អ្នក​ភូមិ​២​នាក់​នៅ​រតនគិរី​ស្វែងរក​ការការពារ​សុវត្ថិភាព​ពី​អង្គការ​អាដហុក

ប្រជាសហគមន៍​ជនជាតិ​ដើម​ពីរ​នាក់​បាន​រត់​ចេញ​ពី​លំនៅ​របស់​ខ្លួន​មក​សុំ​ស្នាក់​អាស្រ័យ​នៅ​ស្នាក់ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​រតនគិរី ប្រយោជន៍​ស្វែងរក​កិច្ច​ការពារ​សុវត្ថិភាព​បន្ទាប់ពី​ពួក​គាត់​បាន​រក​របាយការណ៍​និង​រក​ឃើញ​ទីតាំង​កាប់​ឈើ​ប្រណីត​ក្នុង​ព្រៃ​សហគមន៍​ដែល​អភិរក្ស។

អ្នក​ភូមិ​ទាំង​ពីរ​មាន​ឈ្មោះ ប៉ង សាម៉ុញ និង កាំង សេងញ៉ិន ជនជាតិ​ដើម​គ្រឹង រស់នៅ​ភូមិ​ទូស​ច្រាច់ ឃុំ​តាអង ស្រុក​កូនមុំ។

តំណាង​សហគមន៍ លោក ប៉ង សាម៉ុញ និយាយ​ថា ក្រោយ​ហេតុការណ៍​ជន​ពាក់ព័ន្ធ​កាប់​ឈើ​បាន​គំរាម​សម្លាប់​អ្នក​ភូមិ​ដែល​រាយការណ៍ ហើយ​កាលពី​ថ្ងៃ​អាទិត្យ កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ប្រមាណ​៥​នាក់​បាន​ទៅ​ដល់​សាលា​ប្រជុំ​អ្នក​ភូមិ ហើយ​ចោទ​ប្រកាន់​អ្នក​ភូមិ​ថា ប្រឌិត​រឿង​ក្លែង​រូបថត​និង​បាន​គំរាម​ចាប់​ដាក់​ពន្ធនាគារ ៖ «ហើយ​រឿង​ខ្ញុំ​ប្ដឹង​គេ​កាប់​បំផ្លាញ​ព្រៃ​ឈើ... ខ្ញុំ​នាំ​មន្រ្តី​ហ្នឹង គាត់​ទៅ​ថត»

តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ កាំង សេងញ៉ិន អំពាវនាវ​ឲ្យ​មាន​កិច្ច​ការពារ​សុវត្ថិភាព​ពួក​គេ​ទាំង​ពីរ ៖ "បារម្ភ​ពី​អ្នក​ភូមិ ហើយ​ខ្លាច គាត់​ក៏​បាន​រត់​មក​ដើម្បី​ពឹង​អង្គការ​អាដហុក និង​សមត្ថកិច្ច​ជួយ​ការពារ​គាត់"។

នាយ​ប៉ូលិស​ប៉ុស្តិ៍​តាអង លោក ស៊ឹម ណារ៉ូ មាន​ប្រសាសន៍​បដិសេធ​ថា​មិន​បាន​គំរាម​អ្នក​ភូមិ​ទេ ៖ «ខ្ញុំ​គ្រាន់តែ​សួរ​ថា បង​ប្អូន​យើង​មាន​ចោទ​ខ្ញុំ​ទេ? ថា​អត់​មាន​ទេ ខ្ញុំ​ក៏​អរគុណ។ មើល៍​ខ្ញុំ​សួរ ប៉ូលិស​ខ្ញុំ​មួយ​ណា​ទៅ​និយាយ​អ៊ីចឹង?»

