ពលរដ្ឋ​៣២​គ្រួសារ​នៅ​បុរី​កីឡា​បារម្ភ​ពី​គម្រោងការ​ជម្លៀស​ចេញ

ប្រជាពលរដ្ឋ​ចំនួន​៣២​គ្រួសារ​រស់នៅ​ក្នុង​បុរីកីទ្បា ក្រុង​ភ្នំពេញ ដែល​ផ្ទុក​មេរោគ​អេដស៍​កំពុង​តែ​មាន​ការព្រួយ​បារម្ភ​អំពី​គម្រោងការ​របស់​សាលា​ក្រុង​ភ្នំពេញ​ជម្លៀស​ប្រជាពលរដ្ឋ​នៅ​ថៃ្ង​ព្រហស្បតិ៍​សប្តាហ៍​នេះ​ឲ្យ​ទៅ​រស់នៅ​ឆ្ងាយ​ពី​មណ្ឌល​ថែទាំ​សុខភាព។

0:00 / 0:00

ក្រុម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ទាំង​នោះ​បាន​ទទូច​សុំ​ឲ្យ​លោក ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុជា និង​សាលា​ក្រុង​ភ្នំពេញ រក​ទីតាំង​ថ្មី​នៅ​ជិត​មណ្ឌល​សុខភាព​ជំនួស​ឲ្យ​ការជម្លៀស​ចេញ​ឲ្យ​ទៅ​រស់នៅ​ខាង​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ។

លោក ឈៀង តូមា អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុង​បុរីកីទ្បា ក្រុង​ភ្នំពេញ ដែល​ផ្ទុក​មេរោគ​អេដស៍​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​មក បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​អំពី​ការព្រួយ​បារម្ភ​ថា ៖ «គោលការណ៍​គេ គេ​ថា​ថ្ងៃ​ព្រហស្បតិ៍​ហ្នឹង​គេ​នឹង​ដាក់​កម្លាំង​ចុះ​មក​រុះរើ។ កូន​ចៅ​៦​នាក់ ទាំង​ម៉ែ​ទាំង​ឪ ៨​នាក់​ហើយ ដល់​ពេល​អ៊ីចឹង​ទៅ​ខ្ញុំ​ពិបាក​ណាស់​សព្វ​ថ្ងៃ​ហ្នឹង»

លោកស្រី ប្រាក់ សុភាព អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុង​បុរីកីទ្បា​ផងដែរ ដែល​ផ្ទុក​មេរោគ​អេដស៍​តាំង​ពី​ឆ្នាំ​១៩៩៨​មក​ម៉្លេះ បាន​ថែ្លង​ដែរ​ថា ៖ «សោហ៊ុយ​ទៅ​មក​ពីរ​បី​ម៉ឺន​មិន​គ្រប់​ទេ ហើយ​កម្រៃ​ខ្ញុំ​រក​បាន​សព្វថ្ងៃ​តែ​៥​ពាន់​រៀល​ទេ​ក្នុង​មួយ​ថ្ងៃ។ មណ្ឌល​សុខភាព​ក៏​វា​ឆ្ងាយ​ដែរ។ សូម​ឲ្យ​អាជ្ញាធរ​ដែន​ដី រាជ​រដ្ឋាភិបាល ហើយ​ជា​ពិសេស​គឺ​សម្ដេច ហ៊ុន សែន និង​លោក​ជំទាវ ប៊ុន រ៉ានី ហ៊ុន សែន សូម​ជួយ​ពួក​ខ្ញុំ​ជន​ក្រីក្រ​ហើយ​ថែម​ទាំង​មាន​ផ្ទុក​មេរោគ​អេដស៍​ទៀត»

ទាក់ទង​នឹង​ការព្រួយ​បារម្ភ​ខាង​លើ​នេះ លោក ម៉ាន់ ឈឿន អភិបាល​រង​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា គ្មាន​គម្រោងការ​ជម្លៀស​នោះ​ទេ ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​បាន​ស្នើសុំ​ឲ្យ​មាន​ការចាកចេញ​ដោយ​ស្ម័គ្រចិត្ត ហើយ​សាលា​ក្រុង​ភ្នំពេញ​មាន​គម្រោងការ​ជួយ​ឧបត្ថម្ភ​ជា​មធ្យោបាយ​ដូច​ជា​ទ្បាំប៊្រឺតា​សម្រាប់​ពួក​គាត់​ធ្វើ​ដំណើរ​និង​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​នៅ​ទីតាំង​ថ្មី​នោះ។

លោក ម៉ាន់ ឈឿន បាន​មានប្រសាសន៍​ថា ៖ «និយាយ​ឲ្យ​ឃើញ​ទៅ នេះ​ជា​ព្រហ្មវិហារធម៌​មួយ​កាន់តែ​ធំ​ទៀត​ហើយ​របស់​សាលា​ក្រុង។ អ្នក​ដែល​និយាយ​រើសអើង អ្នក​ដែល​និយាយ​ថា​បណ្ដេញ​ចេញ​ហ្នឹង អា​ហ្នឹង​បាប​ធ្ងន់​ណាស់ ទាំង​ខ្មែរ ទាំង​បរទេស បើ​សិន​ជា​មាន​គំនិត​ថា​ជា​ការបណ្ដេញ បាប​ធ្ងន់​ណាស់»

លោក អំ សំអាត ប្រធាន​ផែ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​តាមដាន​រឿង​នេះ​កន្លង​មក បាន​ថែ្លង​ថា ៖ «កាលណា​ជម្លៀស​គាត់​ចេញ​ទៅ​ឆ្ងាយ​គឺ​ធ្វើ​ឲ្យ​មធ្យោបាយ​នៃ​ការផ្ដល់​សេវា​សុខភាព​សម្រាប់​គាត់​នេះ​គឺ​យ៉ាប់យ៉ឺន​សម្រាប់​ពួក​គាត់»

កាលពី​ខែ​មេសា​កន្លង​ទៅ​សាលា​ក្រុង​ភ្នំពេញ​មាន​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​៣២​គ្រួសារ​រួច​ម្តង​ទៅ​ហើយ ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ដោយសារ​មាន​ការទទូច​ស្នើសុំ​ពី​ប្រជាពលរដ្ឋ​ចំនួន​៣២​គ្រួសារ​នោះ​សុំ​រស់នៅ​ជា​បន្ត។

កាលពី​ថៃ្ង​ទី​៩ ខែ​មេសា​កន្លង​ទៅ​នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​សេចក្តី​ថែ្លងការណ៍​មួយ​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​និង​សាលា​ក្រុង​ភ្នំពេញ​បញ្ឈប់​ផែនការ​នៃ​ការជម្លៀស​ក្រុម​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ចំនួន​៣២​គ្រួសារ​នោះ​ឲ្យ​ទៅ​រស់នៅ​ខាង​ក្រៅ​ទីក្រុង​ភ្នំពេញ នៅ​ភូមិ​ទួលសំបួរ សង្កាត់​ព្រៃវែង ខណ្ឌ​ដង្កោ ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ខាង​លិច​ជាយ​ទីក្រុង​ភ្នំពេញ ដោយសារ​ទី​ន្លែង​នោះ​គេ​សង្កេត​ឃើញ​ថា គ្មាន​ភ្លើង​អគ្គិសនី​ប្រើប្រាស់ គ្មាន​អនាម័យ គ្មាន​ទឹក​ស្អាត​ប្រើប្រាស់ និង​ឆ្ងាយ​ពី​មណ្ឌល​ថែទាំ​សុខភាព​សម្រាប់​ព្យាបាល​ជំងឺ​របស់​ពួក​គាត់៕