តំណាង​អ្នក​ភូមិ​ជីក្រែង​៣​នាក់ ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​សៀមរាប

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​ធ្វើ​ការងារ​ផ្នែក​ច្បាប់ និង​ការពារ​សិទ្ធិមនុស្ស​ បាន​ឱ្យ​ដឹង​ថា ​តំណាង​អ្នក​ឃុំ​ជីក្រែង​​ស្រុក​ជីក្រែង​ជាង ១០ ​នាក់ ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ឃុំ​ក្នុង​ពន្ធនាគារ​ជា​បន្តបន្ទាប់ ខ្លះ​រយៈ​ពេល ២ ឆ្នាំ និង​ខ្លះ​ជាង ១ ឆ្នាំ​មក​ហើយ ក្នុង​រឿង​តវ៉ា​ទំនាស់​ដី​ស្រែ​ប្រាំង​ជាង ៩០ ហិកតារ ​នៅ​តំបន់​ទំនប់ ៧៨​ សួង​នោះ​ ត្រូវ​បាន​តុលាការ​សម្រេច​បញ្ចប់​ក្ដី​ទាក់ទិន​នឹង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាំងឡាយ​អស់​ហើយ។

ប៉ុន្តែ ក្ដី​កង្វល់​របស់​សង្គម​ស៊ី​វិល​យល់​ថា អ្វី​ដែល​ជា​ការ​នៅ​តែ​ជំពាក់​ចុងក្រោយ ​ក្នុង​រឿ​ង​ទំនាស់​ដី​ធ្លី​រវាង​អ្នក​ឃុំ​ជី​ក្រែង និង​អ្នក​ឃុំ​អន្លង់​សំណ​នោះ​ គឺ​អ្នក​ឃុំ​ជីក្រែង​ជា​ច្រើន​​​នៅ​មិនទាន់​បាន​ទទួល​ដី​ថ្មី​ ដើម្បី​យក​ទៅ​បង្ក​បង្កើន​ផល​នៅ​ឡើយ​ទេ​ រហូត​មក​ដល់​ពេល​នេះ។

តំណាង​អ្នក​ឃុំ​ជីក្រែង​ស្រុក​ជី​ក្រែង​ចំនួន ៣ នាក់​ចុង​ក្រោយ ដែល​ត្រូវ​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ កាល​ពីព្រឹកថ្ងៃទី២៦​ខែ​កក្កដា​ បន្ទាប់​ពី​អ្នក​តំណាង ៩ នាក់​ផ្សេង​ទៀត​ ដែល​ទាក់ទិន​នឹង​ការ​តវ៉ា​ទំនាស់​ដី​ស្រែ​ប្រាំ​ង​​ដ៏​ក្ដៅ​គគុក​ជាមួយ​អ្នក​ឃុំ​អន្លង់​សំណ​ ត្រូវ​បាន​តុលាការ​សម្រេច​ដោះលែង​រួច​ហើយ​​កាល​ពី​ជាង ​៤ ខែ​មុន​មក​នោះ។

តំណាង​អ្នក​ឃុំ​ជីក្រែង​ ៣ នាក់​ចុងក្រោយ​ ដែល​បាន​ដោះលែង​ពី​ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​វិញ​នោះ​ គឺ​លោក គ្លិន អៀង​ លោក ស៊ឹម លាភ និង​លោក ចាន់ លាភ។

តំណាង​អ្នក​ភូមិ​ជីក្រែង​ចំនួន ៣ នាក់ ដែល​ទើប​តែ​ចេញ​ពី​ពន្ធនាគារ​ចុង​ក្រោយ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​សេរីភាព និង​វិល​ទៅ​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គេ​វិញ​នោះ គេ​នឹង​មិន​បោះបង់​ចោល​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ដី​ធ្លី​សម្រាប់​ពួក​គេ​នោះ​ទេ។

