ប៉េអឹម​ខែត្រ​ស្ទឹងត្រែង​២​រូប​រង​ការចោទ​ថា​ជំរិត​ទារ​ប្រាក់​ពលរដ្ឋ

2009-07-04

មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​ស្ទឹងត្រែង​ចំនួន​ពីរ​នាក់​រង​ការចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ម្នាក់​ពី​បទ​ជំរិត​ទារ​ប្រាក់​១០​លាន​រៀល​និង​គំរាម​កំហែង​ចាប់​ចង​ទៀត​ផង។

ស្ត្រី​ឈ្មោះ ផា សារុំ ទី​លំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២ កក្កដា ឆ្នាំ​២០០៩ បាន​មក​ដល់​ការិយាល័យ​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង ប្រយោជន៍​សុំ​ឲ្យ​ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​មួយ​នេះ​ជួយ​អន្តរាគមន៍​ពាក្យ​បណ្តឹង​ចោទ​ប្រកាន់​មន្ត្រី​អាវុធ​ហត្ថ​ទាំង​ពីរ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជួយ​ស្វែងរក​យុត្តិធម៌។

ស្រ្តី​ឈ្មោះ ផា សារុំ មាន​ប្រសាសន៍​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ មិថុនា​កន្លង​ទៅ កូន​ប្រុស​គាត់​បាន​ដឹក​ជញ្ជូន​សាច់​ក្របី​ពី​ស្រុក​ថាឡាបរិវ៉ាត់​មក​ទីរួម​ខេត្ត​ដើម្បី​លក់។ លុះ​មក​ដល់​ចំណុច​ស្ពាន​ដែក ផ្សារ​លើ ជិត​ទីរួម​ខេត្ត ក៏​ត្រូវ​អាវុធ​ហត្ថ​ពីរ​នាក់​ស្ទាក់​ឃាត់​រក​លិខិត​ស្នាម​ក្នុង​ការដឹក​ជញ្ជូន​សាច់​ក្របី​នោះ តែ​កូន​ប្រុស​គាត់​បញ្ជាក់​ថា​ជា​ក្របី​អ្នក​ភូមិ​ងាប់ ហើយ​មេ​ភូមិ មេ​ឃុំ​បាន​ដឹង​ឮ​និង​អនុញ្ញាត​ក្នុង​ការកាប់​សាច់​លក់​នោះ​ទៀត​ផង។

យ៉ាង​នេះ​ក្តី​មន្ត្រី​អាវុធ​ហត្ថ​មិន​យល់​ព្រម កូន​គាត់​ក៏​ទូរស័ព្ទ​ហៅ​គាត់​និង​ប្តី​មក​ដើម្បី​ដោះស្រាយ​បញ្ហា។ ក៏​ប៉ុន្តែ​ពេល​គាត់​និង​ប្តី​មក​ដល់​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​បាន ហើយ​គាត់​ក៏​លើក​សាច់​ក្របី​ដាក់​ឡាន ក៏​កើត​មាន​ការប្រទាញ​ប្រទង់​គ្នា​ជាមួយ​មន្ត្រី​អាវុធ​ហត្ថ​ធ្វើ​ឲ្យ​ទូរស័ព្ទ​មន្ត្រី​អាវុធ​ហត្ថ​ជ្រុះ ហើយ​ត្រូវ​ឡាន​បើក​តាម​ផ្លូវ​កិន​បែក។ បន្ទាប់​មក​មន្ត្រី​អាវុធ​ហត្ថ​បាន​ទារ​សំណង​តែ​គាត់​មិន​យល់ព្រម​ក៏​ចាកចេញ ហើយ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​២ កក្កដា ឆ្នាំ​២០០៩ ទើប​មន្ត្រី​អាវុធ​ហត្ថ​កោះហៅ​គាត់​ទៅ​បញ្ជាការដ្ឋាន ហើយ​ធ្វើការ​គំរាម​កំហែង​ចាប់​ដាក់​ខ្នោះ​និង​ទារ​ឲ្យ​បង់​ប្រាក់​១០​លាន​រៀល​នោះ។

អ្នកស្រី ផា សារុំ បាន​ឲ្យ​ដឹង​ថា ៖ «សាច់​ប្រើស​លក់​ពេញ​ផ្សារ សាច់​ជ្រូក​ព្រៃ​នោះ ហេតុ​អី​បាន​ជា​គេ​មិន​ទៅ​ចាប់ ខ្ញុំ​អត់​យល់​សោះ ហើយ​មក​ជំរិត​ខ្ញុំ​យក​១០​លាន​(រៀល)»

