ប្រធានគណបក្សសង្គមយុត្តិធម៌ដែលមានលេខរៀងទី៧ លោក បាន សុផល បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសម្ព័ន្ធភាពរវាងគណបក្សទាំងពីរថា ការរួបរួមគ្នានេះគឺជាសញ្ញានៃការបង្រួបបង្រួមជាតិ ហើយថាការរួបរួមគ្នានេះគឺដើម្បីកុំឲ្យខាតបង់សន្លឹកឆ្នោត ។
លោក បាន សុផល បានឲ្យដឹងថា ៖ «មតិប្រជារាស្ត្រគ្រប់មជ្ឈដ្ឋានទាំងអស់ បញ្ញវ័ន្ត មន្ត្រីរាជការទាំងអស់ ចង់ឲ្យគ្រប់គណបក្សនយោបាយរួបរួមគ្នាដើម្បីកុំឲ្យខាតសន្លឹកឆ្នោត ។ ឧទាហរណ៍ ឆ្នាំ២០០៣ គណបក្សកាន់អំណាចគាត់ទទួលបានតែជាង៤០%ទេ ក៏ប៉ុន្តែដល់យើងពិនិត្យអាសនៈគាត់បានដល់ទៅ៧៣កៅអី ។ អ៊ីចឹងឃើញថាគណបក្សតូចៗបែកគ្នាធ្វើឲ្យចំណេញដល់គណបក្សកាន់អំណាច» ។
ប្រធានគណបក្សខ្មែរឈប់ក្រដែលមានលេខរៀងទី៥ លោក ក្រវ៉ាញ ដារ៉ន បានមានប្រសាសន៍ថា ការរួបរួមកម្លាំងគ្នានេះគឺដើម្បីប្រជែងជាមួយនឹងគណបក្សនយោបាយនានា ជាពិសេសគឺគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច ។
លោក ក្រវ៉ាញ ដារ៉ន ក៏បានអំពាវនាវឲ្យគណបក្សនយោបាយដទៃទៀតចូលរួមជាមួយចងជាសម្ព័ន្ធភាពនយោបាយ ដើម្បីការបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាដើម្បីបុព្វហេតុជាតិខ្មែរផងដែរ ។
លោក ក្រវ៉ាញ ដារ៉ន បានមានប្រសាសន៍ថា ៖ «ឥឡូវនេះជាពេលត្រូវរបស់អស់លោកហើយ លុបភាពអន្តកាលនៅក្នុងខួរក្បាលយើង ។ ឈប់គិតពីគណបក្សប្រជាជន ឈប់គិតពីគណបក្សដទៃ លោកត្រូវគិតពីប្រយោជន៍ខ្មែរ យើងទាំងអស់គ្នាមករួបរួមគ្នាដើម្បីជាតិមាតុភូមិ អ្វីដែលជាប្រយោជន៍ខ្មែរយើងធ្វើទាំងអស់ អ្វីដែលអន្តរាយដល់ប្រជាពលរដ្ឋខ្មែរ យើងអត់ធ្វើទេ» ។
យោងតាមមាត្រាទី៣ ក្នុងសេចក្ដីថ្លែងការណ៍ស្ដីពីសម្ព័ន្ធភាពនយោបាយរវាងគណបក្សខ្មែរឈប់ក្រ និងគណបក្សសង្គមយុត្តិធម៌ បានឲ្យដឹងថាគណបក្សទាំងពីរប្រកាសថា មណ្ឌលណាដែលមានគណបក្សនយោបាយតែមួយមានបេក្ខជនឈរឈ្មោះ គណបក្សនយោបាយមួយទៀតត្រូវជួយឃោសនាឲ្យសមាជិករបស់ខ្លួនជួយបោះឆ្នោតគាំទ្រគណបក្សនយោបាយដែលមានបេក្ខជន ។ នៅក្នុងមាត្រាទី៣ដដែលបានឲ្យដឹងទៀតថា មណ្ឌលណាដែលគណបក្សទាំងពីរមានបេក្ខជន គណបក្សទាំងពីរនឹងពិភាក្សាចែកមណ្ឌលគ្នា ដោយទុកឲ្យគណបក្សនយោបាយតែមួយដាក់បេក្ខជន ហើយគណបក្សនយោបាយមួយទៀតជួយឃោសនាគាំទ្រទាំងស្រុង ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល គឺលោក គល់ បញ្ញា បានមានប្រសាសន៍ថាការចងសម្ព័ន្ធភាពរវាងគណបក្សនយោបាយគឺជារឿងល្អដើម្បីកុំឲ្យបាត់សន្លឹកឆ្នោត ។
ទោះជាយ៉ាងណាលោកបានមានប្រសាសន៍ថាការចងសម្ព័ន្ធភាពដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតខែកក្កដា ឆ្នាំ២០០៨នេះ វាហាក់បីដូចជាយឺតពេលបន្តិចហើយ ។
ទោះជាយ៉ាងណាប្រធានគណបក្សសង្គមយុត្តិធម៌ លោក បាន សុផល បានបញ្ជាក់ថាការចងសម្ព័ន្ធភាពនយោបាយនៅពេលនេះ គឺមិនទាន់យឺតពេលដូចការអះអាងរបស់អង្គការក្រៅរដ្ឋាភិបាលនិងសង្គមស៊ីវិលមួយចំនួននោះឡើយ ៕