លោក​ គ្លិន​ អៀង​ គឺ​ជា​តំណាង​ម្នាក់​ក្នុង​ចំណោម ៣ នាក់ មា​ន​ប្រសាសន៍​ថា សុខភាព​របស់​លោក​បាន​ចុះ​ខ្សោយ​ នៅ​ពេល​ដែល​រូប​លោក​បាន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​មួយ​រយៈ​មក។ លោក គ្លិន អៀង មាន​ប្រសាសន៍​ទៀត​ថា លោក​មាន​អារម្មណ៍​តូច​ចិត្ត​នឹង​វាសនា​ខ្លួន​ឯង ដែល​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​គ្មាន​កំហុស​អ្វី​ទាល់​តែ​សោះ។

លោក​ គ្លិន​ អៀង ៖ «ទាមទារ​យក​ដី​ខ្ញុំ​វិញ។ បាទ ជីវភាព​អស់​ដី​រលីង។ ខ្ញុំ​មាន​គម្រោង​ស្នើ​ឱ្យ​ផ្ដល់​ដី​ឱ្យ​ខ្ញុំ​ឱ្យ​បាន​ដូច​ដើម​វិញ»។

អ្នក​ស្រី មាន ហួន ដែល​ជា​ភរិយា​របស់​លោក គ្លិន អៀង មាន​ប្រសាសន៍​ថា អ្នកស្រី​មាន​អារម្មណ៍​សប្បាយ​រីករាយ នៅ​ពេល​ដែល​ប្ដី​របស់​អ្នកស្រី​ត្រូវ​គេ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​នេះ។ ក៏​ប៉ុន្តែ​​​អ្នកស្រី​នៅ​តែ​ព្រួយបារម្ភ​រឿង​គ្មាន​ដី​ធ្លី​សម្រាប់​ធ្វើ​កសិកម្ម​ បន្ទាប់​ពី​ដី​ស្រែ​ដែល​ធ្លាប់​ធ្វើ​ពី​មុន​បាន​បាត់បង់​ នៅ​ពេល​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ឃុំ​អន្លង់​សំណ ដែល​នៅ​ជិត​គ្នា​នោះ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​យល់​ថា តុលាការ ដែល​សម្រេច​ដោះលែង​តំណាង​អ្នក​តវ៉ា​ទំនាស់​ដី​ធ្លី​នៅ​ឃុំ​ជីក្រែង ចេញ​ពី​ពន្ធនាគារ​ខេត្ត​សៀមរាប​នោះ គឺ​ជា​ការ​បញ្ចប់​នូវ​ការ​ចោទ​ប្រកាន់ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ព្រហ្មទណ្ឌ​នានា រវាង​អ្នក​ជីក្រែង និង​ឃុំ​អន្លង់​សំណ ដើម្បី​ជា​ការ​ផ្សះផ្សា​ឈាន​ទៅ​រក​ភាព​ជា​នា​នឹង​គ្នា​រវាង​អ្នក​ឃុំ​ទាំង​ពីរ​ឡើង​វិញ។

លោក​ អំ សំអាត អ្នក​គ្រប់គ្រង​បច្ចេកទេស​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​ លីកាដូ (LICADHO) មាន​ប្រសាសន៍​ថា តំណាង​អ្នក​ឃុំ​ជីក្រែង​ចំនួន ១២ នាក់ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពាក់ព័ន្ធ និង​បទ​ព្រហ្មទណ្ឌ​ចំនួន ៩ ករណី នៅ​ក្នុង​រឿង​តវ៉ា​ទំនាស់​ដី​ស្រែ​ប្រាំង​ជាង ៩០ ហិកតារ នៅ​ទំនប់ ៧៨ សួង ជាមួយ​អ្នក​ឃុំ​អន្លង់​សំណ ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០០៩ មក។

លោក អំ សំអាត មាន​ប្រសាសន៍​ទៀត​ថា លោក​សូម​ស្វាគមន៍​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​បាន​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​សៀមរាប ដែល​លើកលែង​ការ​ចោទ​ប្រកាន់​មក​លើ​តំណាង​អ្នក​ជីក្រែង ៥ នាក់​ចុង​ក្រោយ ពី​បទ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នោះ។ លោក​យល់​ថា នេះ​គឺ​ជា​បញ្ចប់​ករណី​ព្រហ្មទណ្ឌ​ចុង​ក្រោយ​មក​លើ​តំណាង​អ្នក​ឃុំ​ជីក្រែង​ដែរ។ ក៏​ប៉ុន្តែ ករណី​ដី​ធ្លី​នៅ​តែ​ជា​កង្វល់​នៅ​ឡើយ។

