តុលាការ​ដោះលែង​សកម្មជន​បក្ស​សិទ្ធិ​មនុស្ស​២​រូប

តុលាការ​ខេត្ត​កំពង់ចាម នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៦ ខែ​កញ្ញា បាន​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស​ចំនួន​ពីរ​នាក់ ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃុំ​ខ្លួន​ដោយ​ជាប់​ចោទ​ពី​បទ​ញុះញង់​ក្នុង​ការ​ចែកចាយ​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ដែល​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា បាន​ធ្វើ​បាត់​បង់​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។

លោក ផាន ផា និង​លោក ភូ យាន ជា​សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ឃាត់ និង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​កាល​ពី​រសៀល​ថ្ងៃ​ទី​១ ខែ​កញ្ញា។

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស មាន​ប្រសាសន៍​ពី​ខេត្ត​កំពង់ចាម ថា សកម្មជន​ទាំង​ពីរ​នាក់​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ដោះលែង​ឲ្យ​វិល​ទៅ​លំនៅឋាន​របស់​ពួកគេ​រង់ចាំ​ការ​ស៊ើប​អង្កេត​ជា​បន្ត។

លោក កឹម សុខា បន្ត​ទៀត​ថា គណបក្ស​សិទ្ធិ​មនុស្ស​នឹង​បន្ត​ឃ្លាំមើល​វិធានការ​របស់​តុលាការ​ខេត្ត ព្រោះ​ខ្លាច​តុលាការ​ចាប់​ខ្លួន​សកម្មជន​ទាំង​ពីរ​នាក់​នោះ​សា​ជា​ថ្មី​ម្ដង​ទៀត ៖ «ខ្ញុំ​បាន​ជួប​គាត់​ផ្ទាល់ ឃើញ​ថា ស្មារតី​គាត់​រឹងមាំ គាត់​មិន​ចុះញ៉ម មិន​ខ្លាចរអា​នឹង​អំពើ​អយុត្តិធម៌​ទេ..»

រដ្ឋាភិបាល​កាល​ពី​ពេល​ថ្មីៗ​នេះ​មិន​មាន​ភាព​អត់ធ្មត់​នឹង​ការ​រិះគន់​ពាក់ព័ន្ធ​នឹង​ការ​បាត់បង់​ទឹក​ដី​ឲ្យ​ប្រទេស​វៀតណាម នោះ​ទេ។

ប្រធាន​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ និង​ខេត្ត​ស្វាយរៀង កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ច្រើន​ជាង ១០​ឆ្នាំ ពី​បទ​រិះគន់​ព្រំដែន​កម្ពុជា និង​វៀតណាម៕