បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​នៅតែ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ​សភា

2008-09-14

គណបក្ស​ប្រឆាំង​ធំ​ទាំង​២​គឺ​គណបក្ស​សមរង្ស៊ី​និង​គណបក្ស​សិទ្ធិ​មនុស្ស នៅតែ​ប្រកាន់​ជំហរ​មិន​ចូលរួម​សម័យ​ប្រជុំ​សភា​លើក​ទី​មួយ និង​ការធ្វើ​សច្ចាប្រណិធាន​ដដែល បន្ទាប់ពី​បាន​ទទួល​ព្រះរាជ​សារ​ឆ្លើយតប​ពី​ព្រះ​មហាក្សត្រ​ទៅ​នឹង​សំណើ​សុំ​ព្រះរាជានុញ្ញាត​ធ្វើ​សម្បថ​ដោយឡែក។

RFA Photo

លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សម​រង្ស៊ី។

លោក​ប្រធាន​គណបក្ស​សមរង្ស៊ី​បញ្ជាក់​ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​មិន​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា នឹង​មិន​ចូលរួម​លេងសើច​ជាមួយ​តំណាង​រាស្រ្ត​គណបក្ស​ដទៃ​ទៀត​ឡើយ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «មិន​ចូលរួម មិន​ចូលរួម​ទាំង​សម័យ​ប្រជុំ​លើក​ទី​១ នៃ​រដ្ឋសភា ហើយ​មិន​ចូលរួម​ក្នុង​ពិធី​សច្ចាប្រណិធាន​ជាមួយ​តំណាង​រាស្រ្ដ​មក​ពី​គណបក្ស​មួយ​ទៀត​នោះ។ ដូច្នេះ​យើង​នឹង​ចូលរួម​ក្នុង​ពិធី​សច្ចាប្រណិធាន​ដោយឡែក ហើយ​យើង​នឹង​ចូលរួម​ក្នុង​សម័យ​ប្រជុំ​សភា​ពេល​ក្រោយ ពេល​គេ​ចាប់ផ្ដើម​បើក​ឆាក​បើក​អី​គ្នា​គេ​ទៅ ពីព្រោះ​យើង​ដឹង​ថា​អ្វី​ដែល​គេ​ធ្វើ​នេះ គឺ​មិន​ស្រប​ច្បាប់​ទាល់​តែ​សោះ ហើយ​ផ្ទុយ​ពី​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ទាំង​ស្រុង ដូច្នេះ​យើង​មិន​ចូលរួម​លេងសើច​ជាមួយ​អ្នក​ទាំងអស់​នោះ​ទេ»

ប្រភព​ព័ត៌មាន​នានា​បាន​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ជូន​ដល់​លោក សម រង្ស៊ី ដោយ​ភ្ជាប់​លិខិត​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៅ​ជាមួយ​ផង​ជុំវិញ​បញ្ហា​សមាជិក​សភា​ត្រូវ​ចូល​ស្បថ​ធ្វើ​សច្ចាប្រណិធាន និង​មាត្រា​ខ្លះ​របស់​រដ្ឋធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​ការចូលរួម​ប្រជុំ​សភា​លើក​ទី​មួយ​ខាង​មុខ​នេះ។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា​លោក​យល់​ថា ការណ៍​នេះ​ជា​ការប៉ុនប៉ង​ដាក់​សម្ពាធ​លើ​ព្រះ​មហាក្សត្រ ៖ «ព្រះ​មហាក្សត្រ​លោក​បាន​ផ្ញើ​ឲ្យ​យើងខ្ញុំ យើង​បាន​ឃើញ​ហើយ បាន​យើង​សរសេរ​លិខិត​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​មួយ​ច្បាប់​ទៀត​ថា ការបកស្រាយ​ហ្នឹង​គឺ​ច្បាស់​ជា​មាន​ការប៉ុនប៉ង​ដាក់​សម្ពាធ​មក​លើ​ព្រះ​មហាក្សត្រ។ ដូច្នេះ​ព្រះមហាក្សត្រ​លោក​មិន​អាច​ការពារ​សិទ្ធិ​មនុស្ស មិន​អាច​ការពារ​សិទ្ធិ​សេរីភាព ការពារ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ ឲ្យ​បាន​ពេញលេញ​ទេ​ក្នុង​កាលៈទេសៈ​ហ្នឹង។ យើង​ក៏​យល់​ព្រះ​មហាក្សត្រ ហើយ​ព្រះ​មហាក្សត្រ​ក៏​យល់​យើង»

