Siegfried Blunk ក៏​ព្រោះតែ​ខាង​ភាគី​អង្គការ​សហ​ប្រជាជាតិ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​នៅ​មិន​ទាន់​មាន​ចៅក្រម​ស៊ើបអង្កេត​បម្រុង​នៅឡើយ។

លោក រាជ សម្បត្តិ បាន​ឲ្យ​ដឹង​ទៀត​ថា ការតែងតាំង​អ្នកនាង Catherine Marchi-Uhel ឲ្យ​ធ្វើ​ជា​ចៅក្រម​បម្រុង​នៃ​តុលាការ​កំពូល​នៃ​សាលាក្ដី​ខ្មែរ​ក្រហម គឺ​ដើម្បី​ជំនួស​ចៅក្រម​បម្រុង​អន្តរជាតិ​មួយ​រូប​គឺ​លោក Martin Karopkin ជនជាតិ​អាមេរិក​ដែល​បាន​លាលែង​ពី​តំណែង កាលពី​ខែ​មករា ដើម​ឆ្នាំ​នេះ ដោយ​ជាប់​កាតព្វកិច្ច​ផ្សេង។

លោក រាជ សម្បត្តិ បាន​ឲ្យ​ដឹង​ថា ៖ «សហ​ចៅក្រម​ស៊ើប​ហ្នឹង​អត់​មាន​បម្រុង ពី​មុន​មក​ខាង​បរទេស​អត់​មាន​បម្រុង​ទេ អ៊ីចឹងហើយ​បាន​ជា​គេ​រើស​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ទៀត​ដើម្បី​បម្រុង ព្រោះ​ខាង​កម្ពុជា​យើង​មាន​ចៅក្រម​បម្រុង។ ចំណែក​មួយ​ទៀត​ចៅក្រម​បម្រុង​សម្រាប់​តុលាការ​កំពូល គឺ​ជនជាតិ​អាមេរិកាំង​ហ្នឹង​លោក​សុំ​លា​ឈប់ អ៊ីចឹង​បាន​ជា​លោកស្រី​ដែល​ជា​ជនជាតិ​បារាំង​ហ្នឹង​លោក​ចូល​ស្បថ​ជំនួស​មិញ​ហ្នឹង»

គួរ​ជម្រាប​ថា ចៅក្រម​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​បាន​ស្បថ​ចូល​កាន់​តំណែង​ដំបូង​តាំងពី​ខែ​កក្កដា ឆ្នាំ​២០០៦។

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ធន សារ៉ាយ បាន​ឲ្យ​ដឹង​ថា​ការ​ដែល​ចៅក្រម​ទើបតែ​បាន​ចូល​កាន់​តំណែង​ដែល​នៅ​ទំនេរ​នោះ មិន​មាន​ការប៉ះពាល់​អ្វី​ដល់​ដំណើរការ​នៃ​ការ​កាត់​ទោស​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ដែល​មាន​វ័យ​កាន់តែ​ចាស់​ជរា​នោះ​ឡើយ។

លោក ធន សារ៉ាយ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ថា​វា​មិន​អី​ទេ​បាទ ពីព្រោះ​កាល​ដែល​គាត់​ស្បថ​ចូល​ហើយ គាត់​ធ្វើការ​បាន​ហើយ​អ៊ីចឹង​វា​មិន​ជា​យឺត​ប៉ុន្មាន​ទេ វា​អាច​រុញ​ទៅ​បាន​ហើយ»

