មន្ត្រី​សុខាភិបាល​នឹង​ចុះ​ពិនិត្យ​ករណី​មនុស្ស​២​នាក់​ស្លាប់​ដោយ​លេប​ថ្នាំ​ចិន

ភ្នាក់ងារ​សុខភាព​របស់​រដ្ឋ​ប្រចាំ​ខេត្ត​សៀមរាប គ្រោង​នឹង​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​មួយ​​ចំនួន​ ទៅ​កាន់​ភូមិ​បន្ទាយឈើ នៃ​សង្កាត់​ទឹកវិល ក្រុង​សៀមរាប ដើម្បី​ស្វែង​រក​ថ្នាំ​ពេទ្យ​របស់​គ្លីនិក​ឯកជន​ចិន ដែល​​​បាន​ចែក​ឱ្យ​ពលរដ្ឋ កាល​ពី​ពេល​ថ្មីៗ ដើម្បី​យក​មក​ពិនិត្យ​ឱ្យ​បាន​ច្បាស់​លាស់។

0:00 / 0:00

ការ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ជំនាញ​ទៅ​ធ្វើ​ការ​ស្រាវជ្រាវ​នោះ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ ២​នាក់ បាន​ស្លាប់ ដែល​ក្រុម​គ្រួសារ​របស់​គេ​អះអាង​ថា បន្ទាប់​ពី​បាន​លេប​ថ្នាំ​គ្រាប់​ដែល​គ្លីនិក​ឯកជន​ចិន​មួយ ឈ្មោះ​រស្មី អង្គរ បាន​ចែក​ឱ្យ។

មន្ត្រី​​សុខាភិបាល​ខេត្ត​សៀមរាប បាន​ព្រមាន​ថា គេ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​​គ្រប់គ្រង​គ្លីនិក​ឯកជន​ចិន មួយ​ឈ្មោះ រស្មី អង្គរ អតីត​ឈ្មោះ​គ្លីនិក ជិន ហួរ ប្រសិន​បើគេ​រក​ឃើ​ញ​​ថា កន្លង​ទៅ​បាន​ធ្វើ​សកម្មភាព​ពិនិត្យ​ជំងឺ ​និង​ចែក​ថ្នាំ​ពេទ្យ​មិន​ត្រឹម​ត្រូវ​ទៅ​ឱ្យ​អ្នក​ភូមិ​ជា​ច្រើន​នាក់​​យក​ទៅ​ប្រើប្រាស់​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​នោះ។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​ថា គ្លីនិក​ឯកជន​ចិន រស្មី អង្គរ គឺ​បាន​ចុះ​ធ្វើ​សកម្មភាព​ពិនិត្យ និង​ចែកថ្នាំ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​បន្ទាយឈើ សង្កាត់​ទឹក​វិល​នោះ មិន​បាន​សុំ​ការ​អនុញ្ញាត និង​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ទេ។

វេជ្ជបណ្ឌិត ក្រូស សារ៉ាត់៖ «ឥឡូវនេះ​ខ្ញុំ​កំពុង​តែ​ធ្វើ​លិខិត​កោះ​អញ្ជើញ​មក ដើម្បី​ឆ្លើយ​បំភ្លឺ​ជាមួយ​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​អាច​នឹង​អធ្យាស្រ័យ​បាន​ទេ។ ព្រោះ​នៅ​តាម​គ្លីនិក​ឯកជន​អ៊ីចឹង​ត្រូវ​មាន​វេជ្ជបណ្ឌិត​អ្នក​ឈរ​ឈ្មោះ​ទទួល​​ខុស​ត្រូវ ហើយ​បើ​សិន​ណា​គាត់​ចុះ​ទៅ​ធ្វើ​ការងារ​ចែក​ចាយ​ថ្នាំ​អ្វី គាត់​ត្រូវ​តែ​ដាក់​សំណើ​មក​មន្ទីរ ឆ្លង​មន្ទីរ​សុខាភិបាល ដើម្បី​ពិនិត្យ​មើល​ថា តើ​គាត់​ទៅ​ធ្វើ​ហ្នឹង វេជ្ជបណ្ឌិត​គាត់ ពេទ្យ​គាត់ ត្រឹមត្រូវ ឬ​អត់? ហើយ​គាត់​ប្រើប្រាស់​ថ្នាំ​អ្វី​ ដោយ​សហការ​ជាមួយ​នឹង​ខាង​ខ្ញុំ ប៉ុន្តែ​គាត់​អត់​មាន​សុំ​អត់​មាន​អី​ទាំង​អស់»

លោក ក្រូស សារ៉ាត់ បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​សោកស្ដាយ​នៅ​ពេល​ដែល​មាន​រឿង​កើត​ឡើង​ចំ​ពេល​ដែល​លោក​មិន​បាន​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយ​​ទើប​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​អូស្ត្រាលី។

