អាជ្ញាធរប៉ូលិសបានចាប់មនុស្ស២នាក់ដែលបានធ្វើសកម្មភាពចែកចាយថ្នាំញៀន នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី គិត ហៀង អធិការនគរបាលស្រុកមោងឫស្សី បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃអាទិត្យ ទី៣១ សីហា ថា ថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៨២គ្រាប់ និងយ៉ាម៉ាទឹកកក២កញ្ចប់ ត្រូវបានកម្លាំងនគរបាល ស្រុកមោងឫស្សី ចាប់បានពីមនុស្សពីរនាក់ដែលបានធ្វើសកម្មភាពចែកចាយ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣០ សីហា ឆ្នាំ២០០៨។
លោកវរសេនីយ៍ត្រី គិត ហៀង បានឲ្យដឹងថា ៖ «ពីរនាក់ហ្នឹងកំពុងតែចែកចាយ។ យើងចាប់ក្នុងករណីជាក់ស្តែង ព្រោះអាថ្នាំម៉ាហ្នឹងវា៨២គ្រាប់នៅជាប់នឹងខ្លួន និងមានអាម៉ាទឹកកកពីរកញ្ចប់ទៀត។ វាចែកពីរដង ហើយលើកទី២នេះយើងចាប់បាន»។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំងពីរនាក់ដែលរងការចោទពីការចែកចាយគ្រឿងញៀននោះមានឈ្មោះ សាត ណែត ភេទប្រុស អាយុ២២ឆ្នាំ និងឈ្មោះ ហន ឆៃយ៉ា ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅភូមិមោង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី គិត ហៀង អធិការនគរបាលស្រុកមោងឫស្សីបានថ្លែងថា អ្នកចែកចាយគ្រឿងញៀនទាំងពីរនាក់ដែលសមត្ថកិច្ចឃាត់ខ្លួននេះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃអាទិត្យម្សិលមិញ។
ពាក់ព័ន្ធទៅនឹងបញ្ហាគ្រឿងញៀននេះ កាលពីពេលកន្លងទៅថ្មីៗនេះ លោក សំ កន នាយប៉ុស្តិ៍នគរបាលឃុំត្រាងបានថ្លែងថា នៅឯស្រុកកំរៀងជាប់ព្រំដែនថៃក៏មានក្រុមក្មេងស្ទាវធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងខ្លាំងក្លាដែរ។
ថ្លែងបា្រប់វិទ្យុអាស៊ីសេរីនៅថ្ងៃអាទិត្យ ទី៣១ សីហានេះ លោកវរសេនីយ៍ត្រី ឈឹម គឹមហុង បានបញ្ជាក់ថាសមត្ថកិច្ចនគរបាលក៏បានចាប់អ្នកសេពគ្រឿងញៀនម្នាក់បញ្ជូនទៅមណ្ឌលកែប្រែនៅស្រុកបវេលដែរ។
លោក ជា ថូន ស្នងការរងទទួលបន្ទុកបញ្ហាគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មិនធ្វើអត្ថាធិប្បាយជុំវិញសកម្មភាពចរាចរណ៍គ្រឿងញៀននៅក្នុងខេត្តបាត់ដំបងទេ ប៉ុន្តែលោកបញ្ជាក់ថានៅក្នុងមជ្ឈមណ្ឌលស្ដារនីតិសម្បទាជនរងគ្រោះដោយសារគ្រឿងញៀននៅក្នុងខេត្តបាត់ដំបងមានចំនួន៧៥នាក់ ក្នុងនោះមានស្រីបីនាក់ ភាគច្រើនគឺជាអ្នកប្រើប្រាស់គ្រឿងញៀនក្នុងខេត្តបាត់ដំបង។
លោក កង សាខន ស្នងការនគរបាលខេត្តបាត់ដំបងបានថ្លែងថា ចរាចរណ៍គ្រឿងញៀននៅក្នុងខេត្តបាត់ដំបងមិនមានអ្វីធ្ងន់ធ្ងរទេ។
លោក កង សាខន បានមានប្រសាសន៍ថា ៖ «យើងមិនទាន់ឃើញមានអីប្លែកខ្លាំងទេ គ្រាន់តែជាបន្តបន្ទាប់ថ្មីៗនេះ យើងបង្រ្កាបការចរាចរគ្រឿងញៀនតូចៗមួយចំនួន។ កន្លងមកនេះនៅទីរួមខេត្តយើងបានចំនួនពីរករណីដែលមានថ្នាំញៀនរាប់រយគ្រាប់ និងនៅស្រុកមោងឫស្សីមួយករណីទៀត»។
លោកស្នងការនគរបាលខេត្តបាត់ដំបងបានបន្តថា ករណីចរាចរណ៍គ្រឿងញៀនកើតមានឡើងជាបន្តបន្ទាប់គឺដោយសាររយៈពេលកន្លងមកកម្លាំងសមត្ថកិច្ចបានជាប់រវល់ការពារដំណើរការបោះឆ្នោត ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតែពង្រឹងនិងយកចិត្តទុកដាក់ក្នុងការបង្រ្កាបការជួញដូរថ្នាំញៀន៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ប៉ូលិសកំពុងតាមចាប់ខ្លួនក្មេង១០នាក់ដែលបានចាប់រំលោភនារី២នាក់
ពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យត្អូញត្អែរថាអាជ្ញាធរមិនអើពើជួសជុលផ្លូវ
មន្ត្រីអាដហុកនៅស្ទឹងត្រែងសុំឲ្យស៊ើបអង្កេតឡើងវិញជុំវិញមរណភាពអ្នកភូមិម្នាក់
អំពើហិង្សាមួយផ្ទុះឡើងនៅឯទីរួមខេត្តរតនគិរី
ប៉ូលិសច្រកប៉ោយប៉ែតរងការចោទថា ប្រើហិង្សាលើកុមារ
កម្ពុជាដកបំរាមរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេស
បុរសខ្មែររស់នៅអាមេរិកត្រូវនាំខ្លួនទៅតុលាការពីបទចាក់សាំងដុតគូដណ្ដឹង
សកម្មជនបក្សសមរង្ស៊ីនៅខេត្តស្ទឹងត្រែងត្រូវគេបាញ់សម្លាប់
ក្រុមការពារសិទ្ធិសត្វរិះគន់ចំពោះការជួញដូរសត្វស្វានៅកម្ពុជា
ស្ត្រីម្នាក់និងកុមារីម្នាក់រងរបួសធ្ងន់ដោយសារជនល្មើសចាក់សាំងដុតទាំងរស់