ចំពោះ​សេចក្តី​រាយការណ៍​ដោយ​ប្រភព​ដែល​អះអាង​ថា ច្បាស់​ការណ៍​ថា​គណបក្ស​សិទ្ធិ​មនុស្ស​នឹង​លះបង់​ជំហរ​ពហិការ​បែរ​ជា​នឹង​ចូលរួម​សម័យ​ប្រជុំ​សភា​ថ្ងៃ​ទី​២៤ កញ្ញា​ខាង​មុខ​នេះ​វិញ​នោះ លោក​ប្រធាន​គណបក្ស​សមរង្ស៊ី​មាន​ប្រសាសន៍​ថា មិន​មែន​ជា​ការពិត​ឡើយ​ព្រោះ​ខ្លួន​លោក និង​លោក កឹម សុខា នៅតែ​បន្ត​សកម្មភាព​ផ្សព្វផ្សាយ​ដល់​មេដឹកនាំ​ប្រទេស​នានា​ក៏​ដូច​ជា​មិត្តភក្តិ​ទូទៅ​ថា ជំហរ​នៅ​ដដែល​គឺ​បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​មាន​ជំហរ​តែមួយ។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «អត់​ទេ ជំហរ​ដូច​គ្នា។ ខ្ញុំ​នៅ​ទីក្រុង​ប៉ារីស​នេះ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប្រ៊ូសែល​ជួប​អ្នក​ដឹកនាំ​សហភាព​អឺរ៉ុប ហើយ​បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្រ្តី​សហប្រតិបត្តិការ​អន្តរជាតិ ប្រទេស​បារាំង ជួប​ប្រធាន​រដ្ឋសភា​បារាំង ជួប​ប្រធាន​ព្រឹទ្ធសភា​បារាំង ខ្ញុំ​បាន​ជួប​ទីប្រឹក្សា​លោក​ប្រធានាធិបតី​បារាំង លោក នីកូឡាស ហ្សាកូស៊ី ជាមួយ​លោក កឹម សុខា បាន​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ សម រង្ស៊ី។ ហើយ​យើង​បាន​បញ្ជាក់​គោលជំហរ​របស់​យើង​ប្រាប់​មិត្ត​យើង​នៅ​ឯ​នាយសមុទ្រ​ទាំងអស់ ថា​យើង​មិន​ចូលរួម​ទេ»

អត្ថបទ​ដែល​ទាក់ទង

គ.ជ.ប.​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ប្រឆាំង សម រង្ស៊ី

មន្ត្រី​ហ្វ៊ុនស៊ិនប៉ិច​ពិចារណា​ពី​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​នរោត្ដម​រណឫទ្ធិ

គ.ជ.ប. ស្នើ​ឲ្យ​រដ្ឋសភា​កាត់​ប្រាក់​ខែ​របស់​ប្រធាន​គណបក្ស​សម​រង្ស៊ី

អតិផរណា​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ

កម្ពុជា​គ្រោង​បោះឆ្នោត​រើស​ក្រុមប្រឹក្សា​ខេត្ត​ក្រុង​ស្រុក​និង​ខណ្ឌ​នៅ​ខែ​ឧសភា ២០០៩

គ.ជ.ប.៖ ពលរដ្ឋ​តែ​ជាង​៥០%​ប៉ុណ្ណោះ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០០៨

ខុមហ្វ្រែល​ចេញ​របាយការណ៍​វាយតម្លៃ​លើ​ការបោះឆ្នោត​ឆ្នាំ​២០០៨

គ.ជ.ប. នឹង​បំផ្លាញ​សន្លឹក​ឆ្នោត​ដែល​ប្រើ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៣​ចោល

អ្នក​សង្កេតការណ៍​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​កម្ពុជា​លុប​ចោល​ការប្រើ​ទម្រង់​១០១៨

តំណាង​រាស្ត្រ​បក្ស​សម​រង្ស៊ី​នឹង​មិន​ចូលរួម​ក្នុង​គណៈកម្មការ​ជំនាញ​សភា​ទេ