ប្រធានរដ្ឋសភា លោក ហេង សំរិន បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៩៣ មក កម្ពុជាបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយក្នុងការអភិវឌ្ឍស្ថាប័នប្រជាធិបតេយ្យរបស់ខ្លួន ហើយលោកប្តេជ្ញាសហការជាមួយសហគមន៍អន្តរជាតិដើម្បីបន្តអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតទៅទៀត។
ចំណែកឯលោក អ៊ូ វីរៈ ជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាវាគ្មិនមួយរូបនៅក្នុងពិធីនោះដែរ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីដោយវាយតម្លៃអំពីដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាបច្ចុប្បន្ន យ៉ាងដូច្នេះ ៖ «ប្រទេសកម្ពុជាយើងកំពុងនៅកន្លែងមួយដំណើរការប្រជាធិបតេយ្យមានភាពវិជ្ជមាន ក្នុងអំឡុងពេលប្រហែលជា ១៥-១៦ឆ្នាំនេះ ប៉ុន្តែវាមានការប្រឈមច្រើន ពេលឥឡូវនេះ ជាពេលមួយដែលយើងកំពុងតែដល់ផ្លូវបំបែកហើយ តើយើងនឹងឈានទៅរកសេរីភាព ទៅរកការគោរពសិទ្ធិមនុស្ស និងរបបប្រជាធិបតេយ្យពេញលេញ ឬមួយក៏យើងនឹងដើរទៅរកការប្រើប្រាស់ច្បាប់យកមកគាបសង្កត់សេរីភាពរបស់ក្រុមសង្គមស៊ីវិល គណបក្សប្រឆាំងនិងអ្នកដែលមានសំឡេងតិចជាងដើម ហ្នឹងយើងហៅជាសំណួរមួយនៅឡើយ»។
គួរជម្រាបជូនផងដែរថា ការប្រារព្ធទិវាប្រជាធិបតេយ្យអន្តរជាតិដែលបានរៀបចំឡើងដោយសភាជាតិខ្មែរក៏មានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភាជាច្រើននាក់ ដែលមកពីប្រទេសអាស៊ានផងដែរ៕
