លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍នៅថ្ងៃទី១ ខែធ្នូ ឲ្យដឹងថា សម្ព័ន្ធគណបក្សហ៊្វុនស៊ិនប៉ិច-ជាតិនិយម នឹងធ្វើការប្រជុំសមាជទៅជាបក្សតែ១ នៅដើមឆ្នាំ២០១១ ដើម្បីចូលរួមការបោះឆ្នោតឃុំ-សង្កាត់ និងបោះឆ្នោតសកលនៅឆ្នាំខាងមុខ។
លោក កែវ ពុទ្ធរស្មី បន្តថា សមាជិកថ្នាក់ដឹកនាំបក្សជាតិនិយមទាំងពីរ បានសរសេរចុតហ្មាយថ្វាយព្រះអង្គ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងព្រះអង្គមកគង់ជាព្រះប្រធាន ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានបន្ទូលឆ្លើយតបពីព្រះអង្គនៅឡើយទេ។
លោក កែវ ពុទ្ធរស្មី បន្ថែមដូច្នេះ ៖ «ការដែលយើងធ្វើដូច្នេះ គឺដើម្បីឆ្លើយទៅនឹងសំណូមពរយ៉ាងទទូចរបស់មូលដ្ឋាន។ អ៊ីចឹងខ្ញុំជឿថា ច្បាស់ជាមូលដ្ឋានគេគាំទ្រហើយ»។
សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ ខែវិច្ឆិកា របស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឲ្យដឹងថា ព្រះអង្គមិនអាចយាងទៅដឹកនាំសម្ព័ន្ធភាពហ៊្វុនស៊ិនប៉ិច-ជាតិនិយម ហើយក៏នឹងមិនវិលត្រឡប់ទៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចជាថ្មីទៀតទេ។ ប៉ុន្តែលិខិតចុះថ្ងៃទី២៩ ខែវិច្ឆិកា ផ្ញើជូនលោក ឈឹម សៀកឡេង ប្រធានគណបក្សជាតិនិយម សម្ដេចក្រុមព្រះមានបន្ទូលថា ព្រះអង្គអនុញ្ញាតឲ្យប្រើព្រះនាមព្រះអង្គដាក់ជាឈ្មោះគណបក្ស តែមិនបានបញ្ជាក់ថា ព្រះអង្គនឹងវិលមកដឹកនាំគណបក្សនេះវិញ ឬយ៉ាងណា ចំពោះសំណើរបស់សមាជិកគណបក្សជាតិនិយមនោះទេ។
លោក ប៉ែន សង្ហា មន្ត្រីនាំពាក្យគណបក្សជាតិនិយម មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងតាមទូរស័ព្ទថា នៅថ្ងៃទី១១ ខែធ្នូ គណបក្សជាតិនិយមនឹងប្ដូរឈ្មោះទៅជាគណបក្ស នរោត្តម រណឫទ្ធិ វិញ មុននឹងគណបក្សជាតិនិយម និងសម្ព័ន្ធគណបក្សហ៊្វុនស៊ិនប៉ិច-ជាតិនិយម ច្របាច់បញ្ចូលគ្នាទៅជាបក្សថ្មីមួយនោះ។
លោកថា បក្សថ្មីដែលកើតឡើងក្រោយអង្គសមាជ ដែលគ្រោងធ្វើនៅដើមឆ្នាំ២០១១ សមាជិកសម្ព័ន្ធបក្សជាតិនិយមទាំងពីរ បានព្យាយាមយាងសម្ដេចក្រុមព្រះ ឲ្យព្រះអង្គយាងដឹកនាំ ព្រោះមានតែព្រះអង្គដែលមានសមត្ថភាព និងមានប្រជាប្រិយភាព។
លោក ប៉ែន សង្ហា មានប្រសាសន៍ទៀតថា ៖ «មានតែព្រះវត្តមានរបស់ព្រះអង្គសម្ដេចក្រុមព្រះទេ ដែលអាចធ្វើការបង្រួបបង្រួមប្រមូលកម្លាំងរាជានិយម កម្លាំងអ្នកសីហនុនិយម កម្លាំងអ្នកប្រជាធិបតេយ្យ អាចរឹងមាំបាន ទទួលបានសំឡេងគាំទ្រពីប្រជាពលរដ្ឋ»។
ទាក់ទងបញ្ហានេះដែរ មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគនយោបាយមួយចំនួននៅកម្ពុជា បានថ្លែងសាទរចំពោះជំហរច្របាច់បញ្ចូលគ្នាជាបក្សតែមួយរបស់បក្សរាជានិយមពេលនេះ ដោយចាត់ទុកការរួបរួមនេះថា ជាសញ្ញាវិជ្ជមានមួយឈានទៅទទួលបានការគាំទ្រជាថ្មីពីប្រជាពលរដ្ឋខ្មែរទូទៅ។
អ្នកវិភាគនយោបាយវ័យចំណាស់ម្នាក់មិនបញ្ចេញឈ្មោះ បានថ្លែងឲ្យដឹងដូច្នេះ ៖ «បើសិនជាការរួបរួមនេះបាន វាជាការប្រពៃហើយ ដែលច្របាច់ទៅជាគណបក្សដឹកនាំដោយ នរោត្តម រណឫទ្ធិនោះ។ តែប្រជាប្រិយវាមិនទាន់ទៅតាមកាលៈទេសៈដូចកាលពីឆ្នាំដំបូងនៃការបោះឆ្នោតទេ»។
កាលពីឆ្នាំ២០០៨ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ធ្លាប់មានបន្ទូលជាសាធារណៈថា ព្រះអង្គមិនវិលចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីទៀតទេ ប៉ុន្តែបន្ទូលនេះត្រូវអ្នកវិភាគនយោបាយបានលើកឡើងថា សម្ដេចក្រុមព្រះមិនអាចយាងចេញឆ្ងាយពីឆាកនយោបាយនោះទេ មានន័យថា មិនយូរមិនឆាប់ ព្រះអង្គនឹងយាងចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីទៀត នៅក្នុងកាលៈទេសៈសមស្របណាមួយ។
គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សមួយល្បីឈ្មោះ និងមានប្រជាប្រិយភាព ទទួលការគាំទ្រពីប្រជាពលរដ្ឋ និងធ្លាប់ឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣ កន្លងទៅ៕