មន្ត្រី​អាវុធ​ហត្ថ​រង​ការចោទ​ប្រកាន់​ខាង​លើ​មាន​ឈ្មោះ ហ៊ាន សុវណ្ណារិទ្ធ និង គឹម សាវឿន ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹងត្រែង។ វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការអធិប្បាយ​ពី​លោក គឹម សាវឿន ជុំវិញ​សេចក្តី​ចោទ​ប្រកាន់​បាន​ទេ។

ចំណែក​លោក ហ៊ាន សុវណ្ណារិទ្ធ បាន​បដិសេធ​សេចក្តី​ចោទ​ប្រកាន់។ លោក​ទទួល​ស្គាល់​ថា បាន​ទាមទារ​ប្រាក់​ពី​ស្ត្រី​ខាង​លើ​មែន​តែ​ជា​ប្រាក់​ជំងឺ​ចិត្ត​ដែល​គាត់​បាន​ប្តឹង​ស្ត្រី​នោះ​ក្នុង​បទ​ជេរ​ប្រមាថ​ក្រុម​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ។

លោក ហ៊ាន សុវណ្ណារិទ្ទ បាន​បញ្ជាក់​ថា ៖ «ជិះ​ឡាន​មក ពី​លើ​ឡាន​មក​ស្រែក​ថា "ម៉េច​អា​ប៉េអឹម​អ្ហែង​ចង់​ប្លន់​អញ អ្ហែង​ចង់​មក​ជំរិត​អញ" ភាព​មើលងាយ​សមត្ថកិច្ច​ពេល​ដែល​យើង​ចុះ​ធ្វើការ។ ភាសា​វ៉ៃ​ខ្នោះ ដាក់​ខ្នោះ​ហ្នឹង អត់​មាន​ទេ។ ភាសា​ថា​ចាប់​ជំរិត​ទារ​ប្រាក់​ហ្នឹង​មិន​មែន​ទេ ពាក្យ​សង​ជំងឺ​ចិត្ត​ផ្សេង ពាក្យ​ជំរិត​ទារ​ប្រាក់​ផ្សេង»

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា លោក​បាន​អន្តាគមន៍​ពាក្យ​បណ្តឹង​ស្រ្តី​ខាង​លើ​ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​ស្ទឹងត្រែង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​រួច​ហើយ។

លោក ហូ សំអុល បាន​មាន​ប្រសាសន៍​ថា ៖ «ដែល​មាន​ទំនាស់​មិន​មែន​គាត់​ហៅ​ទៅ​គាប​សង្កត់​យក​លុយ​យក​អី​អ៊ីចឹង​ទេ គាត់​ត្រូវ​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ច្បាប់»

ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​ស្ទឹងត្រែង លោក ម៊ី សាខន ឲ្យ​ដឹង​ថា ស្ថាប័ន​លោក​ទទួល​បាន​ពាក្យ​បណ្តឹង​នោះ​រួច​ហើយ លោក​នឹង​ធ្វើការ​ស៊ើប​អង្កេត៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

អាជ្ញាធរ​ស្វែងរក​ការ​បិទ​មន្ទីរ​ព្យាបាល​ជំងឺ​មួយ​នៅ​រតនគិរី

អតីត​ប្រធានាធិបតី​អាមេរិក​សម្ពោធ​ផ្ទះ​សម្រាប់​ជន​ក្រី​ក្រ​នៅ​ខែត្រ​កណ្ដាល

ទីតាំង​ផលិត​ប្រេង​ម្រះព្រៅ​ភ្នំ​​២​កន្លែង​នៅ​​ពោធិ៍សាត់​ត្រូវ​បាន​កម្ទេច

គណៈកម្មការ​ខ្មែរ​ម្ចាស់​ស្រុក​នឹង​រៀបចំ​កិច្ច​ប្រជុំ​ស្ដី​ពី​បញ្ហា​នៅ​កម្ពុជា

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​រារាំង​រថយន្ត​ដឹក​ព្រះពុទ្ធ​បដិមា​របស់​ម៉មសូណង់ដូ

ប្រជា​នេសាទ​ប្រតិកម្ម​ចំពោះ​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ

បញ្ហា​ធូលី​ហុយ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣​ប៉ះពាល់​ដល់​សុខភាព​អ្នក​ស្រុក

ពលរដ្ឋ​នៅ​ព្រៃវែង​ត្អូញ​ពី​បញ្ហា​សមត្ថកិច្ច​ស្ទាក់​ទារ​ប្រាក់​តាម​ផ្លូវ

ក្រសួង​សុខាភិបាល​បារម្ភ​ចំពោះ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