រហូត​មក​ទល់​នឹង​ពេល​នេះ មាន​មេ​ដឹកនាំ​ខ្មែរ​ក្រហម​កំពូលៗ​ចំនួន​៥​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ដោយ​សាលាក្ដី​ខ្មែរ​ក្រហម​ដែល​ក្នុង​នោះ​មាន​អតីត​ប្រធាន​គណៈប្រធានរដ្ឋ លោក ខៀវ សំផន អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក អៀង សារី អតីត​ប្រធាន​រដ្ឋសភា លោក នួន ជា អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោកស្រី អៀង ធីរិទ្ធ ដែល​ត្រូវ​ជា​ភរិយា​របស់​លោក អៀង សារី និង​អតីត​ប្រធាន​គុក​ទួលស្លែង ឬ​មន្ទីរ​ស-២១ លោក កាំង ហ្កិចអៀវ ហៅ ឌុច។ ចំណែក​ឯ​មេ​ដឹកនាំ​កំពូល​របស់​ខ្មែរ​ក្រហម ឈ្មោះ ប៉ុល ពត បាន​ស្លាប់​បាត់បង់​ជីវិត​តាំងពី​ឆ្នាំ​១៩៩៨​មក​ម៉្លេះ។

គួរ​ជម្រាប​ផងដែរ​ថា ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច​គ្រប់គ្រង​ប្រទេស​កម្ពុជា នា​ខែ​មេសា ឆ្នាំ​១៩៧៥ ហើយ​ត្រូវ​បាន​ផ្ដួល​រំលំ​ដោយ​ការឈ្លានពាន​របស់​វៀតណាម នៅ​ដើម​ឆ្នាំ​១៩៧៩។

ក្នុង​អំឡុង​ពេល​ដែល​ខ្មែរ​ក្រហម​កាន់​អំណាច​គេ​សង្ស័យ​ថា មាន​មនុស្ស​ប្រមាណ​ជិត​ពីរ​លាន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ជំងឺ​ខ្វះ​ថ្នាំ​ព្យាបាល ការសម្លាប់​រង្គាល កង្វះ​ចំណី​អាហារ និង​ការងារ​ហួស​កម្លាំង៕

អត្ថបទ​ដែល​ទាក់ទង

ជន​រង​គ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ខឹង​សម្បា​នឹង​ការយឺត​យ៉ាវ​ក្នុង​ការ​កាត់​ក្តី​អតីត​មេ​ខ្មែរ​ក្រហម

ការ​កសាង​សារមន្ទីរ​ខ្មែរ​ក្រហម​នៅ​អន្លង់វែង មិន​ទាន់​ចេញ​ជា​រូប​រាង​ទេ

ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ស្នើ​ឲ្យ​ដក​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម​មួយចំនួន

ខៀវ សំផន ត្រូវ​តុលាការ​សម្រេច​បន្ត​ឃុំ​ខ្លួន​មួយ​ឆ្នាំ​ទៀត

មន្ត្រី​អ.ស.ប.​នឹង​មក​កម្ពុជា​ដើម្បី​ជជែក​អំពី​បញ្ហា​សាលាក្ដី​ខ្មែរ​ក្រហម

អតីត​មេ​ដឹកនាំ​ខ្មែរ​ក្រហម​៣​រូប​នឹង​ត្រូវ​ឃុំ​ខ្លួន​បន្ត​ទៅ​ទៀត

សវនាការ​ស្ដីពី​ការបកប្រែ​សំណុំ​រឿង​ខៀវ សំផន នឹង​ធ្វើ​នៅ​ថ្ងៃ​៤​ធ្នូ

អ្នក​ថតរូប​ជនជាតិ​ស៊ុយអែដ​សោកស្ដាយ​ដោយ​ធ្លាប់​គាំទ្រ​របប​ខ្មែរ​ក្រហម

អ្នក​ថតរូប​ជាតិ​ស៊ុយអែត​គ្រោង​មក​តាំង​ពិព័រណ៍​រូបថត​សម័យ​ខ្មែរ​ក្រហម​នៅ​កម្ពុជា

ឥស្សរជន​ខ្មែរ​អាមេរិកាំង​អំពាវនាវ​ឲ្យ​កម្ពុជា​ជំរុញ​ការកាត់ទោស​មេ​ខ្មែរក្រហម​ឲ្យ​បាន​ឆាប់