ចាប់តាំងពីព្រឹកព្រលឹម រហូតដល់ថ្ងៃត្រង់ នៅតាមវត្តអារាមនានាក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទីពីរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ គឺថ្ងៃទី១៤ ខែមេសា គេឮតែសូរសំឡេងព្រះសង្ឃស្វាធ្យាយធម៌ និងលោកអាចារ្យវេរចង្ហាន់ជាប់មិនដាច់ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ឪពុកម្ដាយរបស់អ្នកដែលគេបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនិមួយៗនោះ។
រីឯប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ដែលបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃនោះ ក៏បានធ្វើដំណើរទៅកាន់វត្តអារាមជាហូរហែជាប់មិនដាច់ដែរ ដោយអ្នកខ្លះទៅប្រគេនចង្ហាន់ពេលព្រឹក អ្នកខ្លះគេទៅប្រគេនចង្ហាន់ពេលថ្ងៃត្រង់។ ពេលដែលទៅដល់វត្តអារាមមើលទៅគេម្នាក់ៗ ហាក់មានសទ្ធាជ្រះថ្លាក្នុងការធ្វើបុណ្យទានក្នុងរដូវចូលឆ្នាំថ្មី។
នៅលើសាលាឆាន់មួយ ក្នុងវត្តសន្សំកុសលក្រុងភ្នំពេញ គេឃើញអ្នកខ្លះរលះរលាំងនាំគ្នារៀបចំចង្ហាន់ម្ហូបអាហារដាក់លើស្ពកប្រគេនព្រះសង្ឃ។ ចំណែកឯអ្នកខ្លះទៀតយកបាយទៅរាប់បាត្រ ដែលគណៈកម្មការអាចារ្យវត្តបានរៀបចំបាត្រទុករួចជាស្រេច ដោយតម្កល់នៅលើតុវែងខាងមុខសាលាឆាន់។
ក្នុងចំណោមអ្នកដែលកំពុងរាប់បាត្រនៅវត្តសន្សំកុសល ស្រ្តីវ័យចំណាស់មួយរូបឈ្មោះ ខៀវ រី ដែលក្នុងដៃរបស់គាត់មានបាយមួយចាន និងប្រាក់កាសខ្លះ បានបញ្ជាក់ប្រាប់ទាំងទឹកមុខញញឹមញញែមថា នៅក្នុងថ្ងៃទីពីរនៃបុណ្យចូលឆ្នាំថ្មីនេះ គាត់មានសទ្ធាជ្រះថ្លាយកចង្ហាន់មកប្រគេនព្រះសង្ឃបានចំនួនពីរវត្តហើយ គឺវត្តដំបូកខ្ពស់ និងវត្តសន្សំកុសល។ សទ្ធាជ្រះថ្លារបស់គាត់នេះគឺដើម្បីឧទ្ទិសបុណ្យកុសលដល់អស់លោកអ្នកមានគុណ។
ចំណែកនៅឯវត្តដំបូកខ្ពស់ នៅក្នុងទីក្រុងភ្នំពេញដែរ ក៏មានអ្នកទៅវត្តនៅទីនោះច្រើនកុះករ ហើយនិងសម្បូរចង្ហាន់ពោរពាស។ លោកអាចារ្យគណៈកម្មការវត្តមួយរូបដែលឈរមើលការរាប់បាត្ររបស់ពុទ្ធបរិស័ទ បានឲ្យដឹងថា នៅក្នុងរដូវចូលឆ្នាំថ្មីឆ្នាំរោងនេះ គឺមានអ្នកមកវត្តដំបូកខ្ពស់ច្រើនជាងរដូវចូលឆ្នាំមុនៗ។ រីឯម្ហូបអាហារដែលពុទ្ធបរិស័ទយកទៅប្រគេនព្រះសង្ឃក្នុងថ្ងៃបុណ្យចូលឆ្នាំគេឃើញភាគច្រើនមានដូចជាឆាមីសួ សម្លម្ជូរគ្រឿង ខសាច់ជ្រូក ឆាបន្លែ និងម្ហូបជាច្រើនមុខទៀត។
ស្ត្រីមួយរូបឈ្មោះ ពៅ ដែលកំពុងចាប់ម្ហូបឆាមីសួ បានឲ្យដឹងថា ជារៀងរាល់ពេលចូលឆ្នាំថ្មី ដូចជាពេលនេះជាដើម គឺគាត់តែងតែមកវត្តដំបូកខ្ពស់ក្នុងគោលបំណងផ្សាយមគ្គផលជូនដល់មាតា បិតា ជីដូនជីតា និងសាច់ញាតិសន្ដានដែលបានចែកស្ថានទៅហើយផង និងក៏ដើម្បីសុំសេចក្ដីសុខដល់ខ្លួនឯង និងកូនចៅដែលកំពុងមានជីវិតរស់នៅផង។
នៅក្នុងថ្ងៃទីពីរនៃបុណ្យចូលឆ្នាំថ្មី នៅទីក្រុងភ្នំពេញ ក្រៅពីមានប្រគេនចង្ហាន់ដល់ព្រះសង្ឃ គេឃើញប្រជាពលរដ្ឋអ្នកទៅវត្តប្រុសស្រីចាស់ក្មេង បាននាំគ្នាពូនភ្នំខ្សាច់ និងស្រង់ទឹកដល់ព្រះពុទ្ធប្បដិមា ឬព្រះពុទ្ធរូប និងថ្វាយគ្រឿងសក្ការៈបូជាផ្សេងៗ រួមមានទៀន ធូប ផ្កាភ្ញី ជាដើម។ ប្រការដែលគេនាំគ្នាទៅស្រង់ទឹកព្រះ ឬពូនភ្នំខ្សាច់ក៏ក្នុងបំណងប្រាថ្នាចង់បានបុណ្យកុសល និងឲ្យមានសិរីសួស្ដីនៅក្នុងក្រុមគ្រួសាររបស់គេចាប់ពីពេលឆ្នាំថ្មីនេះតទៅ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
