សម្ពោធ​រូបសំណាក​មេទ័ព​ខ្មែរ​២​រូប​ចំ​ថ្ងៃ​កំណើត​លោក ហ៊ុន សែន

មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ​ការ​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​​រូប​សំណាក់​​មេទ័ព ២​រូប ដែល​​គេ​ចាត់​ទុក​​ជា​មេទ័ព​ដែល​មាន​កេរ្តិ៍​​ឈ្មោះ​ល្បី​ល្បាញ និង​មហិទ្ធិឫទ្ធិ​ការពារ​ទឹក​ដី​ក្នុង​សម័យ​លង្វែក គឺ​​តេជោ​មាស និង​តេជោ​យ៉ត ​​ធ្វើ​ឡើង​ចំ​ថ្ងៃ​កំណើត​របស់​​នាយករដ្ឋមន្ត្រី​​លោក ហ៊ុន សែន។
ដោយ ម៉ម មុនីរតន៍
2012-09-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រូបសំណាក ៣០៥
១-កញ្ញា-២០១២៖ រូបសំណាក​តេជោ មាស និង​តេជោ យ៉ត នៅ​សួន​ច្បារ​មាត់​ទន្លេ មុខ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ។
RFA

លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ក្នុង​​​ពិធី​សម្ពោធ​រូប​សំណាក​មេទ័ព​ទាំង​ពីរ​នៅ​សួន​ច្បារ​​មាត់​ទន្លេ​ មុខ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ​កញ្ញា​ ថា ​​ថ្ងៃ​សម្ភោធ​រូប​សំណាក​នេះ គឺ​ចំ​ថ្ងៃ​កំណើត​របស់​លោក ហ៊ុន សែន ​គឺ​ថ្ងៃ ១៥​កើត ឆ្នាំ​រោង។

លោក កែប ជុតិមា ចាត់​ទុក​ថា ​ក្នុង​ចំណោម​មេទ័ព ៤៩​នាក់ ដែល​ទទួល​បាន​គោរមងារ​ជា "តេជោ" ​ក្នុង​នោះ​ក៏​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​​ ដែល​គេ​គិត​ថា​ សាកសម​ក្នុង​ការ​ទទួល​បាន​ឋានៈ​មួយ​នេះ​សម្រាប់​ជាតិ​មាតុ​ភូមិ។

លោក កែប ជុតិមា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ ១៥​កើត​ពេញបូណ៌មី ខែ​ស្រាពណ៍ ឆ្នាំ​រោង ចត្វាស័ក ពុទ្ធសករាជ ២៥៥៦ ដែល​ជា​ទិវា​ខួប​មួយ​ចក្រ​រាសី​របស់​សម្ដេច​​អគ្គមហាសេនាបតី ហ៊ុន សែន។ ការ​ចាប់​បដិសន្ធិ​របស់​សម្ដេច​តេជោ​នៅ​លើ​មាតុ​ភូមិ​យើង គឺ​ជា​​ការ​បង្ហាញ​អំពី​ភ័ព្វសំណាង​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ទទួល​តួ​អង្គ​ដ៏​ខ្លាំងក្លា ហើយ​ដែល​ប្រជាជន​កម្ពុជា ទូទាំង​រាជធានី​សូម​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​​ពី​សម្ដេច​អគ្គមហាសេនាបតី​តេជោ សូម​ប្រសិទ្ធិនាម​ជូន​សម្ដេច​ជា​មហាបុរស​នៃ​ប្រវត្តិសាស្ត្រ​នា​ឱកាស​ដ៏​មហា​ប្រសើរ​នេះ»

ទាក់​ទិន​ករណី​នេះ លោក កែប ជុតិមា ឲ្យ​ដឹង​ថា អ្វី​ដែល​ដែល​លោក ហ៊ុន សែន ទទួល​បាន​គោរមងារ​ដូច​អតីត​មេ​ទ័ព​ដែរ​នោះ ក៏​​ព្រោះ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ជា​មនុស្ស​ដែល​មាន​បុណ្យ​វាសនា និង​ឥទ្ធិពល​​ដែល​បាន​សម្រេច​កិច្ចការ​មួយ​ចំនួន​សម្រាប់​ប្រទេស​ជាតិ រួម​មាន​​ការ​រំដោះ​ប្រទេស​ជាតិ​ពី​របស់​ខ្មែរ​ក្រហម​ ការ​បញ្ចប់​ជម្លោះ​រវាង​ផ្ទៃ​ក្នុង​​ខ្មែរ​និង​ខ្មែរ នយោបាយ​ឈ្នះៗ​កសាង​សន្តិភាព និង​អាច​រក្សា​បាន​នូវ​បូរណភាព​ទឹក​ដី​ពី​​ការ​ឈ្លានពាន​របស់​បរទេស​ចាប់​ពី​ក្រោយ​សម័យ​អង្គរ ការ​ធ្វើ​បដិវត្ត​ជលផល​បឹង​ទន្លេ​សាប ដែល​អូស​បន្លាយ​​ជាង​មួយ​​សតវត្ស និង​កំណែ​ទម្រង់​ដីធ្លី​សម្រាប់​ពលរដ្ឋ។

