ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជាមានគម្រោងការដាក់ម៉ាស៊ីនស្កេនចំនួនពីរគ្រឿងនាសប្តាហ៍ខាងមុខឆាប់ៗនេះនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងនៅឯព្រលានយន្តហោះអន្តរជាតិក្នុងខេត្តសៀមរាបដើម្បីត្រួតពិនិត្យឬតាមដានមើលរោគសញ្ញានៃជំងឺគ្រុនផ្តាសាយជ្រូកក្នុងចំណោមទេសចរបរទេសមកទស្សនាក្នុងប្រទេសកម្ពុជានៅគ្រាដែលជំងឺនេះកំពុងគំរាមកំហែងពិភពលោក។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ជាអនុប្រធាននៃនាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលនៅក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ «យើងមិនមែនតែពីរហ្នឹងទេ ខាងខេត្តនៅតាមផ្លូវគោកក៏យើងធ្វើដែរ»។
លោកបានឲ្យដឹងថា ចំណែកឯច្រកចេញចូលនៅព្រំដែនកម្ពុជាថៃ និងច្រកចេញចូលកម្ពុជាវៀតណាមនឹងមានការត្រួតពិនិត្យផងដែរដោយក្រុមមន្រ្តីជំនាញខាងជំងឺឆ្លង ប៉ុន្តែគ្មានម៉ាស៊ីនស្កេនសម្រាប់ត្រួតពិនិត្យទេ។
លោក លី សូវ៉ាន់ បានបញ្ជាក់ឲ្យដឹងថា ក្រសួងសុខាភិបាលកំពុងតែរៀបចំផែនការផ្សព្វផ្សាយអំពីការអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យយល់ដឹងអំពីវិធានការបង្ការចំនួន៥ចំណុចដូចជា ទី១ កុំប៉ះពាល់អ្នកជំងឺ, ទី២ អ្នកដែលកើតជំងឺផ្តាសាយគប្បីទៅព្យាបាលនៅមន្ទីរពេទ្យ, ទី៣ ត្រូវប្រើប្រាស់ក្រដាសឬក្រមានៅពេលក្អកឬផ្ដាសាយម្តងៗ, ទី៤ លាងដៃនឹងសាប៊ូនិងទឹកអាល់កុលដើម្បីសម្លាប់មេរោគ និង ទី៥ បរិភោគឲ្យបានគ្រប់គ្រាន់និងហាត់ប្រាណជាប្រចាំ។
ទាក់ទងនឹងការបង្ការជំងឺគ្រុនផ្តាសាយជ្រូកនៅក្នុងប្រទេសកម្ពុជានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថៃ្ងពុធកន្លងទៅថ្មីៗនេះ បានមានប្រសាសន៍នៅក្នុងទីក្រុងភ្នំពេញថា ៖ «ឧបករណ៍ សម្ភារៈទន់ខ្សោយ តែវិធីគ្រប់គ្រងហានិភ័យលើបញ្ហាសុខភាពសាធារណៈគឺមិនទន់ខ្សោយទេ»។
ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជានិងអង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសរួមមួយកាលពីថៃ្ងទី២៧ ខែមេសាកន្លងទៅនេះ សម្ដែងការព្រួយបារម្ភនៃការឆ្លងនៃមេរោគគ្រុនផ្តាសាយជ្រូក H1N1ដែលកំពុងតែឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងប្រទេសម៉ិចស៊ីកូ ប៉ុន្តែនៅក្នុងប្រទេសកម្ពុជានៅមិនទាន់មានអ្នកកើតជំងឺនេះនៅទ្បើយទេ។
ចំណែកឯប្រទេសជាសមាជិកអាស៊ានមានគម្រោងការកោះប្រជុំជាបន្ទាន់មួយនាពេលឆាប់ៗនេះនៅក្នុងប្រទេសហ្វីលីពីនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនោះនៅក្នុងតំបន់ ក្រោយពីកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោកកាលពីថ្ងៃពុធកន្លងទៅនេះ ស្តីពីការគំរាមកំហែងជីវិតមនុស្សនៅក្នុងពិភពលោកដោយសារជំងឺគ្រុនផ្តាសាយជ្រូក។
ផែ្អកតាមប្រភពព័ត៌មាននានាបានឲ្យដឹងថា ប្រទេសម៉ិចស៊ីកូដែលជាប្រភពនៃជំងឺនេះមានមនុស្សស្លាប់ចំនួនជាង១៥០នាក់ហើយ និងបានបញ្ជាឲ្យសម្លាប់សត្វជ្រូក និងបិទទីតាំងភោជនីយដ្ឋាននិងរោងភាពយន្តមួយចំនួននៅក្នុងប្រទេសនេះ។
សហរដ្ឋអាមេរិកមានកូនក្មេងស្លាប់ម្នាក់នៅក្នុងរដ្ឋតិចសាស់ដោយសារជំងឺនេះ ប្រទេសកូរ៉េខាងត្បូងនិងអូស្រ្តាលីបានបញ្ជាក់ឲ្យដឹងថាមានអ្នកឆ្លងជំងឺនេះហើយ រីឯប្រទេសជប៉ុនកំពុងតែរឹតបន្តឹងទិដ្ឋាការចំពោះជនជាតិម៉ិចស៊ីកូមិនឲ្យចូលក្នុងប្រទេសរបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្ដាសាយជ្រូកនោះ៕
