លោក ចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតសមាគមអាដហុក បញ្ជាក់នៅថ្ងៃសៅរ៍ ទី៣ តុលា ឆ្នាំ២០០៩ ថា នេះគឺជាការទទួលខុសត្រូវរបស់តុលាការនិងមន្ត្រីពន្ធនាគារចំពោះជនជាប់ចោទទាំងឡាយដែលត្រូវបានគេរំលោភបំពានទាំងទិដ្ឋភាពច្បាប់និងសិទ្ធិមនុស្ស។
លោក ចាន់ សុវ៉េត បានឲ្យដឹងថា ៖ «ចំណុចនេះដែលយើងគិតថា វាអាចចូលទៅក្នុងលក្ខខណ្ឌមួយគឺការឃុំខ្លួនមនុស្សខុសច្បាប់»។
ប្រភពឯកសារដែលវិទ្យុអាស៊ីសេរីទទួលបានពីសមាគមអាដហុក ឲ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំ២០០៩ នៅពន្ធនាគារខេត្តរតនគិរីមានជនជាប់ចោទសរុប៨៧នាក់ ក្នុងនោះ៣៩នាក់ជាប់ឃុំពី១៨ខែដល់៥៦ខែ, ជនជាប់ចោទ២៣នាក់ជាប់ឃុំពី១២ខែដល់១៨ខែ, ជនជាប់ចោទ២៣នាក់ទៀតជាប់ឃុំពី៦ខែដល់១២ខែ និង២នាក់ទៀតជាប់ឃុំក្រោម៦ខែ។
លោក ងិន ណែល ប្រធានពន្ធនាគារខេត្តរតនគិរីនិងមន្ត្រីពន្ធនាគារផ្សេងទៀត នៅថ្ងៃសៅរ៍ ទី៣ តុលា វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតាមទូរស័ព្ទដើម្បីសុំកិច្ចអធិប្បាយបញ្ហានេះបានទេ។
យ៉ាងនេះក្តី លោក កយ ព្រាល អតីតមន្ត្រីពន្ធនាគារដែលបម្រើការងារក្នុងអង្គភាពនេះនៅត្រឹមខែកក្កដា ឆ្នាំ២០០៩ ទទួលស្គាល់ថា ពិតជាមានការឃុំខ្លួនជនជាប់ចោទលើសច្បាប់កំណត់ ប៉ុន្តែមិនមែនជាកំហុសរបស់មន្ត្រីពន្ធនាគារទេ ពីព្រោះករណីនេះមន្ត្រីពន្ធនាគារ ៖ «ពន្ធនាគារពេលដែលអ្នកទោសឃុំលើសអ៊ីចឹង អ្នកទោសហ្នឹងទៅជួបប្រធានអ៊ីចឹង ហើយប្រធានហ្នឹងគាត់សួរ ហើយធ្វើរបាយការណ៍យកចម្លើយហ្នឹងទៅតុលាការទៅ ប៉ុន្តែតុលាការដូចជាអត់មានចម្លើយអីមក»។
លោក លូ ស៊ូសម្បត្តិ ប្រធានតុលាការខេត្តរតនគិរី វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទងបញ្ជាក់ករណីនេះបានដូចគ្នា។ ចំណែកលោក រស់ សារាំ ព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី មានប្រសាសន៍ថា ស្ថាប័នអយ្យការបានបញ្ជូនសំណុំរឿងជនជាប់ចោទទាំងអស់ទៅប្រធានតុលាការរួចហើយ។ លោកថា ប្រធានជាអ្នកសម្រេចក្នុងបញ្ហានេះ។
លោក លូ ស៊ូសម្បត្តិ បានមានប្រសាសន៍ថា ៖ «ខ្ញុំអត់ដឹងដែរ ប្រធានអ្នកដាក់សវនាការ ព្រោះខាងអយ្យការបញ្ជូនទៅអស់ហើយ»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ឲ្យដឹងថា រហូតដល់ខែកក្កដា ឆ្នាំ២០០៩ នៅស្ទើរគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា តុលាការបានឃុំជនជាប់ចោទហួសច្បាប់កំណត់រាប់រយនាក់ដោយមិនបានធ្វើការកាត់ទោស។ តាមគោលការណ៍ច្បាប់ ជនជាប់ចោទដែលត្រូវឃុំលើសកំណត់ដោយគ្មានការកាត់ទោសនឹងត្រូវបានជាប្រយោជន៍ចំពោះជនជាប់ចោទទាក់ទិនការដោះលែងឲ្យមានសេរីភាព។
លោក ចាន់ សុវ៉េត ឲ្យដឹងថា សមាគមលោកនឹងធ្វើលិខិតសុំកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធនៃប្រព័ន្ធយុត្តិធម៌ប្រទេសកម្ពុជា ប្រយោជន៍ស្វែងរកយុត្តិធម៌ដល់ជនជាប់ចោទ។
លោកបារម្ភថា ជនជាប់ចោទក្នុងបទឧក្រិដ្ឋកម្មជាច្រើននាក់នឹងរួចផុតពីការផ្តន្ទាទោស ដោយសារការឃុំខ្លួនហួសកាលកំណត់ ប្រសិនគ្មានការទទួលខុសត្រូវរឿងនេះឲ្យច្បាស់លាស់៕
