លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានថ្លែងក្នុងសន្និសីទកាសែត នៅមុខការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ប្រចាំទីក្រុងភ្នំពេញថា នៅថ្ងៃពុធ ទី១ ខែមិថុនា សហជីពបានជួបជាមួយលោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដោយស្នើឲ្យជួយជំរុញទៅរដ្ឋាភិបាលជួយចាត់វិធានការទៅថៅកែរោងចក្រឲ្យគោរពច្បាប់ការងារដែលរងការរំលោភបំពានធ្ងន់ធ្ងរ។
ក្រៅពីនេះ លោក រ៉ុង ឈុន ក៏បានលើកយកកង្វល់របស់កម្មកររោងចក្រ ជូន ថិចថាយល៍ (June Textile) ឬរោងចក្រមិថុនា ដែលបានទាមទារឲ្យថៅកែរោងចក្របើកប្រាក់បំណាច់អតីតភាពជូនកម្មករឲ្យបាន ១០០ដុល្លារក្នុង១ឆ្នាំសម្រាប់កម្មករម្នាក់ បន្ទាប់ពីថៅកែប្រកាសបិទក្រុមហ៊ុន។
ស្រដៀងគ្នាដែរ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ក៏បានឲ្យដឹងដែរថា កង្វល់របស់ក្រុមកម្មករដែលត្រូវបានថៅកែបណ្ដេញពីការងារបន្ទាប់ពីបានចូលរួមធ្វើបាតុកម្មកាលពីខែកញ្ញា ឆ្នាំ២០១០ លោកបានរាយការណ៍ជូនលោក ស៊ូប៊ែឌី ដើម្បីឲ្យជួយអន្តរាគមន៍ពួកគេបានចូលធ្វើការវិញ។
លោកឲ្យដឹងថា បច្ចុប្បន្ននេះសកម្មភាពរបស់សហជីពកម្មករ ត្រូវបានរឹតបន្តឹងដោយថៅកែបានប្រើប្រាស់ប្រព័ន្ធតុលាការជាការគំរាមកំហែងប្ដឹងមេដឹកនាំសហជីពដាក់ពន្ធនាគារ។
បន្ថែមលើនេះ តំណាងកម្មកររោងចក្រមិថុនា ក៏បានឲ្យដឹងថា ពួកគេបានស្នើសុំឲ្យលោក ស៊ូប៊ែឌី ជួយអន្តរាគមន៍ទៅរដ្ឋាភិបាល ឲ្យធ្វើយ៉ាងណាបើកប្រាក់អតីតភាពការងារជូនកម្មករឲ្យបាន ១០០ដុល្លារក្នុង១ឆ្នាំ បន្ទាប់ពីថៅកែប្រកាសបិទទ្វារក្រុមហ៊ុន ហើយគេចមិនទទួលសុខត្រូវនោះ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ូប៊ែឌី មកកម្ពុជា ក្រុមមន្ត្រីសង្គមស៊ីវិលបានលើកពីកង្វល់ព្រួយបារម្ភមួយចំនួន។ ទី១ សេចក្ដីព្រាងច្បាប់គ្រប់គ្រងអង្គការសមាគមថ្មី ទី២ បទបញ្ញត្តិក្នុងក្រមព្រហ្មទណ្ឌថ្មី ដែលប្រឆាំងនឹងអ្នកការពារសិទ្ធិមនុស្ស និងសេរីភាពមួយចំនួន ដូចជាសេរីភាពសមាគម និងសេរីភាពបញ្ចេញមតិ។
លោក សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ១សប្តាហ៍ កាលពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោក ស៊ូប៊ែឌី ជុំវិញជំនួបរវាងរូបលោកជាមួយមេដឹកនាំសហជីពបានទេ។ ប៉ុន្តែលោក រ៉ុង ឈុន បានស្រង់សម្ដីរបស់លោកមកនិយាយថា លោក ស៊ូប៊ែឌី នឹងលើកយកកង្វល់ពលរដ្ឋ ដើម្បីដាក់ជូនទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិ នឹងលើកយកទៅជជែកជាមួយថ្នាក់ដឹកនាំស្ថាប័នកំពូលៗកម្ពុជា ដើម្បីឲ្យមានការផ្លាស់ប្ដូរ។
លោក ស៊ូប៊ែឌី បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើកទី៥ របស់លោកមកកម្ពុជា លោកនឹងពិភាក្សាជាមួយរដ្ឋាភិបាលអំពីវិធីកែលម្អសេចក្ដីព្រាងច្បាប់ថ្មី គឺធ្វើយ៉ាងណាឱ្យស្របតាមកាតព្វកិច្ចច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសកម្ពុជា បានផ្ដល់សច្ចាប័ន។ នេះជាដំណោះរបស់លោកចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីអង្គការមិនមែនរដ្ឋាភិបាល។ ចំពោះបញ្ហាសេរីភាពបញ្ចេញមតិវិញ មន្ត្រីសហប្រជាជាតិរូបនេះ ចង់ឱ្យដកចេញទោសព្រហ្មទណ្ឌពីបទផ្សាយព័ត៌មានមិនពិត និងការញុះញង់។ បទទាំងនេះគួរតែដោះស្រាយជារដ្ឋប្បវេណីរវាងភាគីពីរ ហើយរដ្ឋមិនត្រូវធ្វើអន្តរាគមន៍ទេ ហើយថា ក្រមព្រហ្មទណ្ឌថ្មីគួរតែពិនិត្យឡើងវិញ និងត្រូវធ្វើវិសោធនកម្មបទបញ្ញត្តិមួយចំនួន។
លោកបន្ថែមថា ទស្សនកិច្ចរបស់លោកលើកនេះមកកម្ពុជា គឺជាការបន្តបេសកកម្មពីទស្សនកិច្ចកាលពីខែកុម្ភៈ នឹងជួបពិភាក្សាជាមួយមនុស្សថ្មីៗមួយចំនួនទៀត ដែលលោកមិនបានជួបកាលពីលើកមុន ដើម្បីទទួលព័ត៌មានឱ្យបានច្រើនលទ្ធភាពធ្វើទៅបាន ដើម្បីធានាថា របាយការណ៍ដែលលោកនឹងដាក់ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានព័ត៌មានច្បាស់លាស់ពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីនេះ លោកក៏នឹងជួបជាមួយតំណាងរាស្ត្រពីគណបក្សនយោបាយផ្សេងៗគ្នា និងពលរដ្ឋនៅតាមសហគមន៍មួយចំនួនទៀត ដើម្បីស្វែងយល់ឲ្យបានទូលំទូលាយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា សម្រាប់នាំយកទៅប្រាប់សហគមន៍អន្តរជាតិ អំពីអ្វីដែលកើតមាននៅក្នុងប្រទេសនេះ។
លោកឲ្យដឹងថា ដំណើររបស់លោក គឺលើកទឹកចិត្តឱ្យរដ្ឋាភិបាលគោរពប្រតិបត្តិតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយមិនមែនរិះគន់រដ្ឋាភិបាលទេ ប៉ុន្តែលោកចង់ប្រាប់រដ្ឋាភិបាលអំពីអ្វីដែលត្រូវធ្វើ ហើយថា លោកត្រៀមផ្ដល់អនុសាសន៍បីចំណុចសំខាន់ដល់រដ្ឋាភិបាល ដើម្បីរួមគ្នាពង្រីករបបការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា៕
