ស្លាប់​​២នាក់​របួស​៥​ក្នុង​ព្រឹត្តិការណ៍​បាញ់​រះ​នៅ​មុខ​ពេទ្យ​រុស្ស៊ី

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ២​នាក់​បាន​ស្លាប់ និង​មនុស្ស ៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​ការ​បាញ់​រះ​មួយ នៅ​ខាង​មុខ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-​សូវៀត (មន្ទីរពេទ្យ​រុស្ស៊ី) នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

0:00 / 0:00

ហេតុការណ៍​ផ្ទុះ​អាវុធ​កណ្ដាល​រាជធានី​ភ្នំពេញ នៅ​ខាង​មុខ​មន្ទីរពេទ្យ​រុស្ស៊ី ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ថា បង្ក​ឡើង​ដោយ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស​ម្នាក់ ដែល​ញៀន​ថ្នាំ និង​បាន​កញ្ឆក់​កាំភ្លើង​ពី​សមត្ថកិច្ច​ដើរ​ល្បាត​យក​ទៅ​បាញ់​រះ​ជា​ច្រើន​គ្រាប់។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ ឲ្យ​ដឹង​ថា ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច​ដែល​ដើរ​ល្បាត​មាន​ស្ពាយ​កាំភ្លើង បាន​ក្លាយ​ជា​សោកនាដកម្ម​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កក្កដា ដែល​បណ្ដោយ​ឲ្យ​បុរស​ញៀន​ថ្នាំ​ម្នាក់​ឆ្លៀត​ឱកាស​កញ្ឆក់​កាំភ្លើង​ពី​សមត្ថកិច្ច រួច​យក​បាញ់​រះ​ទៅ​លើ​ប្រជាពលរដ្ឋ​នៅ​តំបន់​អ៊ូអរ​ខាង​មុខ​មន្ទីរពេទ្យ​រុស្ស៊ី។

លោក​បន្ត​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការ​បាញ់​រះ​សម្លាប់​ពលរដ្ឋ​នៅ​ឡើយ​ទេ។ តែ​លោក​ថា ជន​ដៃ​ដល់​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​នៅ​កន្លែង​កើត​ហេតុ ក្រោយ​ពី​បាញ់​រះ​ទៅ​លើ​ពលរដ្ឋ និង​មាន​ការ​ដេញ​ប្រមាញ់​ពី​សមត្ថកិច្ច​តាម​ចាប់​យក​កាំភ្លើង​វិញ។

លោក ទូច ណារ៉ុថ៖ «ពេល​ដែល​សមត្ថកិច្ច​យើង​កំពុង​ព្យាយាម​តាម​គោលដៅ​ដែល​យើង​កំណត់​ថា ជា​គោលដៅ​ងាយ​រង​គ្រោះ អាច​មាន​សកម្មភាព​ប្លន់ ឆក់​អី​ហ្នឹង គឺ​នៅ​ពេល​ដែល​យើង​ឈរ​អ៊ីចឹង​ទៅ គាត់​ស្ទុះ​រត់​ចេញ​មក គាត់​ច្រាន​សមត្ថកិច្ច​ឲ្យ​ដួល ហើយ​យើង​ដេញ​តាមៗ​រហូត​ទៅ សង្ស័យ​គាត់​ញៀន​ថ្នាំ ហើយ​ឥឡូវ​យើង​កំពុង​ធ្វើ​បន្ត​កំណត់​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់»

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃ​ដល់​មាន​ឈ្មោះ​ថា សូរ វុទ្ធី ហៅ​ពុំ អាយុ ៣៣​ឆ្នាំ ជា​មន្រ្តី​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។ រី​ឯ​ស្ត្រី​ម្នាក់​ឈ្មោះ លាង ស៊ីនី អាយុ ៣៤​ឆ្នាំ មាន​កូន ២​នាក់​ក្នុង​បន្ទុក រង​គ្រោះ​ធ្ងន់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​គាត់​ត្រូវ​របួស​ចំនួន ២​គ្រាប់​ចំ​ដើម​ទ្រូង និង​ត្រង់​ពោះ។ ដោយ​ឡែក​អ្នក​រង​របួស​ធ្ងន់ និង​ស្រាល ចំនួន ៥​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​រុស្ស៊ី។

អនុ​ប្រធាន​មន្ទីរពេទ្យ​រុស្ស៊ី លោក ជា ឡាហឿន ថា លោក​មិន​បាន​ដឹង​ពី​ស្ថានភាព​ជន​រង​គ្រោះ​នៃ​ការ​បាញ់​រះ ដែល​កំពុង​សម្រាក​ព្យាបាល​នោះ​ទេ ដោយ​លោក​បាន​ចាក​ចេញ​ពី​កន្លែង​ធ្វើ​ការ​មុន​ហេតុការណ៍​កើត​ឡើង។ តែ​បើ​តាម​ប្រភព​ពី​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​រុស្សី ថា ជន​រង​គ្រោះ​ទាំង​នោះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការ​វះ​កាត់​ជា​បន្ទាន់។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បន្ទោស​ចំពោះ​ឧបហេតុ​ផ្ទុះ​អាវុធ​នោះ​ថា ជា​ការ​ធ្វេសប្រហែស​របស់​សមត្ថកិច្ច ហើយ​ករណី​នេះ ខាង​សមត្ថកិច្ច​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង។

លោក អំ សំអាត៖ «វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថកិច្ច​ដែល​ដើរ​ល្បាត ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​អាវុធ​របស់​ខ្លួន។ ការ​ប្រើប្រាស់​នូវ​អាវុធ​នេះ ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ជា​រឿង​មួយ​គួរ​ឲ្យ​សោកស្ដាយ​ដែរ ព្រោះ​ក្នុង​នាម​យើង​ជា​សមត្ថកិច្ច​ដែរ ធ្វេសប្រហែស​រហូត​ឲ្យ​គេ​ឆក់​អាវុធ​បាន»

លោក អំ សំអាត ចាត់​ទុក​ថា ករណី​នេះ​ជា​មេរៀន​មួយ​សម្រាប់​ក្រុម​សមត្ថកិច្ច​ទាំង​ឡាយ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ប្រើប្រាស់​អាវុធ​របស់​ខ្លួន ហើយ​ថា សមត្ថកិច្ច​ជា​ម្ចាស់​កាំភ្លើង​នៃ​ហេតុការណ៍​នេះ​ក៏​ត្រូវ​តែ​ទទួល​ទោស​តាម​ច្បាប់ ឬ​ពិន័យ​រដ្ឋបាល​ផ្នែក​កងកម្លាំង​ប្រដាប់​អាវុធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។