សមាជិក​សភា​អាមេរិក​២​រូប​ទស្សនកិច្ច​សារមន្ទីរ​បឹង​ជើងឯក

សមាជិក​សភា​នៃ​សហរដ្ឋ​អាមេរិក​ចំនួន ២​នាក់ គឺ​លោក ចូសេហ្វ កាវ (Joseph Cao) និង​លោក ម៉ែក ហិនដា (Mike Honda) បាន​មក​ទស្សនកិច្ច​នៅ​វាល​ពិឃាត​របស់​ខែ្មរ​ក្រហម នៅ​បឹង​ជើងឯក​ខាង​លិច នៅ​ជាយ​ទីក្រុង​ភ្នំពេញ ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ។

សមាជិក​សភា​ចំនួន ២​រូប​នោះ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទេ ក្រៅ​តែ​ពី​ការ​ដើរ​មើល​អដ្ឋិធាតុ​នៃ​ជន​រងគ្រោះ​និង​រណ្តៅ​កប់​សាកសព​នានា ព្រមទាំង​ផ្ទាំង​រូបភាព​ឯកសារ​នៃ​ការ​ធ្វើ​ទារុណកម្ម​ក្នុង​របប ប៉ុល ពត អៀង សារី និង ខៀវ សំផន រួម​ជាមួយ​នឹង​រូបភាព​ឯកសារ​នៃ​សកម្មភាព​របស់ ឌុច អតីត​មេ​គុក​ទួលស្លែង ដែល​គេ​បាន​តាំង​នៅ​ក្នុង​សារមន្ទីរ​មួយ​នៅ​បឹង​ជើងឯក​នោះ។

ក្រុម​មន្រ្តី​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​មួយចំនួន​ក៏​បាន​អម​ដំណើរ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ចំនួន ២​នាក់​នោះ មក​ទស្សនា​នៅ​វាល​ពិឃាត​នោះ៕