ក៏​ប៉ុន្តែ​បញ្ហា​នេះ​​ត្រូវ​បាន​មន្ត្រី​បក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការវិវត្តន៍​ស្ថានការណ៍​សង្គម​គិត​ថា លោក ហ៊ុន សែន ពុំ​មែន​ជា​វីរជន​ទេ គឺ​គ្រាន់​តែ​ជា​អ្នក​ក្លាហាន ព្រោះ​ប្រព័ន្ធ​មួយ​ចំនួន​ដូច​ជា​អំពើ​ពុករលួយ និង​ការ​រំលោភ​សិទ្ធិមនុស្ស​​នៅ​តែ​បន្ត​ញាំញី​សង្គម​​កម្ពុជា ដែល​គេ​រក​ឃើញ​ថា នៅ​​មាន​កម្រិត​ខ្ពស់​​​នៅឡើយ។

លោក ស៊ឺន ស៊ូប៊ែរ្តិ៍ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សិទ្ធិមនុស្ស ចាត់​ទុក​ថា ការ​ព្យាយាម​លើក​កម្ពស់​តម្លៃ​​លោក ហ៊ុន សែន ទៅ​នឹង​អតីត​មេ​ដឹកនាំ​ក្នុង​សម័យ​មុន​នោះ ​គឺ​ជា​ប្រការ​ដែល​គួរ​ឲ្យ​ខ្មាសអៀន។លោក​គិត​ថា បើ​តាម​ច្បាប់​អន្តរជាតិ នយោបាយ​​របស់​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន គឺ​ពុំ​បាន​នាំ​នូវ​ការ​ចំណេញ​សម្រាប់​ជាតិ​នោះ​ទេ។

លោក ស៊ឺន ស៊ូប៊ែរ្តិ៍៖ «កាល​តេជោ​ទាំង​ប៉ុន្មាន​ហ្នឹង ខ្ញុំ​មិនសូវ​ស្គាល់​ប្រវត្តិសាស្ត្រ​ច្បាស់​ទេ។ ក៏ប៉ុន្តែ​បើ​ខ្ញុំ​គិត​​ទៅ​តេជោ​ថ្មី​នេះ មុន​នឹង​លោក​បាន​ទទួល​ងារ​ពី​ព្រះមហាក្សត្រ​ហ្នឹង ...បើ​ប្រៀបធៀប​ទៅ​នៅ​ស្រុក​បារាំង គេ​ថា​របប​នៃ​សហការ​​ជាមួយ​បរទេស​ឈ្លាន​ពាន​បាត់​ទៅ​ហើយ​ហ្នឹង»

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​សង្គម។ លោក​គិត​​ថា គេ​គួរ​រំលឹក​គុណ​ចំ​ពោះ​មេ​ដឹក​នាំ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ដែល​ពលិកម្ម​ដើម្បី​ជាតិ​ក្នុង​អតីតកាល​​បន្ថែម​ពី​នេះ។ លោក​ចាត់​ទុក​ថា នេះ​​ការ​ព្យាយាម​បង្ហាញ​ពី​ឥទ្ធិ​ពលរដ្ឋ​របស់​លោក ហ៊ុន សែន ដែល​ទទួល​បាន​ងារ​ជា​តេជោ​ដែរ​នោះ។

លោក អ៊ូ វីរៈ៖ «អ្នក​ដែល​បាន​ពលី​ជីវិត​ដោយ​សារ​សេរីភាព​ខ្ញុំ​ថា​ជា​រឿង​មួយ​ដែល​ចាំបាច់ ប៉ុន្តែ​រឿង​ថ្នាក់​ដឹកនាំ​​អ្នក​នយោបាយ​​ជា​ទូទៅ នៅ​ក្នុង​របប​ប្រជាធិបតេយ្យ​អ្នក​នយោបាយ​អត់​ឲ្យ​មាន​ឈ្មោះ អត់​ឲ្យ​មាន​អី​អ៊ីចឹង​ទេ នៅ​តាម​ផ្លូវ​នៅ​តាម​អី​ក៏​ដោយ គឺ​ទាល់​តែ​អ្នក​ស្លាប់​ហើយ​ទើប​​គេ​ចាប់​ផ្តើម​ជជែក​ពី​ការ​ដាក់​ឈ្មោះ។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​​គេ​មិន​ដែល​ដាក់​ឈ្មោះ​នៅ​ពេល​អ្នក​នៅ​រស់ ឬ​នៅ​ពេល​ធ្វើ​នយោបាយ​នៅ​ឡើយ​ទេ។ ខ្ញុំ​មើល​ទៅ​ជា​រឿង​សោកស្ដាយ​នៃ​លទ្ធិប្រជាធិបតេយ្យ​​មួយ​ដែល​មិន​ទាន់​ចាស់​ទុំ​ទាល់​តែ​សោះ​បាទ! ហើយ​យើង​ឃើញ​មាន​ការ​ប្រើ​ប្រាស់​​តួនាទី និង​អំណាច​ដើម្បី​លាប​ពណ៌​បែប​ហ្នឹង​ចំពោះ​សាធារណជន​​ជា​រឿង​មួយ​មិន​មែន​សប​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ»

