មនុស្ស​២​នាក់​ស្លាប់​ខណៈ​ពេល​ចុះ​ស្ដារ​អណ្ដូង​ទឹក នៅ​ខេត្ត​សៀមរាប

បុរស​២នាក់​បាន​ស្លាប់​ភ្លាមៗ ដោយ​ថប់​ដង្ហើម និង​បុរស​ម្នាក់​ទៀត បាន​សន្លប់​ធ្ងន់ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ នៅ​ពេល​ចុះ​ទៅ​ស្ដារ​អណ្ដូង​ទឹក​ជម្រៅ​ជាង ៩​ម៉ែត្រ នៅ​ភូមិ​ព្រិច ឃុំ​ត្រាំ​សសរ ស្រុក​ស្រី​ស្នំ ចម្ងាយ​ប្រមាណ​ជាង ៩០​គីឡូ​ម៉ែត្រ ភាគ​ខាង​លិច​ពី​ទីរួមខេត្ត​សៀមរាប​។

0:00 / 0:00

ក្រុម​អ្នក​ភូមិ​ព្រិច ឃុំ​ត្រាំសសរ ស្រុក​ស្រី​ស្នំ ខេត្ត​សៀមរាប បាន​អះអាង​ថា បុរស​ដែល​ជា​កូន​ប្រសា និង​ឪពុក​ក្មេក បាន​ថប់​ដង្ហើម​ស្លាប់​ភ្លាម​ៗ នៅ​ពេល​ដែល​ចុះ​ទៅ​ក្នុង​អណ្ដូង​ទឹក​របស់​គាត់​នៅ​មុខ​ផ្ទះ ជម្រៅ​ប្រមាណ​ជាង ៩​ម៉ែត្រ បំណង​ដើម្បី​ស្ដារ​សំអាត​អណ្ដូង​យក​ទឹក​មក​ប្រើ​ប្រាស់ ហើយ​បន្ទាប់​មក​បុរស​ជា​អ្នក​ជិត​ខាង​ម្នាក់​ទៀត​បាន​សន្លប់​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ចុះ​ទៅ​ក្នុង​អណ្ដូង​ដដែល ដើម្បី​ជួយ​យក​សាក​សព​អ្នក​ស្លាប់​ទាំង​ពីរ​នោះ។

បុរស​ឈ្មោះ ប៉ាត ធួង ដែល​ជា​អ្នក​មក​ទាន់​ហេតុការណ៍ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​១០ ខែ​ឧសភា ថា ហេតុការណ៍​នោះ បាន​កើត​ឡើង​កាល​ពី​វេល​ម៉ោង ៤​ល្ងាច ថ្ងៃ​អាទិត្យ​ទី​៩ ខែ​ឧសភា នៅ​ពេល​ដែល​បុរស​ឈ្មោះ ពីង ម៉ាប់ អាយុ ៣០​ឆ្នាំ បាន​ចុះ​ទៅ​ក្នុង​អណ្ដូង​ទឹក​នៅ​មុខ​ផ្ទះ ដើម្បី​ស្ដារ​សំអាត ដោយ​មាន​បញ្ឆេះ​ម៉ាស៊ីន​ភ្លើង​តូច​មួយ​គ្រឿង ទៅ​ក្នុង​អណ្ដូង​ផង​នោះ​។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ឈ្មោះ ម៉ាប់ ចុះ​ទៅ​ដល់​បាត​អណ្ដូង ក៏​ប្រកាច់​ស្លាប់ ដោយ​ស្រែក​ហៅ​ជួយ ហើយ​ឪពុក​ក្មេក​ឈ្មោះ ជន មៀត អាយុ​ជាង ៥០​ឆ្នាំ​ឃើញ​ដូច្នេះ​ក៏​ចុះ​ទៅ​ជួយ​កូន​ប្រសា ហើយ​ត្រូវ​ស្លាប់​ភ្លាមៗ​ទាំង ២​នាក់។

លោក ប៉ាត ធួន មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​រត់​ដល់​ភ្លាម ឃើញ​អា​កូន​នោះ​ថ្ងូរ​ហ៊ឺស​ៗ ពី​ក្នុង​បាត​អណ្ដូង។ ឪ​វា​នោះ​ចុះ​ទៅ​យក​កូន ទៅ​ដល់ កូន​គាត់​ក៏​យក​ដៃ​ទៅ​ទ្រ​កូន​នោះ ហើយ​គាត់​ថា ទម្លាក់​ខ្សែ​ឲ្យ​លឿន​មក​។ អា​ដែង​ខ្សែ​ខ្លី ត​ខ្សែ​ម្ដង​ទៀត វា​រាង​យូរ​បន្តិច​ណា ទម្លាក់​ខ្សែ​ឲ្យ​គាត់​ដល់​ចាប់​តែ​ខ្សែ​បាន ក៏​គាត់​ជួយ​ខ្ញុំ​ផងៗ ២​ម៉ាត់​ប៉ុណ្ណេះ​ឯង បាត់​មាត់​ទាំង​ឪ​ទាំង​កូន​នោះ​តែ​ម្ដង»

