មនុស្ស២នាក់រងរបួស ម្នាក់រងរបួសធ្ងន់ចំផ្ទៃមុខ និងសត្វគោមួយក្បាលដាច់ជើងឆ្វេងមួយចំហៀង ដោយការផ្ទុះគ្រាប់មីនកប់ក្រោមដីផ្ទួនៗគ្នាចំនួនពីរគ្រាប់ កាលពីថ្ងៃទី២៨ ខែសីហា ២០០៨ ។
លោក សោម ផល មេប៉ុស្តិ៍ឃុំផ្លូវមាស បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីកាលពីព្រឹកថ្ងៃទី២៩ សីហា ថា គ្រាប់មីនដែលបន្សល់ទុកក្រោមដីពីសម័យសង្រ្គាមចំនួនពីរគ្រាប់បានផ្ទុះឡើងជាបន្តបន្ទាប់នៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង បណ្តាលឲ្យកុមារាម្នាក់របួសស្រាល បុរសម្នាក់របួសធ្ងន់ និងសត្វគោមួយក្បាលរបួសដាច់ជើង ។
លោក សោម ផល បានឲ្យដឹងថា ៖ «យកគោទៅចងក្រោយភូមិ៥០០ម៉ែត្រពីភូមិ ខាងកើតភូមិអូរត្រែង គោជាន់ (មីន) វាផ្ទុះមកដាច់ជើងគោ កូនអត់ត្រូវអីទេ ត្រូវតិចៗ វេលាម៉ោង១០ព្រឹក ។ មួយទៀតនៅភូមិផ្លូវមាស ទៅកាប់រណ្តៅដាំពោត អាដីហ្នឹងវាដីព្រៃ ដល់កាប់ព្រៃដួលខ្លះទៅ ទៅកាប់ហ្នឹងមិនបានភ្ជួរមិនបានអីទេ ដល់អ៊ីចឹងទៅកាប់រណ្តៅដាំ ដុតៗទៅ វាមីននៅ ព្រោះដីហ្នឹងយើងដឹងហើយ វាសង្រ្គាមចាស់ ដីសល់ពីសង្គ្រាម ស៊ីម៉ាកមិនទាន់រាវមិនទាន់អីទេ ។ ត្រូវចំពេញមុខ មីនសញ្ញាលេខបូកមួយ មីនកង្កែបមួយ» ។
ក្មេងប្រុសឈ្មោះ ជិន រ៉េត អាយុ៧ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំផ្លូវមាស កំពុងដឹកគោឲ្យស៊ីស្មៅនៅវេលាម៉ោង១០ព្រឹកនៅចម្ងាយពីផ្ទះប្រហែល៥០០ម៉ែត្រ ហើយគោដែលកំពុងស៊ីស្មៅនោះបានជាន់គ្រាប់មីនសញ្ញាលេខបូកកប់នៅក្នុងដី បណ្តាលឲ្យផ្ទុះដាច់ជើងគោខាងឆ្វេងមួយចំហៀង និងកុមារនោះបានរងរបួសស្រាល ។
នៅថ្ងៃដដែលនោះវេលាម៉ោង១២ថ្ងៃត្រង់ កសិករឈ្មោះ ហែន ហេង អាយុ២៧ឆ្នាំ រស់នៅភូមិបោះអង្ក្រង ឃុំផ្លូវមាស ស្រុករតនៈមណ្ឌលដូចគ្នា បានប្រើចបកាប់កាប់ដីដាំពោតនៅចម្ងាយពីផ្ទះប្រវែង៣០០០ម៉ែត្រ ខណៈនោះលោក ហែន ហេង បានប្រើចបកាប់កាប់ដី ក៏កាប់ចំមីនកង្កែបបណ្តាលឲ្យផ្ទុះរងរបួសមុខជាទម្ងន់ ។ លោក ហែន ហេង ត្រូវបានសមត្ថកិច្ចបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង ។
បើតាមលោក សោម ផល នាយប៉ុស្តិ៍នគរបាលឃុំផ្លូវមាស ក្នុងស្រុករតនៈមណ្ឌល បានឲ្យដឹងថាចំណុចដីដែលផ្ទុះគ្រាប់មីននោះ គឺជាភូមិសាស្រ្តបន្ទាយយោធានិងជាទីតាំងសមរភូមិប្រយុទ្ធគ្នាកាលពីសម័យសង្រ្គាម ។
លោក រ័ត្ន ម៉ូរ៉ា ប្រធានការិយាល័យសរុប វិភាគនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថាកន្លងមកសមត្ថកិច្ចបានសហការជាមួយអង្គការក្រៅរដ្ឋាភិបាលធ្វើការអប់រំប្រជាពលរដ្ឋជាបន្តបន្ទាប់ឲ្យយល់ដឹងពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ។
លោក រ័ត្ន ម៉ូរ៉ា បានមានប្រសាសន៍ថា ៖ «កន្លងមកយើងឃើញថាពេលគាត់បានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមវាលស្រែ នៅតាមជនបទហ្នឹងគាត់តែងតែមករាយការណ៍ឲ្យយើង ហើយយើងក៏ទៅរាយការណ៍ឲ្យស៊ីម៉ាកទៅកម្ទេច» ។
សមត្ថកិច្ចបានបញ្ជាក់ថាបច្ចុប្បន្ននេះនៅភូមិសាស្រ្តផ្លូវមាស គេនៅតែជឿជាក់ថាគ្រាប់មីនកប់ក្រោមដីគ្រប់ប្រភេទ និងគ្រាប់មីនមិនទាន់ផ្ទុះដ៏ច្រើនសន្ធឹកសន្ធាប់នៅតែមានសេសសល់រាយប៉ាយពេញព្រៃ ហើយគ្រាប់ទាំងនោះបានបង្កឲ្យប្រជាកសិករគ្រោះថ្នាក់ជាបន្តបន្ទាប់នាពេលកន្លងមក ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
ពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យត្អូញត្អែរថាអាជ្ញាធរមិនអើពើជួសជុលផ្លូវ
ជនជាតិភាគតិចនៅស្រុកក្រចេះសិក្សាពីបច្ចេកទេសដាំបន្លែដោយមិនប្រើជីគីមី
ស្ថានភាពបញ្ហាគ្រឿងញៀនអំឡុងពេល៩ខែនៃឆ្នាំ២០០៨
សហគមន៍អឺរ៉ុបជួបប្រជុំជាមួយសង្គមស៊ីវិលនិងមន្ត្រីរដ្ឋាភិបាល
ស្ថានភាពជ្រួលច្របល់នៅថៃធ្វើឲ្យតម្លៃពោតនៅប៉ៃលិនធ្លាក់ចុះ
កម្ពុជាបង្កើនកិច្ចការពារសន្តិសុខនៅតាមទីតាំងសំខាន់ៗ
បន្ទុកនិងការទទួលខុសត្រូវរបស់កម្ពុជាលើប្រាក់បំណុលបរទេស
ទេសចរបរទេសនៅសៀមរាបស្វះស្វែងរកមធ្យោបាយទៅប្រទេសថៃ
គ្រូនៅខែត្រមួយចំនួនត្អូញត្អែរពីបញ្ហាប្រាក់ខែយឺត
ខ្មែរអ៊ិស្លាមព្រួយបារម្ភខ្លាចខកខានមិនបានទៅធ្វើបុណ្យហាជ្ជ