អាជ្ញាធរស្រុកអណ្ដូងមាស ខេត្តរតនគិរី បានចាប់ឃាត់ខ្លួនបុរសជនជាតិវៀតណាម ២នាក់ ព្រមទាំងម៉ូតូ១គ្រឿង និងរណាយន្ត១គ្រឿង កាលពីថ្ងៃទី៤ ខែកញ្ញា ខណៈដែលជនជាតិវៀតណាមទាំង ២នាក់នេះ បានចូលមកធ្វើសកម្មភាពអារឈើដោយខុសច្បាប់ នៅតំបន់ព្រៃអូរសេដ្ឋី ក្នុងភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្ដូងមាស ក្នុងទឹកដីប្រទេសកម្ពុជា។
ប្រជាពលរដ្ឋរស់នៅភូមិញ៉ាងម្នាក់ បានបញ្ជាក់ថាសកម្មភាពល្មើសរបស់ជនជាតិវៀតណាមទាំងនេះ អាចធ្វើទៅបាន អាស្រ័យដោយមានការអនុញ្ញាតពីក្រុមនគរបាលប៉ុស្តិ៍ព្រំដែន និងទាហានការពារព្រំដែន ៖ «ប៉ូលិសព្រំដែននោះ គេឲ្យដៃដែរ បានតាពួកហ្នឹងចូលអារឈើ ប៉ុស្តិ៍រដ្ឋបាលហ្នឹង គេចាប់បាន ២នាក់ទៀត យប់មិញហ្នឹង»។
កាលពីថ្ងៃទី២ ខែកញ្ញា ក្រុមអាជ្ញាធរស្រុកអណ្ដូងមាស បានចាប់ឃាត់ខ្លួនបុរសជនជាតិវៀតណាម ៤នាក់ រួមជាមួយម៉ូតូ ២គ្រឿង និងរណាយន្ត ១គ្រឿង ក្នុងពេលដែលពួកគេកំពុងធ្វើសកម្មភាពអារឈើ នៅភូមិសាស្ត្រព្រៃអូរសេដ្ឋីដូចគ្នានេះដែរ។
អ្នកភូមិម្នាក់ទៀត បានបញ្ជាក់ថា ជនជាតិវៀតណាម ៤នាក់នោះ ត្រូវបានអាជ្ញាធរដោះលែងទៅវិញអស់ហើយ កាលពីថ្ងៃទី៤ ខែកញ្ញា ៖ «ទុកតែភស្តុតាងនៅកន្លែងប៉ុស្តិ៍ប៉ូលិសទេ ជូនមនុស្សទៅវិញម្សិលមិញបកមកវិញចាប់បាន ២នាក់ទៀត។ ផ្លាស់ប្ដូរគ្នាចូលរហូត នៅកន្លែងហ្នឹង។ អាហ្នឹងគេធ្វើដូចជាធ្នង់នាងនួន បេង គេដឹកអាហ្នឹង ឈើប្រណិតឈើឡាំងដុំៗ គេយកសម្រាប់លក់ទៅវៀតណាម»។
ទាក់ទងនឹងការចាប់ខ្លួនបុរសជនជាតិវៀតណាម ២នាក់បន្ថែមទៀតនេះ លោក នង ដារិទ្ធិ អភិបាលស្រុកអណ្ដូងមាស បានបញ្ជាក់ថា លោកមិនទាន់បានទទួលរបាយការណ៍នៅឡើយទេ ប៉ុន្តែករណីចាប់ខ្លួនជនជាតិវៀតណាម ៤នាក់នាពេលកន្លងមកនោះ អាជ្ញាធរស្រុកបានបញ្ជូនពួកគេឲ្យអាជ្ញាធរវៀតណាមរួចហើយ ៖ «ប៉ុស្តិ៍មិនមែនឲ្យគាត់ចូលមកកាប់ឈើទេ គាត់ចូលមកលេងបងប្អូនអីអ៊ីចឹង លិខិតអីអ៊ីចឹងណា៎ ប៉ុន្តែគាត់ចូលមក គាត់ធ្វើសកម្មភាព។ អ៊ីចឹងទៅយើងចាប់ទៅ យើងហៅខាងប៉ុស្តិ៍វៀតណាមហ្នឹង គេមកទទួលយកត្រឹមត្រូវ»។
ទាក់ទងនឹងសកម្មភាពកាប់ និងដឹកជញ្ជូនឈើខុសច្បាប់ចេញតាមច្រករបៀងនានា ទៅកាន់ប្រទេសវៀតណាម ដែលកំពុងកើតមាននៅពេលនេះ អភិបាលរងខេត្តរតនគិរី លោក សូ នាក់ បញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តរតនគិរី បានដាក់បញ្ជាម៉ឺងម៉ាត់ឲ្យទប់ស្កាត់ឲ្យបាន ហើយបញ្ហាវានៅកើតមាន គឺដោយសារតែមានមន្ត្រីខិលខូចមួយចំនួន បានឃុបឃិត និងបើកដៃ ៖ «បញ្ហាបទល្មើសព្រៃឈើ បញ្ហាបទល្មើសសត្វព្រៃអីនោះ ខ្ញុំចង់ជម្រាបទៅថា មានមន្ត្រីខិលខូចមួយចំនួន គឺថាវាអាចដូចថាចេញមកអ៊ីចឹងទៅ បើកដៃបើកអីបន្ត ប៉ុន្តែឥឡូវហ្នឹងយើងនឹងដាក់វិធានការបង្ក្រាបហើយ»។
ប្រធានរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក វង្ស សុខសិរី មិនបានធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ ដោយសារលោកជាប់រវល់ប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ពីក្រសួងកសិកម្ម។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បានទទូចសូមឲ្យមានការគោរពច្បាប់ព្រៃឈើ ហើយបានចាត់ទុកថា បុគ្គលដែលប្រព្រឹត្តល្មើស និងឃុបឃិត មិនព្រមបញ្ឈប់សកម្មភាព គឺជាអ្នកកំពុងធ្វើផ្គើននឹងបញ្ជារបស់នាយករដ្ឋមន្ត្រីខ្មែរ ៖ «ការដោះលែងសម្អាងលើកិច្ចព្រមព្រៀងយោគយល់គ្នាហ្នឹង តែតាមពិតកិច្ចព្រមព្រៀងនោះវាមិនធំជាងច្បាប់ទេ ច្បាប់នៅក្នុងប្រទេសយើងមានគ្រប់គ្រាន់សម្រាប់ផ្តន្ទាទោស ចំពោះជនណាមួយដែលប្រព្រឹត្តខុសនៅលើទឹកដីកម្ពុជា»។
តាមច្បាប់ព្រៃឈើ ករណីចាប់បានអ្នកប្រព្រឹត្តិល្មើស និងវត្ថុតាងត្រូវតែបញ្ជូនទៅជំនាញព្រៃឈើ ដើម្បីឲ្យតុលាការផ្ដន្ទាទោស។ មួយវិញទៀត តាមច្បាប់ដដែលនេះ ត្រង់មាត្រាទី១០០ និងមាត្រាទី១០១ កំណត់ឲ្យអាជ្ញាធរដែនដី សមត្ថកិច្ច និងមន្ត្រីជំនាញទទួលខុសត្រូវចំពោះការមិនអាចគ្រប់គ្រងបាន និងបណ្តាលឲ្យវិនាសហិនហោចព្រៃឈើ៕
