មនុស្ស​៣១​នាក់​ស្លាប់​ដោយសារ​រន្ទះ​បាញ់​និង​ខ្យល់​ព្យុះ​នៅ​ដើម​ឆ្នាំ​នេះ

គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១២ មាន​ពលរដ្ឋ​ស្លាប់ ៦​នាក់ និង​រង​របួស ៤៦​នាក់​ដោយសារ​ខ្យល់​ព្យុះ។ ក្រៅ​ពី​នេះ បាតុភូត​រន្ទះ​បាញ់​បាន​សំលាប់​ពលរដ្ឋ ២៥​នាក់ និង​រង​របួស ២៤​នាក់។

0:00 / 0:00

តួលេខ​នេះ​នៅ​មិន​ទាន់​គិត​ដល់​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​ដែល​ត្រូវ​បាន​រន្ទះ​បាញ់​សំលាប់​នៅ​ខែ​ឧសភា​ថ្មីៗ​នេះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១២ សំដែង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​នៅ​រដូវ​ភ្លៀង​ធ្លាក់ ដោយសារ​មាន​ប្រជាពលរដ្ឋ​ជាង ៣០​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ និង​រន្ទះ​បាញ់ នៅ​ក្នុង​រយៈពេល ៤​ខែ​កន្លង​មក​នេះ។

មន្ត្រី​ជាន់​ខ្ពស់​រូប​នេះ​បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​កសិករ​នានា ប្រុង​ប្រយ័ត្ន​នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តងៗ។ ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ចំនួន​ជាង ៣០​នាក់​នោះ គឺ​ស្ថិត​នៅ​ខេត្ត-​ក្រុង ចំនួន ១៧ នៅ​ប្រទេស​កម្ពុជា ក្នុង​នោះ​មាន​ខេត្ត​បន្ទាយមានជ័យ ខេត្ត​បាត់ដំបង ខេត្ត​ប៉ៃលិន និង​ខេត្ត​មួយ​ចំនួន​ទៀត។

អនុ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក កែវ វី បាន​មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​នេះ​កំពុង​តែ​ដំណើរ​ការ​កម្មវិធី​អប់រំ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​ចេះ​ការពារ​ខ្លួន​ពី​រន្ទះ​បាញ់។

លោក កែវ វី៖ «ព្រោះ​ថា មិន​មែន​តែ​គ្រោះ​មហន្តរាយ​ទេ គឺ​ថា យើង​មិន​អាច​ហៅ​ថា បញ្ចៀស​បាន គឺ​ថា បើ​សិន​យើង​យល់​ដឹង​អំពី​បញ្ហា​ហ្នឹង​បាន យើង​អាច​កាត់​បន្ថយ​បាន ដូចជា​យើង​បាន​ផ្សព្វផ្សាយ​អំពី​ប័ណ្ណ​ផ្សព្វផ្សាយ​របស់​ក្រសួង​ធនធាន​ទឹក​ស្ដី​អំពី​វិធី​បង្ការ និង​ការពារ​ពី​រន្ទះ​បាញ់​ហ្នឹង។ សំខាន់​ឲ្យ​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ កុំ​ឲ្យ​ធ្វើ​ការ​នៅ​ទីវាល​កុំ​ឲ្យ​គាត់​ជ្រក​នៅ​ក្រោម​ដើម​ឈើ បិទ​ទូរស័ព្ទ»

លោក​បាន​បន្ទោស​ថា ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្ក​ឲ្យ​មាន​បាតុភូត​រន្ទះបាញ់ និង​ខ្យល់​ព្យុះ និង​ទឹក​ជំនន់​កន្លង​មក។

ប្រជាពលរដ្ឋ​ឈ្មោះ លឹម កាំង អាយុ ៥១​ឆ្នាំ នៅ​ភូមិ​គូលែន ឃុំ​គូលែន ស្រុក​គូលែន ខាង​ជើង ខេត្ត​ព្រះវិហារ បាន​និយាយ​ថា ប្រជាពលរដ្ឋ​មិន​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ទេ នៅ​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ៖ «រំលង​បាន ៣​ថ្ងៃ​ហើយ​ហ្នឹង គ្នា​ទើប​បាន​រៀបការ ហើយ​បាន​មួយ​សប្ដាហ៍​ហើយ​បាញ់​ស្លាប់​ទាំង​ប្ដី​ទាំង​ប្រពន្ធ ជិះ​ម៉ូតូ នៅ​ភូមិ​ឈូក ខេត្ត​ព្រះវិហារ នេះ​ឯង។ បារម្ភ​មែន​ទែន​ហ្នឹង​ហើយ ជា​ពិសេស​ឲ្យ​តែ​ឃើញ​ពេល​ភ្លៀង និង​ផ្លេកបន្ទោរ មិន​ដឹង​ជា​រត់​ពួន​ទៅ​ណា​ទេ។ បើ​ប្រពន្ធ​ខ្ញុំ​ផង រុំ​ភួយ... មិន​ដឹង​ធ្វើ​ម៉េច​ទេ ហ្នឹង​ជា​ព្រហ្មលិខិត​ហ្នឹង​ឯង បើ​រន្ទះ​បាញ់​ស្លាប់​ទៅ​ឯ​ណា​ក៏​មិន​ផុត»

នៅ​ក្នុង​រយៈពេល ៤​ខែ​ដើម​ឆ្នាំ​២០១២ កន្លង​ទៅ​នេះ ខ្យល់​ព្យុះ​ធ្វើ​ឲ្យ​រំលំ​ផ្ទះ​ទាំង​ស្រុង ១៤២​ខ្នង និង​ប៉ើង​ដំបូល និង​ជញ្ជាំង​ចំនួន ១៨២​ខ្នង។ ខ្យល់​ព្យុះ​មិន​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់​ទេ ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ចំនួន ១២​នាក់ បាន​រង​របួស​ដោយសារ​ផ្ទះ​រំលំ​លើ។

ដោយ​ឡែក​នៅ​ក្នុង​រយៈពេល ៤​ខែ ដើម​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ រន្ទះ​បាញ់​បាន​សំលាប់​ប្រជាពលរដ្ឋ​ចំនួន ៣៧​នាក់ និង​រង​របួស​ចំនួន ៣៨​នាក់។ លើស​ពី​នេះ​ទៀត គោ និង​ក្របី​ចំនួន ៣៤​ក្បាល​បាន​ងាប់​ដោយសារ​រន្ទះបាញ់។

នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាតុភូត​រន្ទះបាញ់​បាន​សំលាប់​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៦៥​នាក់​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ចំនួន​មួយ​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។