លោក គឹម សេងលី តំណាងគណបក្សសិទ្ធិមនុស្សខេត្តកំពង់ចាម បានឲ្យដឹងនៅថ្ងៃទី២ ខែកញ្ញា ថា ឈ្មោះ ផាន ផា និងឈ្មោះ ភូ យាន ជាសកម្មជននៅភូមិទួលខ្សាច់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវបានប៉ូលិសឃាត់ខ្លួន ហើយបញ្ជូនមកស្នងការដ្ឋាន ដោយចោទថា បានចែកខិត្តប័ណ្ណញុះញង់របស់គណបក្សទៅឲ្យអ្នកផ្សេង។
លោកបន្តថា ៖ «ថ្ងៃ១ (សីហា) ប្រហែលម៉ោង ៦ និង ១០នាទី នគរបាលប៉ុស្តិ៍គេបានទៅនាំខ្លួនសកម្មជនរបស់ខ្ញុំពីររូប ហើយខ្ញុំបានតេ (ទូរស័ព្ទ) ទៅជួបស្នងការនគរបាល គេថា នឹងរៀបចំឯកសារបញ្ជូនទៅតុលាការ ដោយសារគេចោទប្រកាន់ពីបទញុះញង់។ ខ្លឹមសារនៃឯកសារ គឺទាក់ទងបញ្ហាប្រវត្តិសាស្ត្រពីបញ្ហានៃការបាត់បង់ទឹកដី និងបញ្ហាមហិច្ឆតាយួន សៀម ដែលរំលោភយកទឹកដីខ្មែររហូតមកទល់បច្ចុប្បន្ន។ អ្នកដឹកនាំបច្ចុប្បន្នធ្វើឲ្យបាត់បង់ទឹកដីមួយចំនួន ហើយផ្ដល់ដីសម្បទាន ៩៩ឆ្នាំទៅឲ្យជនបរទេស ជាបញ្ហាគ្រោះថ្នាក់ប្រទេសជាតិ។ គ្រាន់តែខ្លឹមសារក្រោយនិយាយពីបញ្ហាអ្នកដឹកនាំរាល់ថ្ងៃគេចោទថា ជាអំពើញុះញង់ ថាយើងយកឯកសារហ្នឹងមកផ្សព្វផ្សាយ ថាធ្វើឲ្យប៉ះពាល់ដល់រដ្ឋាភិបាល»។
ស្នងការរងប៉ូលិសខេត្តកំពង់ចាម គឺលោក ជឹម សេងហុង មិនបំភ្លឺពីរឿងនេះទេ ដោយថា កំពុងជាប់រវល់។ លោក គឹម សេងលី បានឲ្យដឹងថា កន្លងមកមានតែសកម្មភាពបំភិតបំភ័យ តែមិនដែលមានការចាប់ខ្លួនដូចលើកនេះទេ៕