បក្ស​ហ៊្វុនស៊ិនប៉ិច​និង​បក្ស​ជាតិ​និយម​រួបរួម​គ្នា​ឡើង​វិញ

បក្ស​ហ៊្វុនស៊ិនប៉ិច និង​បក្ស​ជាតិ​និយម ដែល​បាន​បែកបាក់​គ្នា​កាល​ពី​ឆ្នាំ​២០០៦ បាន​វិល​មក​រួបរួម​គ្នា​វិញ​ហើយ ហើយ​មុន​នឹង​ឈាន​ដល់​ការ​បញ្ចូល​គ្នា​ជា​បក្ស​តែ​មួយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ បក្ស​ទាំង​ពីរ​នេះ​បាន​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​សិន ដើម្បី​ទុក​ពេល​រៀបចំ​អ្នក​គាំទ្រ​នៅ​ថ្នាក់​ក្រោម។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ថ្លែង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម បាន​បញ្ចប់​ការ​ពិភាក្សា​លើ​ពិធីសារ​ព្រមព្រៀង​បង្កើត​សម្ព័ន្ធ​ភាព​រួម​គ្នា​មួយ​ដែល​មាន​ឈ្មោះ​ថា ហ៊្វុនស៊ិនប៉ិច​ជាតិ​និយម។

លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​នេះ គឺ​ដើម្បី​ប្រមូល​ផ្តុំ​កម្លាំង​ចូលរួម​កសាង​ប្រទេស​ជាតិ​ឡើង​វិញ។

លោក កែវ ពុទ្ធរស្មី បាន​បញ្ជាក់​ថា ៖ «យើង​វា​បែក​បាក់​គ្នា អញ្ចឹង​ត្រូវតែ​រួបរួម​គ្នា​ឡើង​វិញ ហ្នឹង​ជា​មូលហេតុ​ទី​១។ មូលហេតុ​ទី​២ គឺ​គណបក្ស ហ៊្វុនស៊ិនប៉ិច ជា​គណបក្ស​ដែល​ធ្លាប់​នាំ​មក​នូវ​សន្តិភាព ហើយ​រៀបចំ​ការ​កសាង​ជាតិ​ទាំង​អស់ ចូល​រួម​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​ពេល​នេះ ហើយ​មាន​សមិទ្ធផល​ជា​ច្រើន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​បង្រួបបង្រួម​ជាតិ ការ​ផ្សះផ្សា​ជាតិ ការ​កសាង​ជាតិ អ៊ីចឹង​ហើយ​បាន​ជា​យើង​យល់​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​នៅ​មាន​តួនាទី​ធ្វើ​យ៉ាង​ណា​នៅ​ថ្ងៃ​មុខ​ឲ្យ​មាន​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​ឲ្យ​ដូច​ពី​ដើម​ឡើង​វិញ»

លោក កែវ ពុទ្ធរស្មី មាន​ប្រសាសន៍​ទៀត​ថា ការ​ចង​សម្ព័ន្ធ​រវាង​គណបក្ស​ទាំង​ពីរ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ប្រមូល​កម្លាំង​គាំទ្រ និង​រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​តាម​មូលដ្ឋាន ដើម្បី​ឈាន​ដល់​ការ​បញ្ចូល​គ្នា​ជា​គណបក្ស​តែ​មួយ។

លោក កែវ ពុទ្ធរស្មី បាន​អះអាង​ថា ៖ «យើង​នឹង​អាច​ច្របាច់​ចូល​គ្នា​នៅ​ពេល​ជិត​បោះឆ្នោត។ មែន​ទែន​ទៅ​ពេល​ហ្នឹង​វា​អត់​មាន​ខាត​កៅអី​នោះ​ទៀត​ទេ។ អ៊ីចឹង​ដើម្បី​យើង​សាកល្បង​ជឿ​ទុកចិត្ត​គ្នា និង​ដើម្បី​កុំ​ឲ្យ​ដល់​ថ្ងៃ​ហ្នឹង​ចាំ​យើង​ចូល​គ្នា​តែ​ម្ដង​ទៅ ឃើញ​ថា​វា​យូរ អ៊ីចឹង​យើង​ចាប់​រៀប​ចំ​បណ្ដើរ​ៗ​ រៀបចំ​បញ្ចូល​ជា​សម្ពន្ធភាព​ហ្នឹង​ទៅ ហើយ​យើង​ធ្វើ​ការ​ច្របាច់​បញ្ចូល​គ្នា​នៅ​តាម​មូលដ្ឋាន​ហ្នឹង នៅ​តាម​ខេត្ត តាម​អី បញ្ចូល​គ្នា​ឲ្យ​ហើយ​ទៅ ដើម្បី​ដល់​ឆ្នាំ​២០១២ យើង​បោះ​ឆ្នោត​ឃុំ​សង្កាត់​ជា​ជំហាន​ដំបូង​ដើម្បី​បង្ហាញ​ការ​យល់​ចិត្ត​គ្នា ហើយ​ដើម្បី​ឈោង​ដល់​ការ​បញ្ចូល​គ្នា​តែ​មួយ​តែ​ម្ដង»

