លោក អ៊ុយ សំអាត ប្រធានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងអង្គារ ទី៣ ខែវិច្ឆិកា ថា ៖ «ស្លាប់២ ម្ដាយជាមួយកូន ក្រោមឈើដែលរលំលើ ហើយរបួស៣ នៅ(ស្រុក)ពេជ្រាដា ឃុំជីហ្នឹង ហើយខូចផ្ទះ១ខ្នង... ក៏ប៉ុន្តែនៅស្រុកទល់ដែនរលំផ្ទះ៧-៨ខ្នង ហើយនៅរតនគិរីបន្ទាប់ពីលិចស្រូវខូចស្រូវខ្លះ យប់មិញហ្នឹងក៏ដូចគ្នាដែរ ប៉ះពាល់សណ្ដែកសៀងគាត់»។
លោក ញឹម វណ្ណដា ជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ៖ «ចាំមើលខ្ញុំស៊ើបបន្តិចទៅមើល! ឥឡូវកំពុងជាប់នៅបរមរាជវាំងឯណេះ»។
លោកស្រី សិទ្ធ វណ្ណារ៉េត ប្រធាននាយកដ្ឋានឧតុនិយមនៃក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍បំភ្លឺថា ខ្យល់ព្យុះថ្មីនេះគ្មានឥទ្ធិពលខ្លាំងក្លាទេមកលើប្រទេសកម្ពុជានោះ។
លោកស្រី សិទ្ធ វណ្ណារ៉េត បានបញ្ជាក់ថា ៖ «មីរីណេក៏វាឆ្លងកាត់ហ្វ៊ីលីពីនដែរ ប៉ុន្តែមិនមានឥទ្ធិពលអីធ្ងន់ធ្ងរមកលើយើងទេ បានន័យថាវារលាយបាត់មិញហើយ ព្រឹកមិញវាជាសម្ពាធទាប តែវារលាយបាត់ហើយ»។
សុខ សេរី ៖ តើវាប៉ះពាល់ខេត្តភាគខាងណានៃប្រទេសកម្ពុជា? សិទ្ធ វណ្ណារ៉េត ៖ ពីម្សិលមិញពីម៉ោង២ វាមានភ្លៀងខ្លះនៅមណ្ឌលគិរី ស្ទឹងត្រែង រតនគិរី។ ភូមិភាគកណ្ដាលយើងមានភ្លៀងដែរតែតិចតួច។
កាលពីចុងខែតុលាថ្មីៗនេះ អង្គការក្រៅរដ្ឋាភិបាលអន្តរជាតិមួយនៅក្នុងប្រទេសកម្ពុជាឈ្មោះ Oxfamបានព្រមានឲ្យដឹងជាមុនអំពីព្យុះថ្មីមួយឈ្មោះ មីរីណេ ដែលបក់បោកមកដល់ប្រទេសកម្ពុជាកាលពីថៃ្ងទី២ ខែវិច្ឆិកាថ្មីៗនេះ។
សេចក្តីរាយការណ៍នានាបានឲ្យដឹងថា ប្រជាពលរដ្ឋខែ្មរចំនួនប្រមាណ៤ម៉ឺនគ្រួសារកំពុងតែត្រូវការស្បៀងអាហារសម្រាប់បរិភោគ ហើយស្រូវចំនួនជាច្រើនម៉ឺនហិកតារកំពុងតែរងគ្រោះដោយសារព្យុះកេសាណា (Ketsana) ដែលបានបោកបក់មកលើប្រទេសកម្ពុជាកាលពីខែតុលាកន្លងទៅនេះ។
អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ Vision Fund Cambodia បានប្រកាសឲ្យដឹងកាលពីថៃ្ងទី២៤ ខែតុលាថា អង្គការនេះមានគម្រោងការផ្តល់ប្រាក់កម្ចីជាបន្ទាន់មួយដល់គ្រួសារប្រជាពលរដ្ឋខ្មែរនានាដែលរងគ្រោះដោយសារខ្យល់ព្យុះកេតសាណានោះ ដើម្បីរំដោះខ្លួនចេញពីភាពក្រីក្រ។ ទឹកប្រាក់កម្ចីនោះគឺមានចំនួន៣ម៉ឺនដុល្លារអាមេរិកសម្រាប់ខេត្តមួយចំនួន ក្នុងនោះមានខេត្តកំពង់ធំនិងខេត្តសៀមរាបជាដើម៕