ទាក់​ទិន​ករណី​នេះ​មន្ត្រី​និយាយ​ថា រូប​សំណាក​តេជោ​មាស និង​តេជោ​យ៉ត ​ដែល​គេ​រៀបចំ​នៅ​ក្បែរ​មាត់​ទន្លេ​នេះ​​​ស្ថិត​ខាង​មុខ​សួន​​វត្តឧណ្ណាលោម ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​មួយ ខណ្ឌ​ដូនពេញ។ រូបសំណាក​ទាំង​ពីរ​នេះ​ត្រូវ​គេ​សាង​​ឡើង​អំពី​ស្ពាន់​កម្ពស់ ៣,០៦​ម៉ែត្រ ជិះ​នៅ​លើ​ខ្នង​សេះ មុខ​បែរ​ទៅ​ទិស​ពាយព្យ គឺ​ទិស​ខាង​លិច​ឆៀង​ខាង​ជើង ដោយ​ឈរ​លើ​ផ្ទាំង​ថ្ម​ដា​ធម្មជាតិ​ប្រវែង ៥​ម៉ែត្រ កម្ពស់ ១,៨០​ម៉ែត្រ និង​អប​ដោយ​ស្មៅ​ពណ៌​បៃតង​ព័ន្ធ​ជុំវិញ។ ការ​សាង​សង​រូប​សំណាក​ទាំង​ពីរ​នេះ​ត្រូវ​ចំណាយ​ពេល​ជិត ៥​ខែ ដោយ​គិត​ចាប់​ថ្ងៃ​ទី​២ ខែ​មេសា ហើយ​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា និង​សម្ពោធ​ជា​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២។

កិច្ច​ផ្ដួច​ផ្ដើម​ដែល​នាំ​ឲ្យ​មាន​រូបសំណាក​ពី​មេទ័ព​ទាំង​ពីរ​នេះ​ឡើង គឺ​ក្នុង​ន័យ​រំលឹក​នូវ​គុណ​បំណាច់ និង​វីរភាព​ក្នុង​ពេល​ដែល​មេទ័ព​ទាំង​ពីរ​តស៊ូ​ប្រយុទ្ធ​ប្រឆាំង​នឹង​សត្រូវ​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា នៅ​ចន្លោះ​សតវត្ស​ទី​១៦-​១៧ នៃ​គ្រិស្តសករាជ​ជាមួយ​ប្រទេស​ថៃ ក្នុង​រាជ​ព្រះបាទ​ជ័យជេដ្ឋាទី២ នា​សម័យ​លង្វែក និង​ឧត្តុង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

Parts II:I do not want to teach fish how to swim in water ,has you ever thought who was more suffered and sacrifice forming the worlds being united,or because of Russia,Great Britis,USA had defeated Adolf Hitler.if you smart enought we should have reserving good place to built status USA,Russia,Great Britis they are world heros.

Sep 04, 2012 12:44 AM

អ្នក​អាន​អនាមិក

វិរៈបុរសទាទួលងារជាតេជោ ឯពួកក្បត់បានទទួលងារជាមហាដេកជោរ!!!

Sep 03, 2012 09:03 PM

Eagle Master

ពី Pa(USA)

The following department of education must packed up the proposal to the king and Mr:Hun Sen's administration in order to prepared king Jayvarman status in all publice school or privates school.

Sep 03, 2012 06:18 PM

អ្នក​អាន​អនាមិក

មានអ្នកណាលើកតំកើងបណ្ឌិតអក្សរសាស្ត្រខ្មែរ លោក កេង វ៉ាន់សាក់ និងបណ្ឌិត ខៀវ សន ឬនៅ??

Sep 03, 2012 07:16 AM

កូនប៉ា

ពី កូស៊ាំងស៊ីន

ខ្ញុំធ្លាប់លឺគេថា សាលាក្រុងបានសាងសងរូបសំណាកតេជោសែន ក្នុងបរិមេណមន្ទីរប្រឆាំងអំពើរលួយ?​តើយ៉ាងម៉េចហើយរឿងហ្នឹង? បើសិនមែននោះវាពិតជាតំណាំងឲ្យភាពស្មុកស្មាញក្នុងការប្រព្រឹត្តិអំពើពុករលួយជាលក្ខណៈប្រព័ន្ធក្នុងសម័យតេជោសែនហើយ!!ហេសហេ!!!

Sep 03, 2012 04:41 AM

មើល​មតិ​ទាំង​អស់.