លោក អំ សំអាត ៖ «ខ្ញុំ​គិត​ថា ពួក​គាត់​បាន​រួច​ទាំង​អស់​ក៏​ដោយ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ចម្រូងចម្រាស​រឿង​ដី​ធ្លី​ជា​បន្ត​ទៅ​ទៀត ដែល​នាំ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ ជំហាន​ដែល​ល្អ ខ្ញុំ​គិត​ថា​ងាក​ទៅ​រក​បញ្ហា​នៃ​ការ​ដោះស្រាយ​វិវាទ​ដី​ធ្លី ដែល​កន្លង​មក​យើង​ឃើញ​ថា មាន​ការ​ព្រមព្រៀង​ថា បញ្ហា​ដី​ធ្លី​នេះ​យើង​នឹង​ដោះ​នៅ​ពេល​ក្រោយ»។

កាល​ពី​អំឡុង​ខែ​មិនា ឆ្នាំ​២០០៩ កន្លង​ទៅ ទំនាស់​ដី​ស្រែ​ប្រាំង​ជាង ៩០ ហិកតារ​រវាង​អ្នក​ឃុំ​ជី​ក្រែង​ជាមួយ​​អ្នក​ឃុំ​អន្លង់​សំណ បាន​កើត​ឡើង​យ៉ាង​ខ្លាំងក្លា​រហូត​ដល់​មាន​ការ​ចាប់​តំណាង​អ្នក​ឃុំ​ជីក្រែង​ខ្លះ​ដាក់​ពន្ធនាគារ​ជា​លើក​ដំបូង បណ្ដាល​ឱ្យ​អ្នក​ឃុំ​ជី​ក្រែង​រាប់​រយ​នាក់​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​សៀមរាប​ផង។

លោក គិត ទូច មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​គម្រោង​ច្បាប់​ដី​ធ្លី និង​ធនធាន​ធម្មជាតិ​របស់​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) មាន​ប្រសាសន៍​ថា ភាព​ពិត​នៃ​ការ​ដោះលែង​តំណាង​អ្នក​ឃុំ​ជី​ក្រែង​ទាំង​អស់ គឺ​មាន​ន័យ​ថា ជា​ការ​បញ្ចប់​ទោស​ព្រហ្មទណ្ឌ​ទៅ​លើ​អ្នក​ទាំង​នោះ​ទៅ​តាម​គោលការណ៍​ច្បាប់ ដែល​ជា​កិច្ច​ផ្សះផ្សា​ទំនាស់​រវាង​អ្នក​ឃុំ​ជី​ក្រែង និង​អ្នក​ឃុំ​អន្លង់​សំណ​ឱ្យ​អាច​រស់​នៅ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ល្អ​ឡើង​វិញ។

លោក គិត ទូច ៖ «ប្រជាជន​ឃើញ​ថា ស្ថានភាព​ទូទៅ គូ​ភាគី​តំបន់​ទំនាស់​ហ្នឹង​មាន​ការ​ចុះ​សម្រុង​គ្នា​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក្នុង​ជីវភាព​ធម្មតា។ ប៉ុន្តែ ស្ថានភាព​ចុង​ក្រោយ​នៅ​ត្រង់​ថា កង្វល់​អំពី​ការ​ខ្វះ​ដី​បង្កបង្កើន​ផល​ចិញ្ចឹម​ជីវភាព​ក្នុង​រដូវ​វស្សា និង​រដូវ​ប្រាំង​ខាង​មុខ​នេះ ត្រូវ​តែ​អ្វី​ដែល​ជា​ការ​ជំពាក់​ចុង​ក្រោយ​គេ​នៃ​កិច្ចការ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​អ្វី​ដែល​អង្គការ​ដៃ​គូ​បាន​សន្មត​ថា នឹង​ធ្វើ​ការ​ឱ្យ​ល្អ​ប្រសើរ​នៅ​ក្នុង​រឿង​នេះ»។

