ចៅក្រមអន្តរជាតិមួយរូបគឺលោក Siegfried Blunk មកពីប្រទេសអាល្លឺម៉ង់បានស្បថចូលកាន់តំណែងជាចៅក្រមស៊ើបអង្កេតបម្រុង។ ចំណែកឯចៅក្រមអន្តរជាតិមួយរូបទៀត គឺអ្នកនាង Catherine Marchi-Uhel មកពីប្រទេសបារាំងបានចូលកាន់តំណែងជាចៅក្រមបម្រុងនៃតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហមនេះ។
មន្ត្រីអ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក រាជ សម្បត្តិ បានមានប្រសាសន៍ឲ្យដឹងថា ការតែងតាំងចៅក្រមបរទេសទាំងពីរនាក់បានធ្វើឡើង ដោយការចាត់តាំងពីអង្គការសហប្រជាជាតិ។
លោកបានមានប្រសាសន៍ឲ្យដឹងថា ការតែងតាំងលោក Siegfried Blunk ក៏ព្រោះតែខាងភាគីអង្គការសហប្រជាជាតិនៃសាលាក្ដីខ្មែរក្រហមនេះនៅមិនទាន់មានចៅក្រមស៊ើបអង្កេតបម្រុងនៅឡើយ។
លោក រាជ សម្បត្តិ បានឲ្យដឹងទៀតថា ការតែងតាំងអ្នកនាង Catherine Marchi-Uhel ឲ្យធ្វើជាចៅក្រមបម្រុងនៃតុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម គឺដើម្បីជំនួសចៅក្រមបម្រុងអន្តរជាតិមួយរូបគឺលោក Martin Karopkin ជនជាតិអាមេរិកដែលបានលាលែងពីតំណែង កាលពីខែមករា ដើមឆ្នាំនេះ ដោយជាប់កាតព្វកិច្ចផ្សេង។
លោក រាជ សម្បត្តិ បានឲ្យដឹងថា ៖ «សហចៅក្រមស៊ើបហ្នឹងអត់មានបម្រុង ពីមុនមកខាងបរទេសអត់មានបម្រុងទេ អ៊ីចឹងហើយបានជាគេរើសជនជាតិអាល្លឺម៉ង់ម្នាក់ទៀតដើម្បីបម្រុង ព្រោះខាងកម្ពុជាយើងមានចៅក្រមបម្រុង។ ចំណែកមួយទៀតចៅក្រមបម្រុងសម្រាប់តុលាការកំពូល គឺជនជាតិអាមេរិកាំងហ្នឹងលោកសុំលាឈប់ អ៊ីចឹងបានជាលោកស្រីដែលជាជនជាតិបារាំងហ្នឹងលោកចូលស្បថជំនួសមិញហ្នឹង»។
គួរជម្រាបថា ចៅក្រមនៃសាលាក្ដីខ្មែរក្រហមបានស្បថចូលកាន់តំណែងដំបូងតាំងពីខែកក្កដា ឆ្នាំ២០០៦។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ បានឲ្យដឹងថាការដែលចៅក្រមទើបតែបានចូលកាន់តំណែងដែលនៅទំនេរនោះ មិនមានការប៉ះពាល់អ្វីដល់ដំណើរការនៃការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលមានវ័យកាន់តែចាស់ជរានោះឡើយ។
លោក ធន សារ៉ាយ បានមានប្រសាសន៍ថា ៖ «ខ្ញុំថាវាមិនអីទេបាទ ពីព្រោះកាលដែលគាត់ស្បថចូលហើយ គាត់ធ្វើការបានហើយអ៊ីចឹងវាមិនជាយឺតប៉ុន្មានទេ វាអាចរុញទៅបានហើយ»។
រហូតមកទល់នឹងពេលនេះ មានមេដឹកនាំខ្មែរក្រហមកំពូលៗចំនួន៥នាក់ត្រូវបានឃុំខ្លួន ដោយសាលាក្ដីខ្មែរក្រហមដែលក្នុងនោះមានអតីតប្រធានគណៈប្រធានរដ្ឋ លោក ខៀវ សំផន អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក អៀង សារី អតីតប្រធានរដ្ឋសភា លោក នួន ជា អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកស្រី អៀង ធីរិទ្ធ ដែលត្រូវជាភរិយារបស់លោក អៀង សារី និងអតីតប្រធានគុកទួលស្លែង ឬមន្ទីរស-២១ លោក កាំង ហ្កិចអៀវ ហៅ ឌុច។ ចំណែកឯមេដឹកនាំកំពូលរបស់ខ្មែរក្រហម ឈ្មោះ ប៉ុល ពត បានស្លាប់បាត់បង់ជីវិតតាំងពីឆ្នាំ១៩៩៨មកម៉្លេះ។
គួរជម្រាបផងដែរថា ខ្មែរក្រហមបានឡើងកាន់អំណាចគ្រប់គ្រងប្រទេសកម្ពុជា នាខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវបានផ្ដួលរំលំដោយការឈ្លានពានរបស់វៀតណាម នៅដើមឆ្នាំ១៩៧៩។
ក្នុងអំឡុងពេលដែលខ្មែរក្រហមកាន់អំណាចគេសង្ស័យថា មានមនុស្សប្រមាណជិតពីរលាននាក់បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺខ្វះថ្នាំព្យាបាល ការសម្លាប់រង្គាល កង្វះចំណីអាហារ និងការងារហួសកម្លាំង៕