បុរស​ម្នាក់​ទៀត ឈ្មោះ ពីង សុ​មឿត ដែល​ត្រូវ​ជា​ប្អូន​បង្កើត​របស់​អ្នក​ស្លាប់​ក្នុង​អណ្ដូង​នោះ បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដឹង​ថា បង​ប្រុស​របស់​គាត់​ស្លាប់​ក្នុង​អណ្ដូង គាត់​បាន​មក​ដល់​កន្លែង​កើត​ហេតុ ដោយ​ឃើញ​សាក​សព​បង​ប្រុស និង​ឪពុក​ក្មេក ត្រូវ​បុរស​ម្នាក់​ឈ្មោះ បូប ពេក ជា​អ្នក​ជិត​ខាង​បាន​ចុះ​ទៅ​យក​ពី​ក្នុង​អណ្ដូង ប៉ុន្តែ​ឈ្មោះ បូប ពេក ក៏​បាន​ពុល​សន្លប់​ក្នុង​អណ្ដូង​នោះ​ដែរ ហើយ​លោក ក៏​បាន​ចុះ​ក្នុង​អណ្ដូង​ជួយ​សង្គ្រោះ​ឈ្មោះ បូប ពេក ទើប​លោក​ដឹង​ថា នៅ​ក្នុង​អណ្ដូង​មាន​សភាព​ហប់​ខ្លាំង គ្មាន​ខ្យល់​ដក​ដង្ហើម និង​ធំ​ក្លិន​ផ្សែង​សាំង​ខ្លាំង​ពិបាក​ទ្រាំ។

លោក​មាន​ប្រសាសន៍​ថា ៖ «ម្នាក់​ដែល​ខ្ញុំ​ស្រង់​នោះ គេ​ស្រង់​បង​ខ្ញុំ គេ​ចង់​បង​ខ្ញុំ​ឡើង​មក​បាន ហើយ​ហ្នឹង​ស្រាប់​តែ​ម្នាក់​នោះ​អស់​ស្មារតី​ខ្លួន​ឯង​បណ្ដោយ ទម្លាក់​ខ្សែ​ឲ្យ​ចាប់ ក៏​ចាប់​មិន​ជាប់ ទន់​អស់​បាន​តែ​ស្រែក អ៊ូក អ៊ូក​ទេ​ពេល​ខ្ញុំ​ទៅ​ចាប់​ស្រង់​គេ​មក ទៅ​ដល់​តែ​ពាក់​កណ្ដាល​អណ្ដូង​ទៅ​ក្រោម វា​មាន​តែ​ភាព​ថប់​ខ្លាំង ហើយ​ធំ​ពោរ​ពេញ​ទៅ​ដោយ​ជាតិ​ផ្សែង​សាំង​បណ្ដោយ ហើយ​ខ្ញុំ​ស្រែក​ថា កុំ​យូរ​ណា​រហ័ស​បន្តិច​ខ្ញុំ​ឡើង​មិន​បាន​ទេ»

អធិការ​នគរបាល​ស្រុក​ស្រី​ស្នំ លោក មាស ពិដោរ បាន​មាន​ប្រសាសន៍​ថា ការ​ស្លាប់​របស់​បុរស ២​នាក់​ឪពុក​ក្មេក និង​កូន​ប្រសា ហើយ​ម្នាក់​ទៀត​បាន​សន្លប់​ធ្ងន់ធ្ងរ​នោះ តាម​លោក​សន្និដ្ឋាន បណ្ដាល​មក​ពី​ក្នុង​អណ្ដូង​នោះ ពុំ​មាន​ខ្យល់​អុកស៊ីហ្សែន​រួម​និង​ផ្សែង​ម៉ាស៊ីន​មាន​ជាតិ​ពុល បញ្ឆេះ​នៅ​ក្នុង​អណ្ដូង​នោះ​ទៀត​ផង។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «អណ្ដូង​វា​ជ្រៅ​ជម្រៅ ៩​ម៉ែត្រ នៅ​ពេល​គាត់​ស្ដារ​អណ្ដូង ម៉ាស៊ីន​តូច អា​ម៉ាស៊ីន​សាំង​នោះ​ណា ទុយយោ​បូប​ខ្លី​គេ​ចង់​បន្តោង​ម៉ាស៊ីន​ទៅ​ពាក់​កណ្ដាល​អណ្ដូង​។ បញ្ឆេះ​ម៉ាស៊ីន​បូម​ទៅ អា​កូន​ប្រសា​ចុះ​ទៅ​រៀបចំ​ក្បាល​បូម​ក្រោម​។ យើង​មើល​ទៅ​ឃើញ​បញ្ហា​វា​ចេញ​ផ្សែង​ទៅ វា​អត់​មាន​អុកស៊ីហ្សែន​ផង ពុល​ឈ្លក់​ផ្សែង​ទៅ ដល់​ពេល​ប្រកាច់​ស្លាប់​ទៅ ឪពុក​ក្មេក​ចុះ​ទៅ​ជួយ​ចង​តែ​ខ្មោច​កូន​ប្រសា​គេ​យោង​ឡើង​មក​លើ​ទៅ ខ្លួន​ឯង​ប្រកាច់​ស្លាប់​មួយ​ទៀត ដល់​អ្នក​ក្រោយ​ចុះ​ទៅ​យក​ប៊ិស​ស្លាប់​អ្នក​ទី​៣ ប៉ុន្តែ​បាន​រស់​មក​វិញ»

មន្ត្រី​ប៉ូលិស​ស្រុក​ស្រី​ស្នំ បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ អ្នក​ស្រុក​របស់​លោក​ចំនួន ៥​នាក់​ហើយ ដែល​បាន​ចុះ​ស្ដារ​អណ្ដូង​ត្រូវ​ស្លាប់ ដោយ​កាល​ពី​ឆ្នាំ​២០០៨ អ្នក​ភូមិ​ចំនួន ៣​នាក់ ដែល​ជា​កម្មករ​សំណង់ បាន​ចំណាក​ស្រុក​ទៅ​ធ្វើ​កម្មករ​នៅ​ទីរួមខេត្ត​សៀមរាប គឺ​បាន​ស្លាប់​ដូច​គ្នា​នេះ នៅ​ពេល​ចុះ​ស្ដារ​អណ្ដូង​ទឹក​មួយ នៅ​ជិត​សាលា​គរុកោសល្យ៕