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​អះអាង​ថា​គេ​កំពុង​ប្រឹងប្រែង​ក្នុង​ការ​ស្វែង​រក​ដី​ធ្លី​ថ្មី​សម្រាប់​ចែក​ជូន​អ្នក​ឃុំ​ជីក្រែង​ប្រកប​របរ​កសិកម្ម ដើម្បី​ឈាន​ទៅ​រក​ការ​រំលត់​ទំនាស់​រវាង​អ្នក​ឃុំ​ជី​ក្រែង និង​អ្នក​ឃុំ​អន្លង់​សំណ​ទាំង​នោះ។

លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា ការ​សម្រេច​ដោះលែង​តំណាង​អ្នក​ឃុំ​ជី​ក្រែង​ទាំង​អស់ ចេញ​ពី​ពន្ធនាគារ​តាម​រយៈ​តុលាការ គឺ​ជា​កិច្ច​ខិតខំ​សម្របសម្រួល ដើម្បី​ឱ្យ​អ្នក​ឃុំ​ទាំង​ពី​នោះ បាន​រស់​នៅ​សុខដុមរមនា និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។

លោក ស៊ូ ភិរិន្ទ ៖ «ជា​ទិសដៅ​យើង​មើល​ដី​មួយ​ចំនួន ដើម្បី​ជា​ដី​សម្បទាន​សង្គមកិច្ច។យើង​មាន​គោលការណ៍​បន្ត​បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​ពេល​ខាង​មុខ ព្រោះ​កន្លែង​ខ្លះ គឺ​ពិនិត្យ​ឡើង​វិញ គួរ​ពិនិត្យ​យ៉ាងម៉េច​ជាមួយ​ប្រជា​ពលរដ្ឋ តាម​ជាក់​ស្ដែង​របស់​រាជ​រដ្ឋាភិបាល​យើង​ជា​បន្ត​បន្ទាប់​ខាង​មុខ​ទៅ​ណា»។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិនា​ឆ្នាំ​២០០៩ កន្លង​ទៅ ក្រុម​អ្នក​ឃុំ​ជី​ក្រែង​រាប់​រយ​នាក់ បាន​លើក​គ្នា​តវ៉ា​យ៉ាង​ខ្លាំងក្លា នៅ​វាលស្រែ​នៃ​តំបន់​ទំនាស់ បណ្ដាល​ឱ្យ​សមត្ថកិច្ច​ចម្រុះ​បាញ់​រះ​ដោយ​អាវុធ បង្ក្រាប​ទៅ​លើ​ការ​តវ៉ា​របស់​ភូមិ​ទាំង​នោះ​ធ្វើ​ឱ្យ​អ្នកភូមិ ៤ នាក់​រង​របួស។

នៅ​ក្នុង​ហេតុការណ៍​បាញ់រះ​នោះ​ តំណាង​អ្នក​ឃុំ​ជី​ក្រែង​ចំនួន​៩នាក់ត្រូវចាប់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​សៀមរាប និង​ជា​ច្រើន​ខែ​ក្រោយមក​​តំណាង​អ្នក​ឃុំ​ជីក្រែង៣នាក់ផ្សេងទៀតត្រូវ​ចាប់​ខ្លួន​ជាបន្តបន្ទាប់។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ បាន​ឱ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​តំណាង​អ្នក​ឃុំ​ជី​ក្រែង​ទាំង​អស់​ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ហើយ។ ចំណែក​ឯ​បញ្ហា​រក​ដី​ធ្លី​ថ្មី​សម្រាប់​ចែក​ជូន​អ្នក​ឃុំ​ជីក្រែង​ទាំង​នោះ​ អាជ្ញាធរ​ក៏​កំពុង​ស្វែង​រក​ដំណោះស្រាយ ក៏​ប៉ុន្តែ ចំពោះ​អ្នក​ដៃ​ដល់​ក្នុង​ការ​បាញ់​រះ​មក​លើ​ក្រុម​អ្នក​ភូមិ​បណ្តាល​ឱ្យ​រង​របួស គេ​ហាក់​ដូច​ជា​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​យ៉ាង​ណា​នៅ​ឡើយ​ទេ៕