ប្រតិកម្ម​របស់​ប្រធាន​មន្ទីរ​សុខាភិបាល​នេះ​ កើត​ឡើង​បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​ឧសភា កន្ល​ង​​ទៅ ក្រុម​គ្រូពេទ្យ​របស់​គ្លីនិក​ឯកជន​ចិន​ឈ្មោះ រស្មី អង្គរ បាន​ចុះ​ពិនិត្យ​ជំងឺ និង​ចែក​ថ្នាំ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់​នៅ​ភូមិ​បន្ទាយឈើ ហើយ​កាល​ពី​ថ្ងៃ​ទី​២១ និង​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ គឺ​មាន​​ស្រ្តី​ចំណាស់​ម្នាក់​ឈ្មោះ អ៊ាន ចៀច អាយុ ៦៣​ឆ្នាំ ​និង​បុរស​ម្នាក់​ឈ្មោះ សុខ សុំ ហៅ សេះ អាយុ ៥៣​ឆ្នាំ​​ បាន​ស្លាប់ ដោយ​ក្រុម​គ្រួសារ​អះអាង​ថា បន្ទាប់​ពី​បាន​លេប​ថ្នាំ​ដែល​គ្លីនិក​ឯកជន​ចិន នោះ​ចែក​​ឱ្យ។

លោក​អនុសេនីយ៍​ឯក ជិន សឿត ជា​នាយ​ផ្នែក​ឧក្រិដ្ឋកម្ម​១ របស់​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​មាន​អ្នក​ភូមិ​ស្លាប់​ដែល​គេ​អះអាង​ថា បន្ទាប់​ពី​លេប​ថ្នាំ​របស់​គ្លីនិក​ចិន​នោះ​ គឺ​សមត្ថកិច្ច​​បាន​ហៅ​គ្រូពេទ្យ​ក្នុង​គ្លីនិក​នោះ​ខ្លះ​ៗ​មក​សាក​សួរ ដើម្បី​ធ្វើ​កំណត់ហេតុ ក៏​ប៉ុន្តែ​​ចំណាត់​ការ​បន្ត​ទៅ​ទៀត​ គឺ​នៅ​រង់ចាំ​លទ្ធផល​ធ្វើ​កោសល្យវិច័យ​ពី​វេជ្ជបណ្ឌិត​​​​រួច​រាល់​សិន។

លោក​អនុសេនីយ៍​ឯក ជិន សឿត៖ «មិន​ទាន់​ថា​យ៉ាង​ម៉េច​ទេ ព្រោះ​នៅ​ពេទ្យ​នោះ គាត់​យក​ថ្នាំ​ទៅ​ធ្វើ​កោសល្យវិច័យ»

ក៏ប៉ុន្តែ​​តំណាង​គ្លីនិក​ឯកជន​ចិន​នោះ បាន​ព្យាយាម​បដិសេធ​ថា ការ​ស្លាប់​របស់​អ្នក​ភូមិ​បន្ទាយ​ឈើ ២​នាក់ គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​លេប​ថ្នាំ​ដែល​ក្រុម​របស់​គេ​ចែក​ឱ្យ​នោះ​ទេ។

ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​បុគ្គលិក​ផ្នែក​រដ្ឋបាល​របស់​គ្លីនិក​ឯកជន រស្មី អង្គរ តែ​ព្យាយាម​លាក់​ឈ្មោះ​ បាន​មាន​ប្រសាសន៍​ថា ការ​ស្លាប់​មនុស្ស ២​នាក់​នៅ​ភូមិ​បន្ទាយឈើ​ សង្កាត់​ទឹកវិល ចម្ងាយ​ប្រមាណ ១៦​គីឡូម៉ែត្រ ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ក្រុង​សៀមរាប នោះ គឺ​ដោយ​សារ​តែ​ជំងឺ​រ៉ាំរ៉ៃ​ ជា​យូរ​មក​ហើយ។

ស្រី​ដដែល​អះអាង​ដូច្នេះ៖ «ថ្នាំ​ដែល​ពួក​ខ្ញុំ​ចែក​ឱ្យ គ្រាន់​តែ​ជា​ប្រភេទ​ថ្នាំ​ផ្ដាសាយ វីតាមីន​សេ ហើយ​និង​ពពួក​ថ្នាំ​ផ្សះ​បន្តិច​បន្តួច។ ថ្នាំ​ហ្នឹង​ពួក​ខ្ញុំ​ក៏​ប្រើប្រាស់​នៅ​តាម​គ្លីនិក​ជា​រៀង​រាល់​ថ្ងៃ ហើយ​ក៏​មាន​ឱ្យ​ទៅ​អ្នក​ជំងឺ​ផ្សេងៗ​ទៀត មាន​គេ​លេប​ច្រើន​ដូច​គាត់​ដែរ គេ​អត់​អី។ និយាយ​ទៅ​ប៉ូលិស​អី​ក៏​គាត់​បាន​ធ្វើ​កោសល្យវិច័យ​​ដែរ។ តាម​ពិត​ទៅ​គឺ​គាត់​មាន​បញ្ហា​ដោយ​ជំងឺ​ខ្លួន​គាត់​ផ្ទាល់ មិន​មែន​មក​ពី​លេប​ថ្នាំ​ ដែល​ខាង​ខ្ញុំ​ចែក​ឱ្យ​ទេ»

