មន្ត្រីគណៈកម្មាធិការបុណ្យជាតិបានអះអាងថា ពិធីបុណ្យអុំទូករយៈពេល២ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅដោយរលូន ពោរពេញដោយភាពសប្បាយរីករាយ ពុំមានបញ្ហាអ្វីកើតឡើងឡើយ បើទោះបីជាមានទូកខ្លះលិចនៅក្នុងពេលប្រណាំងនោះក្តី។
០១-វិច្ឆិកា-០៩: ប្រទីបរបស់ព្រះបរមរាជវាំងដាក់បណ្ដែតក្នុងផ្ទៃទន្លេមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។
លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការនិងកិច្ចការសាសនា និងជាប្រធានគណៈកម្មាធិការបុណ្យជាតិ បញ្ជាក់ថា ថ្វីបើចំនួនទូកនិងចំនួនប្រទីបមានការថយចុះ ប៉ុន្តែចំនួនមនុស្សមកកំសាន្តត្រូវគេប៉ាន់ប្រមាណថា មានរាប់លាននាក់មិនខុសពីឆ្នាំមុនឡើយ។
លោក មិន ឃិន មានប្រសាសន៍ថា ៖ «យើងខ្ញុំឃើញមកដល់ថ្ងៃនេះអត់មានបញ្ហាអីទេ ក្រែងខាងនគរបាលមិនទាន់រាយការណ៍អស់ក៏មិនទាន់ដឹងទេ។ ទោះជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះមែន ប៉ុន្តែក្នុងពិធីបុណ្យមនុស្សកាន់តែច្រើនឡើងដូចសព្វដងដែរ ទោះជាទូកចុះបន្តិចមែន តែគេសម្រាំងទូកណាដែលល្អៗយកមកអុំនៅភ្នំពេញ»។
លោ តាំង សារៈ ប្រធានទូកខ្មែរក្រោម ដែលចូលរួមនៅក្នុងកម្មវិធីប្រណាំងទូកងឆ្នាំនេះដែរ បានធ្វើការកត់សម្គាល់ដូច្នេះ ៖ «ឆ្នាំនេះទូកមានការថយចុះ ប៉ុន្តែចំនួនកីឡាករមិនមានការថយចុះអីប៉ុន្មានទេ មានចំនួនប្រហាក់ប្រហែលគ្នា។ ទី២ ឃើញការរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវអីគឺថា ឆ្នាំនេះមិនសូវមានការស្ទះចរាចរណ៍អីណាស់ណាដូចជាឆ្នាំមុនៗទេ»។
នៅថ្ងៃទី២ ខែវិច្ឆិកានេះ កម្ពុជាបានឈានមកដល់ថ្ងៃអកអំបុកនិងសំពះព្រះខែ។ នៅវេទិកាមុខព្រះបរមរាជវាំងបែរទៅត្រើយខាងកើត គេពុំឃើញវត្តមានរបស់មន្ត្រីជាន់ខ្ពស់ប្រមុខអ្នកដឹកនាំរដ្ឋាភិបាល និងព្រះមហាក្សត្រឡើយ។
ហោរាប្រចាំព្រះបរមរាជវាំង លោក កន កេន មានប្រសាសន៍ថា ព្រះករុណានិងមន្រ្តីព្រះរាជវង្សានុវង្ស និងមន្ត្រីព្រះបរមរាជវាំងបានមូលផ្តុំគ្នានៅក្នុងវាំង ដើម្បីរៀបចំពិធីសំពះព្រះខែនិងអកអំបុក ដែលនឹងចាប់ផ្តើមឡើងនៅម៉ោងជាង១០យប់នេះ។
លោក កន កេន មានប្រសាសន៍ដូច្នេះ ៖ «នៅពេលណាព្រះករុណាស្ដេចយាងមកដល់ លោកអុជទៀនអុជធូបនៅលើតង្វាយព្រះខែហ្នឹង»។
ហោរាប្រចំាព្រះបរមរាជវាំងឲ្យដឹងទៀតថា ព្រះករុណានឹងចាត់ពិធីសូត្រមន្តបន់ស្រន់ បួងសួងផ្សងទឹកភ្លៀងសម្រាប់ការងារកសិកម្មនៅឆ្នាំខាលខាងមុខនេះ ហើយនិងចុងក្រោយបំផុតនឹងរៀបចំអកអំបុកតាមទំនៀមទម្លាប់ជាមួយមន្ត្រីនិងរាជវង្សានុវង្សទាំងអស់ ដោយមានការបាញ់កាំជ្រួចនៅម៉ោង១២យប់ផង ដើម្បីអបអរនៅក្រោយការបញ្ចប់ពិធីនោះ។
ពិធីប្រណាំងទូកនាឆ្នាំនេះ គេឃើញមានទូកចូលរួមសរុបប្រមាណ៣៩០គ្រឿង និងប្រទីបធំរបស់ក្រសួងនានា ចំនួន៩ប៉ុណ្ណោះ។ ប្រភពពីគណៈកម្មាធិការបុណ្យបានបញ្ជាក់ថា ការធ្លាក់ចុះដោយសារតែខ្វះថវិកា។
ទូកដែលចូលរួមប្រណាំងភាគច្រើនជាទូករបស់មន្ត្រីរាជការក្នុងជួររដ្ឋាភិបាល ទូករបស់មន្ត្រីផ្នែកយោធា និងជាទូកដែលទទួលការឧបត្ថម្ភពីមន្ត្រីមានច្រើនស្អេកស្កះ៕
ព្រះមហាក្សត្រយាងពន្លត់ភ្លើងជ័យនៃបុណ្យឯករាជ្យជាតិទី៥៦
កម្ពុជាប្រារព្ធខួបទី៥៦នៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
បញ្ហាការថែរក្សាអនាម័យក្នុងអំឡុងពេលបុណ្យអុំទូក
សរុបតួលេខនៃអំពើចោរកម្មនិងគ្រោះថ្នាក់ផ្សេងៗក្នុងពេលបុណ្យអុំទូក
អ្នកដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកធ្លាក់ចុះ
ស្ថានភាពសន្តិសុខក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ទិដ្ឋភាពថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូក
ខ្មែរកម្ពុជាក្រោមប្រារព្ធពិធីបុណ្យអុំទូក
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
Good news
2009-11-04 17:55
មើលមតិទាំងអស់.