តាម​ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​បាន​ចោទ​ទៅ​លើ​មនុស្ស​៣​នាក់​មាន​ឈ្មោះ ហ៊ុន សុគង់, ប៊ិន និង ថាន បាន​កាប់​ឈើ​និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ដែល​អ្នក​ភូមិ​បាន​កត់ត្រា​ចំនួន​២១៧​ឡាន​គិត​ជា​ឈើ​ប្រមាណ​៥០០​ម៉ែត្រ​គូប តាំងពី​ខែ​កញ្ញា ឆ្នាំ​២០០៧ រហូត​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ខូច​ផ្លូវលំ​ក្នុង​ភូមិ។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី មេ​ឃុំ​តាអង លោក វ៉ាន់ ប៉ាន បាន​ចោទ​ប្រកាន់​ប៉ូលិស​ប៉ុស្ដិ៍​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​ឈើ។

អភិបាល​រង​ស្រុក​កូនមុំ លោក នូ ថេ មាន​ប្រសាសន៍​ថា លោក វ៉ាន់ ប៉ាន កាលពី​ដើម​សប្ដាហ៍​បាន​ធ្វើ​លិខិត​បដិសេធ​មក​អាជ្ញាធរ​ស្រុក​រួច​ហើយ​អំពី​ករណី​ចោទ​ប្រកាន់​មេ​ប៉ុស្ដិ៍ ក៏ប៉ុន្តែ​លទ្ធផល​ស៊ើបអង្កេត​របាយការណ៍​កាប់​ឈើ​មិន​ទាន់​ទទួល​បាន​នៅ​ឡើយ។ លោក​ថា​មិន​មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ចាប់​ខ្លួន​អ្នក​ភូមិ​ដោយ​គ្មាន​ទោស​កំហុស​នោះ​ទេ។

លោក នូ ថេ បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​ឲ្យ​ស្រាវជ្រាវ​ករណី​រឿង​ហ្នឹង រឿង​ដីកា​ចាប់​ខ្លួន​មិន​ចាប់​ខ្លួន។ អា​ហ្នឹង​បើ​សិន​ជា​មាន​ដីកា​ពី​តុលាការ អា​ហ្នឹង​អាច​ចាប់ បើ​ថា​អត់​មាន​រឿង​អី​ចាប់​បាន»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​មេ​ឃុំ​តាអង លោក វ៉ាន់ ប៉ាន ដើម្បី​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ ក៏ប៉ុន្តែ​មន្រ្តី​ស៊ើបអង្កេត​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ៖ «យើង​បារម្ភ​ពី​សុវត្ថិភាព មិន​ត្រឹមតែ​សហគមន៍​ទេ មន្រ្តី​របស់​យើង​អាដហុក​ហ្នឹង​ទៀត​ផង ព្រោះ​មាន​ការគំរាម​នៅ​ពេល​ដែល​គាត់​ថត»

កាលពី​ថ្ងៃ​ពុធ ទី​៨ តុលា អ្នក​ភូមិ​ជាង​១០​នាក់​រួម​ទាំង​មន្រ្តី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​រតនគិរី​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ព្រៃ​អភិរក្ស​ចំណុច​ព្រៃគ្រុយ ចម្ងាយ​៥​គីឡូម៉ែត្រ​ខាង​លិច​ភូមិ ហើយ​បាន​ប្រទះ​ឃើញ​ទីតាំង​និង​វត្ថុតាង​ជនល្មើស​ពាក់ព័ន្ធ​មាន​ជម្រក​កម្មករ​កាប់​ឈើ​២​កន្លែង សកម្មភាព​ជន​ពាក់ព័ន្ធ​កំពុង​លើក​ឈើ​ដាក់​រថយន្ត​មួយ​គ្រឿង រទេះ​គោ​ក្របី​ដឹក​ឈើ ម៉ាស៊ីន​កាប់​ឈើ និង​គំនរ​ឈើ​បេង នាងនួន ដែល​អារ​រួច​ជា​ច្រើន​គុម្ពោត​និង​ស្នាម​ដំរី​អូស​ឈើ​ទៀត​ផង៕