ទោះ​យ៉ាង​ណា ការ​អះអាង​បែប​នោះ គឺ​គ្លីនិក​មិន​មាន​ឯកសារ​នៃ​ប្រវត្តិ​អ្នក​ជំងឺ​ទាំ​ង​នោះ​នៅ​ក្នុង​ដៃ​របស់​គេ​ឱ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។ រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែ​ឧសភា ​ក្រុម​អ្នក​ភូមិ​បន្ទាយឈើ​ខ្លះ នៅ​តែ​​អះអាង​ថា ពួក​គេ​បាន​កើត​មាន​បញ្ហា​សុខភាព​បន្ទាប់​ពី​បាន​លេប​ថ្នាំ​គ្រាប់​ដែល​គ្រូពេទ្យ​ចិន ចែក​ឱ្យ​នោះ។

ស្ត្រី​ឈ្មោះ សោម ហៀត បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​ក្រុម​គ្រូពេទ្យ​គ្លីនិក រស្មី អង្គរ បាន​ទៅ​ពិនិត្យ និង​ចែក​ថ្នាំ​នោះ គឺ​រូប​គាត់​ក៏​បាន​ទៅ​ឱ្យគេ​ស្ទង់​ឈាម បន្ទាប់​មក​ពេទ្យ​គ្លីនិក បាន​ឱ្យ​ថ្នាំ​គ្រាប់​មក​គាត់​លេប។ ក្រោយ​ពី​លេប​រួច​មក គឺ​គាត់​មាន​បញ្ហា​សុខភាព ដោយ​ញ័រ​ទ្រូង និង​ក្ដៅ​ខ្លួន ទាល់​តែ​បន្តោង​សេរ៉ូម​អស់ ២​កំប្លោក​ទើប​ស្វាង។

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ជឿន ណា អាយុ ៤០​ឆ្នាំ នៅ​ភូមិ​បន្ទាយឈើ ដែរ បាន​បន្តោង​សេរ៉ូម​នៅ​ឡើយ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​បាន​លេប​ថ្នាំ​ដែល​គ្លីនិក រស្មី អង្គរ ចែក​ឱ្យ​នោះ​អស់ ៤​ដង ក៏​ធ្វើ​ឱ្យ​គាត់​មាន​បញ្ហា​សុខភាព៖ «គេ​សួរ​ខ្ញុំ​ថា ខ្ញុំ​ឈឺ​អី? ខ្ញុំ​ថា ខ្ញុំ​វា​ក្ដៅ​ចង្កេះ។ ពេទ្យ​គេ​បើក​ឱ្យ​ មិន​ដឹង​ថា ចិន ឬ​មិន​ដឹង​ជា​ស្អី​ទេ ក៏​ប៉ុន្តែ​គេ​នោះ​មិន​ចេះ​ខ្មែរ​ទេ មាន​អ្នក​ខ្មែរ​​ គេ​សម្រាប់​បក​ប្រែ​សួរ​យើង។ ឱ្យ​ថ្នាំ​ខ្ញុំ ៦​ពេល ហើយ​ខ្ញុំ​ទើប​នឹង​លេប​បាន ៤​ពេល។ ពេល​ដែល​ខ្ញុំ​លេប ខ្ញុំ​ញ័រ ហើយ​វិល​មុខ ដូច​យើង​ទទាក់ ដើរ​ទៅ​ធេងធោងៗ ខ្ញុំ​ដាក់​សេរ៉ូម​ទៅ»

លោក​ អ៊ាម ប៊ុនលឿន​ ​ជាអនុ​ប្រធាន​មន្ទីរ​សុខាភិបាល​ ខេត្ត​សៀមរាប​។​ លោក​បានមានប្រ​សាសន៍ថា៖​នៅ​រសៀលថ្ងៃ​ទី២៩ខែ​ ឧសភា ​លោក​នឹងដឹកនាំ​ក្រុម​គ្រូពេទ្យ​ជំនាញ​ ចុះទៅ​ស្រាវជ្រាវ​នៅភូមិ​បន្ទាយ​ឈើ​នោះ​ ​ដើម្បី​ស្វែងរកឈ្មោះ​ គ្រូពេទ្យ​ របស់គ្លីនិករស្មី​ អង្គរ​ ដែល​ចុះ​ចែក​ថ្នាំ​នោះ​ ហើ​​​យ​និងស្វែងរកថ្នាំ​ពេទ្យ​ ដែល​ចែក​នៅសេសសល់​​ ដើម្បី​យក​ផ្ញើទៅ​ក្រសួង​ សុខាភិបាលឱ្យ​​ធ្វើការ​ពិនិត្យ​ថា៖​​តើ​ថ្នាំ​ដែល​ចែក​ជូន​ អ្នក​ភូមិ​ប្រមាណ២០០នាក់ នោះ​ វាមានបញ្ហា​ឬក៏​យ៉ាងណា​?៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។