ប៉ូលិស​ចាប់​ខ្លួន​អ្នក​​​បុរី​កីឡា ៣០​នាក់

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​ភូមិ​បុរី​កីឡា បាន​អះអាង​នៅ​ថ្ងៃ​ទី​១១ មករា ឆ្នាំ​២០១២ ថា ប៉ូលិស​បាន​ចាប់​ខ្លួន​ក្រុម​អ្នក​តវ៉ា​​មក​ពី​តំបន់​បុរី​កីឡា​ចំនួន ៣០​នាក់ ក្នុង​នោះ​មាន​ក្មេង​ចំនួន ៧​នាក់​ផង។

0:00 / 0:00

ការ​ចាប់​ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ ៣​រសៀល ខណៈ​ដែល​ពួក​គេ​កំពុង​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ទាមទារ​សំណង​ចំពោះ​ការ​រុះរើ​ផ្ទះ​សម្បែង​របស់​ពួក​គាត់។

ប៉ូលិស​បាន​ចាប់​អ្នក​ភូមិ​ទាំង​នោះ​ដាក់​ឡាន​បញ្ជូន​ទៅ​មណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ ​ជាយ​រាជធានី​ភ្នំពេញ។

ស្ត្រី​ឈ្មោះ ខៀវ ឡៃ អាយុ ៣៨​ឆ្នាំ និង​អ្នក​ភូមិ​បុរី​កីឡា​ខ្លះ​ទៀត បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​ពី​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​ថា ពួកគាត់​កំពុង​តែ​ព្រួយ​បារម្ភ​មិន​ដឹង​ថា នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ទី​ណា​ទៀត​៖ «ខ្ញុំ​កំពុង​ព្រួយ​បារម្ភ ខ្លាច​ទៅ​ដល់​ព្រៃស។ ខ្ញុំ​សុំ​ឲ្យ​អង្គការ​ជួយ​ពួក​ខ្ញុំ​ឲ្យ​ឆាប់​បាន​ចេញ។ កំពុង​ព្រួយ​បារម្ភ​ណាស់​លោក​ពូ!។ ក្រុម​ប៉ូលិស​ចាប់​ពួក​ខ្ញុំ​ដាក់​ឡាន ចាប់​បងប្អូន​យើង​ទាំង​អស់​គ្នា ចាប់ ៣០​នាក់ បង​ជួយ​ពួក​ខ្ញុំ​ផង! ចាប់​បោះ​ពួក​ខ្ញុំ​ដូច​សត្វ​ធាតុ»

ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ ញឹម ផល្លា ដែល​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បញ្ជូន​ទៅ​មណ្ឌល​សង្គមកិច្ច​នោះ​ដែរ អះអាង​ថា គាត់​បាន​បាត់​កូន​ប្រុស ២​នាក់ ដែល​ម្នាក់​មាន​អាយុ ១០​ឆ្នាំ និង​ម្នាក់​ទៀត អាយុ ១២​ឆ្នាំ បន្ទាប់​ពី​ប៉ូលិស​ចាប់​ខ្លួន​ពួក​គាត៖ «វាបាត់​អស់​រលីង​ហើយ​ឥឡូវ​ហ្នឹង។ ខ្ញុំ​ធ្វើ​ការ​ទៀត អត់​មាន​ផ្ទះ​មាន​សម្បែង​ទៀត​ពូ។ រួច​កូន​ខ្ញុំ​តូច​មួយ​ហើយ​វា​កើត​ជំងឺ​របេង​ទៀត​ពូ របេង​សួត​ណា៎ ហើយ​តែ​យប់​ឡើង​វា​ស្ទះ​ហើយ។ តែ​មិន​បាន​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាន់​យ៉ាប់​ហើយ​ពូ!»

ទាក់ទិន​នឹង​បញ្ហា​នេះ លោក អំ សំអាត ប្រធាន​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត នៃ​ការ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា កន្លង​ទៅ មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ ជា​មណ្ឌល​សម្រាប់​ដាក់​អ្នក​សុំ​ទាន និង​ក្មេង​អនាថា​ទេ តែ​ពេល​នេះ អ្នក​បុរី​កីឡា​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​នៅ​ទី​នោះ​ដែរ។

លោក អំ សំអាត បន្ថែម​ថា ចំណាត់​ការ​របស់​អាជ្ញាធរ​មិន​មែន​ជា​ដំណោះស្រាយ ហើយ​ក៏​មិន​ឆ្លើយ​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា​ដែរ៖ «មិន​ព្យាយាម​ដោះស្រាយ​បញ្ហា បែរ​ជា​ចាត់​ទុក​ថា​អនាថា​ហើយ​យក​មក​មណ្ឌល​នេះ​គឺ​សម្រាប់​ថា បង្រៀន​វិជ្ជាជីវៈ​ហើយ​និង​មាន​គោលនយោបាយ​ក្រោយ។ អ៊ីចឹង​បាន​ន័យ​ថា​គ្មាន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ផ្ទះសម្បែង​សម្រាប់​ពួក​គាត់​ហ្នឹង​ទេ។ គេ​ចាត់​ទុក​គាត់​ជា​ជន​អនាថា ហើយ​ចាប់​យក​មក​ដាក់​មណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ ហើយ​ប្រវត្តិសាស្ត្រ​ទើប​តែ​មាន​មួយ​ហ្នឹង​ទេ»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន ផាន អ៊ីម៉ិក រួម​នឹង​កង​កម្លាំង​អាជ្ញាធរ បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​របស់​អ្នក​បុរី​កីឡា ជាង ២០០​ខ្នង។ ប្រជាពលរដ្ឋ​ប្រមាណ ២០០​គ្រួសារ ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​រស់​នៅ​ឯ​ទួល​សំបូរ ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ទៅ​នៅ​ឯ​ភ្នំបាត ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ រី​ឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត មិន​សុខ​ចិត្ត​ទៅ​រស់​នៅ​តំបន់​ទាំង​នោះ​ទេ ដោយ​ពួក​គាត់​នៅ​បន្ត​ការ​តវ៉ា​ក្នុង​រាជធានី​ភ្នំពេញ ទាមទារ​រក​យុត្តិធម៌ និង​សំណង​ចំពោះ​ការ​បណ្ដេញ​ចេញ​នេះ៕