លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃអង្គារ ទី៨ កក្កដានេះ ថា សាក្សីពីរនាក់ដែលបានឃើញការបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជានៅក្នុងទឹកដីថៃជាប់ព្រំប្រទល់នឹងខេត្តបន្ទាយមានជ័យ ត្រូវបាននាំយកទៅរក្សាសុវត្ថិភាពនៅឯស្ថានទូតខ្មែរប្រចាំប្រទេសថៃហើយ ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេស បានឲ្យដឹងថាការរក្សាទុកសាក្សីពីរនាក់នោះគឺដើម្បីសហការជាមួយនឹងភាគីថៃ ដើម្បីធ្វើជាសាក្សីនៃការបាញ់ប្រហារនិងជួយអាជ្ញាធរថៃគូរគំនូរព្រាងកំណត់មុខសញ្ញាដែលបានធ្វើការបាញ់ប្រហារមកលើពលរដ្ឋកម្ពុជាកាលពីពេលថ្មីៗនេះ ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «...មានសាក្សី២នាក់ដែលយើងកំពុងឲ្យស្នាក់នៅស្ថានអគ្គកុលស៊ុលយើងនៅសះកែវ ដើម្បីបង្ហាញឲ្យអាជ្ញាធរថៃរកចាប់ជនដែលបាញ់ខ្មែរយើង២នាក់ហ្នឹង ។ ២នាក់នេះនគរបាលថៃគេបានទុកនៅកន្លែងគេដើម្បីគេសួរគេគូសភិនភាគអ្នកដែលបាញ់ ។ ឥឡូវដើម្បីឲ្យជនជាតិខ្មែរ២នាក់រស់នៅបានស្រួលខ្ញុំបានបញ្ជាឲ្យយក២នាក់ហ្នឹងទៅនៅស្ថានអគ្គកុលស៊ុល ដើម្បីរស់នៅឲ្យស្រួលបួលធ្វើជាសាក្សីផង ជួយគេដើម្បីគូសរូបអ្នកបាញ់នេះ ។ ហើយខ្ញុំបានបញ្ជាយ៉ាងច្បាស់ថាធ្វើការតវ៉ាឲ្យខ្លាំងដល់អាជ្ញាធរថៃចំពោះនេះ» ។
គួរជម្រាបថាកាលពីពេលថ្មីៗនេះមានសេចក្តីរាយការណ៍មកថា មានប្រជាពលរដ្ឋខ្មែរពីររូបត្រូវបានគេបាញ់សម្លាប់ក្នុងទឹកដីថៃ បន្ទាប់ពីបានចូលទៅក្នុងទឹកដីថៃ ដើម្បីស្វែងរកការងារធ្វើ ។
មន្ត្រីសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុម ចាន់គា ធ្លាប់បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា បើតាមការឲ្យដឹងពីគ្នីគ្នារបស់ជនរងគ្រោះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនោះគឺជាទាហានឈុតខ្មៅថៃ ៕