គណបក្ស ហ៊្វុនស៊ិនប៉ិច ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​បែក​ខ្ញែក​គ្នា តាំងពី​ឆ្នាំ​២០០៦។ បន្ទាប់ពី​នោះ​សម្ដេច​ក្រុម​ព្រះ ទ្រង់​បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ផ្សេង​ទៀត​ដោយ​ដាក់​ឈ្មោះ​ថា គណបក្ស នរោត្តម រណឫទ្ធិ។

គណបក្ស នរោត្តម រណឫទ្ធិ បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០០៧ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០០៨។ ជា​លទ្ធផល គណបក្ស​ដែល​អះអាង​ថា មាន​និន្នាការ​រាជានិយម​ទាំង​ពីរ​ទទួល​បាន​អាសនៈ​ចំនួន ២ រៀង​ៗ​ខ្លួន នៅ​ក្នុង​សភា ក្នុងពេល​បោះឆ្នោត​ជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០០៨។

គណបក្ស នរោត្តម រណឫទ្ធិ បាន​ប្ដូរ​ឈ្មោះ​ជា​ថ្មី​ម្ដង​ទៀត​ទៅ​ជា​គណបក្ស​ជាតិ​និយម នៅ​ឆ្នាំ​២០០៩ ដែល​មាន​លោក ឈឹម សៀកឡេង ជា​ប្រធាន។ ករណី​បែក​បាក់​កម្លាំង​ផ្ទៃក្នុង​របស់​គណបក្ស ហ៊្វុនស៊ិនប៉ិច ទៅ​ជា​ពីរ​ក្រុម​នេះ បាន​ធ្វើ​ឲ្យ​កម្លាំង​គាំទ្រ​របស់​គណបក្ស​នេះ​កាន់​តែ​ថយ​ចុះ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស ហ៊្វុនស៊ិនប៉ិច បាន​រំពឹង​ថា ការ​រួម​បញ្ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ នឹង​ធ្វើ​ឲ្យ​សំឡេង​គាំទ្រ​បាន​ច្រើន​ឡើង​វិញ នៅ​ក្នុង​ពេល​បោះឆ្នោត​សភាជាតិ​ក្នុង​ឆ្នាំ​២០១៣​ខាង​មុខ។

លោក​បណ្ឌិត ពុទ្ធា ហង្ស អតីត​ប្រធាន​អង្គការ​និចហ្វិក ដែល​ធ្លាប់​អង្កេត​មើល​ការ​បោះឆ្នោត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​វិល​មក​រួបរួម​គ្នា​របស់​គណបក្ស​ទាំង​ពីរ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។

លោក​បណ្ឌិត ពុទ្ធា ហង្ស បាន​មាន​ប្រសាសន៍​ថា ៖ «យើង​ឃើញ​ថា គណបក្ស​ទាំង​នេះ​មាន​ការ​ប្រឹងប្រែង​រៀបចំ​ឲ្យ​មាន​ការ​សហការ​គ្នា ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​នូវ​ការ​ដណ្ដើម​តួនាទី​ដឹក​នាំ​រដ្ឋ។ ការ​ពង្រឹង​នេះ​បើ​ប្រៀប​ទៅ​នឹង​សុភាសិត​របស់​ខ្មែរ គឺ​ចង្កឹះ​មួយ​បាច់​ច្រើន វា​ប្រសើរ​ជាង​ចង្កឹះ​មួយ​ដើម។ អ៊ីចឹង​ខ្ញុំ​គិត​ថា ជា​យុទ្ធសាស្ត្រ​មួយ ​នៃ​ក្រុម​គណបក្ស ដែល​មាន​អាសនៈ​តិច​នៅ​ក្នុង​សភា ក្នុង​ការ​ដណ្ដើម​តួនាទី​ដឹក​នាំ​រដ្ឋ»

សម្ពន្ធ័ភាព ហ៊្វុនស៊ិនប៉ិច ជាតិ​និយម នឹង​មាន​សហ​ប្រធាន​ជា​អ្នក​ដឹកនាំ៕